RFI
អន្តរជាតិ
កូរ៉េខាង​ជើង​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិន​បើ​សត្រូ​វ​​ប្រើអាវុធនុយក្លេអ៊ែរ «បង្ក​រឿង» មុន
24, Dec 2023 , 9:00 am        
រូបភាព
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងទឹកមុខសើចសប្បាយ ក្រោយឃើញការបាញ់បង្ហោះ មីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong 18 បានសម្រេចជោគជ័យ ។ AP
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងទឹកមុខសើចសប្បាយ ក្រោយឃើញការបាញ់បង្ហោះ មីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong 18 បានសម្រេចជោគជ័យ ។ AP
ដោយ៖ ម៉ម ពិសី
 
ការគំរាមកំញើញពីសំណាក់ របបផ្តាច់ការ​​​កូរ៉េខាងជើង ហាក់​បានស្ទុះឡើងវិញ​ខ្លាំង នៅសប្តាហ៍​នេះ ស្របពេលដែល​នាវាមុជទឹក​បាតសមុទ្រ​មួយគ្រឿងរបស់អាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន របស់កូរ៉េខាងត្បូង​​។ បន្ទាប់ពី​បាញ់មីស៊ីលអន្តរទ្វីប ដ៏មានកម្លាំងខ្លាំងបំផុត​របស់ខ្លួន​ កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានគំរាមនៅថ្ងៃព្រហស្បតិ៍​នេះថា ខ្លួន​នឹងប្រើ​ប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បី​ឆ្លើយតបចំពោះ “សកម្មភាពបង្ករឿង” ដែលសត្រូវបាន​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ​។

យោងតាមការផ្សាយ​របស់​បណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ទី​២១ធ្នូ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន បាន​ចេញបញ្ជា ប្រាប់ទៅការិយាល័យ​កម្លាំងសព្វាវុធយុទ្ធសាស្ត្រា នៃ​​កងទ័ពកូរ៉េខាងជើង ថាមិនត្រូវរារែកឡើយ ក្នុងការ​​ប្រើប្រាស់​គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឆ្លើយតបចំពោះសត្រូវ ប្រសិនបើសត្រូវបានធ្វើ “សកម្មភាព​រងរឿង” ដោយ​ប្រើសព្វាវុធនុយក្លេអ៊ែរដែរ។
 
ភ្លាមៗក្រោយ​ការគំរាមនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បានចេញលិខិតប្រកាសរួមគ្នា ដោយ​បានហៅឲ្យ​កូរ៉េខាងជើង ត្រូវតែ​ឈប់​ជាបន្ទាប់ នូវសកម្មភាព​គំរាមកំញើញបង្កបញ្ហា ហើយត្រូវងាកមកចូលតុចរចា និយាយគ្នា​វិញ ដោយ​គ្មានកំណត់​លក្ខខណ្ឌអ្វី​ជាបឋមទេ។
 
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍​កន្លងទៅ នៅក្នុង​ការប្រជុំ​ រវាងមន្ត្រី​ជាន់ខ្ពស់​តំណាង​សម្ព័ន្ធមិត្តទាំង៣បាន សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ជំហរថា អាមេរិក​សន្យា​ថានឹងប្រើប្រាស់គ្រឿងសព្វាវុធយុទ្ធសាស្ត្រ​ ដោយ​រាប់​ទាំងអាវុធនុយក្លេអ៊ែរផង ដើម្បី​​ប្រាប់​ឲ្យ​កូរ៉េខាងជើងខ្លាចរអា។ វ៉ាស៊ីនតោន បាន​អះអាងថា ប្រសិន​បើកូរ៉េខាងជើងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មក​លើសហរដ្ឋអាមេរិក ឬមកលើប្រទេស​សម្ព័ន្ធមិត្តរបស់អាមេរិក នោះមានន័យថា របបផ្តាច់ការ​កូរ៉េខាងជើង នឹងត្រូវតែដួលរំលំចប់ជាស្ថាពរ។ កាលពីសប្តាហ៍​កន្លងទៅដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង  បាននិយាយគំរាមខ្លាំងៗមិនធ្លាប់​មាន ថាប្រសិនបើកូរ៉េខាងជើង​ ហ៊ានតែធ្វើរឿងដោយ​គ្មានការពិចារណាប្រុងប្រយ័ត្ន នោះ​កូរ៉េខាងជើងនឹងរងការកម្ទេច​ខ្លាយ​ជាផេះ។
 
សូមបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ​ចុងសប្តាហ៍​កន្លងទៅ នាវាមុជទឹកបាតសមុទ្រមួយគ្រឿងរបស់​អាមេរិក ឈ្មោះ USS Missouri បានទៅចូលចតនៅកំពង់ផែក្រុងប៊ូសាន។ ដោយ​ចាត់ទុកថានេះជាសកម្មភាព​រករឿង កូរ៉េខាងជើង បាន​បាញ់សាក​​មីស៊ីលបាលីស្ទីក​អន្តរទ្វីប Hwasong-18 មួយគ្រាប់ កាលពីថ្ងៃចន្ទ​​។ 
 
យោងតាមក្រុមអ្នកជំនាញ មីស៊ីល Hwasong-18 ជាមីស៊ីល​​មាន​កម្លាំងខ្លាំងបំផុត​ របស់​កូរ៉េខាងជើង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ និងអាចហោះទៅដល់​ គ្រប់កន្លែងទាំងអស់នៃទឹកដីសហរដ្ឋអាមេរិក​។
១ថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលគំរាមរបស់កូរ៉េខាងជើងនេះ អាមេរិក​ ជប៉ុន និងកូរ៉េខាងត្បូង បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ នូវ​ប្រព័ន្ធចែករំលែកព័ត៌មានគ្នាភ្លាមៗ ស្តីពីសកម្មភាព​បាញ់​បង្ហោះគ្រឿងសព្វាវុធ របស់​កូរ៉េខាងជើង។ ហើយ​កាលពីថ្ងៃពុធ កងទ័ពសម្ព័ន្ធមិត្តទាំង៣ បានធ្វើសមយុទ្ធយោធារួមគ្នា ដោយ​មានទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់របស់អាមេរិក​ថែមទៀត។
 
គួរកត់សំគាល់ថា សំណុំរឿងកូរ៉េខាងជើង ហាក់​បានកក្រើកឡើងវិញ គួរឲ្យ​ព្រួយបារម្ភ បន្ទាប់ពីភាគីទាំងសងខាងគំរាមគ្នា​ខ្លាំងឡើងៗ។ លោក Yang Moon-Jin សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ សិក្សាកូរ៉េខាងជើង នៅក្រុងសេអ៊ូល បាន​លើកឡើងថា ស្ថានការណ៍​បច្ចុប្បន្ននេះធ្ងន់ធ្ងរខ្លាំងណាស់ ព្រោះភាគីជម្លោះ ប្រើពាក្យសំដីគម្រាម​គ្នា​ខ្លាំងឡើងៗ ថានឹងវាយកំទេចគ្នា ដើម្បីបង្ការ ឬកំញើញ។
 
នៅថ្ងៃព្រហស្បតិ៍ទិ​២១ធ្នូដែរ ប្អូនស្រីគីម ជុងអ៊ុន ឈ្មោះគីម យូជុង បាន​ចេញសារមួយទៀត ថ្កោលទោសក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ដែល​ប្រជុំគ្នា​និយាយរឿងកូរ៉េខាងជើង។ គីម យូជុង បាន​លើកឡើងថាសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ មានសិទ្ធិស្របច្បាប់​ការពារខ្លួន​ ព្រោះថា គឺ​សហរដ្ឋអាមេរិកទេ ដែល​ជាអ្នកនាំរឿងមុន តាមរយៈការបញ្ចេញ​គ្រឿងសព្វាវុធនុយក្លេអ៊ែរគំរាម៕

Tag:
 អន្តរជាតិ RFI
© រក្សាសិទ្ធិដោយ thmeythmey.com