ជាតិ
ផ្សោតឃ្លាចពណ៌ផ្កាឈូកប្រហែល២០ក្បាលត្រូវបានប្រទះឃើញនៅដែនសមុទ្រកម្ពុជា
22, Dec 2023 , 5:29 pm        
រូបភាព
ភ្នំពេញ៖ ផ្សោតឃ្លាចពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល បន្ថែមទៀត ត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញនៅក្នុងសមុទ្រកម្ពុជា ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំង​រពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីពេលថ្មីៗនេះ។

 
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានបញ្ជាក់ប្រាប់​សារព័ត៌មានឌីជីថលថ្មីៗ នៅល្ងាចថ្ងៃទី២២ ខែធ្នូនេះថា នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ខណ្ឌ​រដ្ឋបាលជលផលកំពត សហការជាមួយនឹងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC)បានចុះស្រាវជ្រាវនូវ​ប្រភេទថនិកសត្វសមុទ្រ។ ក្នុងបេសកកម្មនោះ ក៏បានប្រទះឃើញហ្វូងផ្សោតឃ្លាចពណ៌​ផ្កាឈូក ប្រមាណពី១៥ ទៅ២០ក្បាល កំពុងហែលទឹក និងក្បាលងើបឡើង នៅក្នុងសមុទ្រ​កម្ពុជា។
 
ផ្សោតឃ្លាចពណ៌ផ្កាឈូកទាំងអស់នេះ មានខ្លះទើបតែកើតថ្មី និងខ្លះទៀត អាចបំលាស់ទីពី​តំបន់ផ្សេង។ នេះជាការបញ្ជាក់របស់ លោក ចាន់ រិទ្ធី ដោយបន្ថែមថា ក្រុមការងារជលផល និង អង្គការអភិរក្សសមុទ្រកម្ពុជា កំពុងស្រាវជ្រាវ និងសិក្សាកំណត់អត្តសញ្ញាណបន្ត​ទៀត​។
  


ដោយឡែក ផែនការបន្តក្នុងឆ្នាំ ២០២៤ ក្រុមការងារអភិរក្ស គ្រោងប្រើប្រាស់ឧបករណ៍​ចាប់សំឡេង ហ្វូងត្រីផ្សោត ដើម្បីកំណត់អត្តសញ្ញាណ និងចំនួនឲ្យបានច្បាស់លាស់។ 
 
បច្ចុប្បន្ន តំបន់សមុទ្រក្នុងភូមិសាស្រ្តខេត្តកំពត មានផ្សោតឃ្លាចពណ៌ផ្កាឈូក ប្រមាណ៤០​ទៅ៤៦ក្បាល។ ចំណែក ប្រភេទផ្សោតក្បាលត្រឡោកមានប្រមាណ៣០ទៅ៤០ក្បាល។ 
 
ផ្សោតពណ៌ផ្កាឈូក​ ​និងផ្សោតក្បាលត្រឡោកគឺជាប្រភេទសត្វដែលត្រូវបានរកឃើញ​នៅក្នុងសមុទ្រ ​និងទន្លេនៅកម្ពុជា។ប្រភេទសត្វទាំងពីរនេះ មកពីគ្រួសារតែមួយនៃ ​ថនិក​សត្វ​សមុទ្រ (Cetaceans) ប៉ុន្តែអាកប្បកិរិយារបស់ពួកគេគឺមានភាពខុសគ្នាខ្លាំងណាស់។ តាមការអង្កេត ផ្សោតក្បាលត្រឡោកមានភាពអៀនខ្មាស់ ហើយស្ទើរតែមិនឃើញលោត​ផុតពីផ្ទៃទឹក​ រីឯផ្សោតពណ៌ផ្កាឈូកវិញមានភាពសកម្មជាង។ ផ្សោត​ពណ៌​ផ្កាឈូក​ ជា​ប្រភេទ​មាន​ដោយ​កម្រនិង​បាន​ចុះបញ្ជី​ក្រហម IUCN៕ 



Tag:
 ផ្សោតឃ្លាច
  Pink Dolphin
  ខណ្ឌរដ្ឋបាលជលផលកំពត
  ចាន់ រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com