ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋខ្មែរ នឹងអាចចាយ«ប្រាក់រៀល»នៅប្រទេសចិនបានតាមរយៈ QR Code
11, Jul 2023 , 2:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលរង​ ថ្លែងមកកាន់មកអ្នកសារព័ត៌មាន ក្រោយចប់ពិធី​ចុះហត្ថលេខាលើអនុ​ស្សរណៈ​យោគ​យល់​​គ្នា​ស្តីពី «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code» ជាមួយ UnionPay International នៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី​១០កក្កដា។​​​
លោកស្រី ជា សិរី ទេសាភិបាលរង​ ថ្លែងមកកាន់មកអ្នកសារព័ត៌មាន ក្រោយចប់ពិធី​ចុះហត្ថលេខាលើអនុ​ស្សរណៈ​យោគ​យល់​​គ្នា​ស្តីពី «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code» ជាមួយ UnionPay International នៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី​១០កក្កដា។​​​
ពលរដ្ឋដែលមានគណនីធនាគារជា«លុយរៀល​» នឹងចាយ ឬ ទូទាត់ទំនិញនិងសេវានានា នៅប្រទេសចិនបាន ដោយភាពងាយស្រួល តាមរយៈការស្កេនប្រព័ន្ធQR Code។ បើតាមលោកស្រី  ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC) ប្រតិបត្តិការ​នេះ អាចអនុវត្តបាននៅចុងឆ្នាំ​២០២៣។

 
ធនា​គារ​ជាតិ​នៃ​កម្ពុជា សម្រេចបាននូវកិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code ជាមួយ​​ក្រុមហ៊ុ​ន​ UnionPay International ​ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ័នរ​បស់​ចិន​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេសទាំងពីរ។  ក្រោយចប់ពិធីចុះហត្ថលេខាកិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម​QR-Code រវាងកម្ពុជា-ចិននេះ​ នាថ្ងៃទី១០កក្កដា លោកស្រី ជា សិរី បានថ្លែងមកកាន់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពលរដ្ឋ​ដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជា ប្រាក់រៀល អាចស្កេន QR Code នៅប្រទេសចិន ដើម្បីទូទាត់លើថ្លៃទំនិញ​និងសេវាបានយ៉ាងនិងងាយស្រួល។ 
 
«​កាល​ណា ​យើង​បាន​ចុះ​កិច្ច​សហ​ប្រតិ​បត្តិការ​នេះ​ហើយ​ នៅពេលដែល​យើង​រៀបចំ​ការត​ភ្ជាប់​នេះបាន យើង​នឹង​ឃើញ​ថា ពល​រដ្ឋ​យើង​ទៅ​ចិន ​អាច​ស្កេ​ន​ទូទាត់​តាម​QR code នៅ​ចិន​បាន។ ពលរដ្ឋខ្មែរអាចស្កេនបានទាំង​QR របស់ UnionPay, Alipay​និង Wechat ផងដែរ»​។ ដូច្នេះ! ប្រជា​ជន​ខ្មែរ​យើង​ជាង​១០​លាន​នាក់ ​ដែល​មាន​E-Wallet [កាបូបលុយអេឡិចត្រូនិក] គឺ​អាច​ទូទាត់​​នៅ​ស្រុក​ចិនតាម​ប្រព័ន្ធ​នេះ​បាន​ដោយ​ងាយ​ស្រួល​»​។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី។​
 
សម្រាប់ពលរដ្ឋ​ចិន​ដែល​មក​កម្ពុជា​ក៏អាច​ទូទាត់​ពីកាបូបលុយអេឡិចត្រូនិករបស់ខ្លួន លើការចំណាយផ្សេងៗ តាមរយៈការស្កេននូវប្រព័ន្ធKH QR បាន ផងដែរ។  នេះជាចំណុចល្អ​ជាង​អ្វី​ដែលមា​ន​នាពេល​បច្ចុប្បន្ន ​ព្រោះថាទេសចរ​ចិន​ដែល​មក​កម្ពុជា​សព្វថ្ងៃ​ អាច​ស្កេ​ន​បាន​តែ​ហាង​ទំនិញ​ណា​ដែល​មាន​ភ្ជាប់​ជា​មួយ ​UnionPay, Alipay​និង Wechat តែ​ប៉ុណ្ណោះ​។
 
បើតាមទេសាភិបាលរងធនាគារជាតិ កិច្ចសហប្រតិបត្តិការជាមួយ UnionPay នេះ នឹងជួយសម្រួលការទូទាត់របស់ពលរដ្ឋរវាងប្រទេសចិន និងកម្ពុជា​ ឱ្យកាន់តែប្រសើរ​ និងមិនខាតបង់នូវអត្រាប្តូរប្រាក់។ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការ​នេះ​ ក៏ដូចជាកិច្ចសហប្រតិបត្តិនានាផ្សេងទៀត ដែលធនាគារជាតិបានធ្វើកន្លងមកជាមួយប្រទេសជិតខាង គឺការជំរុញការប្រើប្រាស់ប្រាក់រៀល។ 
 
លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «ទាល់តែពលរដ្ឋកម្ពុជាទៅស្រុកគេមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធKHQR Code នៅចិន ឬនៅថៃបាន ហើយដល់ពេលគេមកខ្មែរវិញ អាជីវករយើង​ គឺត្រូវតែមាន QR Code ជាលុយរៀល​ ដើម្បីឱ្យចិនទូទាត់ពីលុយយ័នមកជាលុយរៀល។  អ៊ីចឹង!​ ខាងចិន គឺគេជំរុញការប្រើប្រាស់លុយយ័ននៅស្រុកគេ ហើយខាងខ្មែរយើងក៏ជំរុញការប្រើប្រាស់លុយរៀលនៅក្នុងស្រុកយើង ផងដែរ»។​
 
លោក​ស្រី ​ជា សិរី រំពឹង​ថា បន្ទាប់ពីកិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះជោគ​ជ័យ ​គឺអាចជួយ​បានមួយ​ផ្នែក​ទៀត​ទៅ​លើ​វិស័យ​ទេស​ចរណ៍​របស់​កម្ពុជា ព្រោះ​នៅ​ពេល​​ទេសចរ​ចិន​មកកម្ពុជា ​នឹង​ងាយ​ស្រួល​ចាយវា​យ​ទូទាត់ ដែល​វា​ក៏​អាច​ទាក់​ទាញ​ទេសចរ​មក​បន្ថែម​ទៀតដែរ​។ 
 
បច្ចុប្ប​ន្ន ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កា​រទូទាត់ឆ្លងដែន តាម​ប្រព័ន្ធ​QR-Code ​ជា​មួយថៃ និង​វៀត​ណាម​ ខណៈ​ចិន​ ឥណ្ឌា​និង​ឡាវ ធនា​គារ​ជាតិ​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​ទូទាត់​នៅ​ឡើយ។ សម្រាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចិន លោកស្រី ជា សិរី សង្ឃឹមនឹងអាចប្រតិបត្តិការបាន នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤៕ 
 

Tag:
 បាគង
 ​​ KHQR Code
  ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com