ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋខ្មែរ អាចចាយប្រាក់រៀលនៅចិនបានតាមការ​ស្កេនឃ្យូអរកូត UnionPay ពីឆ្នាំ២០២៤​តទៅ
23, Dec 2023 , 9:00 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ពីដើមឆ្នាំ២០២៤តទៅ ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តនានា ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមានបណ្តាញទូទាត់ UnionPay។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា ក៏ប៉ុន្តែ ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មនេះ អាចធ្វើបានលុះត្រាតែ ពលរដ្ឋមានគណនីជាប្រាក់រៀលដែលធ្វើឡើងតាមរយៈការស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI ដោយមិនមែនជាទូទាត់ជាក្រដាសប្រាក់ឡើយ ។

ធនាគារជាតិនៃកម្ពុជា​ និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI  នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បើតាម​លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។ 
 
លោកស្រីបានបន្តរៀបរាប់ថា តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជាជាប្រាក់រៀលបាន។ ដូចគ្នាដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗដែលមានបណ្តាញទូទាត់ UnionPay ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
 
«ដើម្បីទទួលអត្ថប្រយោជន៏នៃកិច្ចសហការនេះ ទេសចរកម្ពុជាទៅប្រទេសចិន ត្រូវមានប្រាក់រៀលក្នុងគណនីទើបអាចចាយតាម QR របស់ UnionPay បាន។ អ្នកលក់នៅកម្ពុជា ក៏ត្រូវបើកគណនីជាប្រាក់រៀល និងទទួលការទូទាត់ជាប្រាក់រៀល ទើបទេសចរចិនអាចបង់លុយតាម KHQR បាន»។ លោកស្រី ជា សិរី បញ្ជាក់បែបនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ 
 
 
​ក្រៅពីប្រតិបត្តិទូទាត់សងប្រាក់ឆ្លងដែនតាមQR Code ជាមួយ UnionPay ហើយនោះ បច្ចុប្បន្ន​ កម្ពុជាក៏មានកិច្ចសហការលើការទូទាត់នេះជាមួយប្រទេសក្នុងតំបន់ និងបណ្តានានា រួមទាំងក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ ដូចជា៖ ជាមួយប្រទេសថៃ ឡាវ វៀតណាម ជប៉ុន និងជាមួយក្រុមហ៊ុនAlipay របស់ចិន ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ផងដែរ។​
 
ធនាគារជាតិ ប្រឹងប្រែងធ្វើបែបនេះ ក្នុងគោលដៅជំរុញការប្រើប្រាស់រៀល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម និងលំហូរទេសចរ ជាដើម ផងដែរ។​ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចនាពេលនេះបានឆ្លុះបញ្ចាំងពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយដៃគូ៕ 

Tag:
 ហិរញ្ញវត្ថុ
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com