អន្តរជាតិ
គ្រោះ​រញ្ជួយដី​នៅ​ចិន​ដែល​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១៤៨ នាក់​ស្លាប់ ធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​រាប់​សិប​លាន​ដុល្លារ
25, Dec 2023 , 9:59 pm        
រូបភាព
ទាហានចិនប្រមូលកំទេចកំទីបន្ទាប់ពីគ្រោះរញ្ជួយដីនៅភូមិ Chenjia នៃទីក្រុងDahejia
ទាហានចិនប្រមូលកំទេចកំទីបន្ទាប់ពីគ្រោះរញ្ជួយដីនៅភូមិ Chenjia នៃទីក្រុងDahejia
ដោយ: VOA
គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​ដែល​បាន​កើតឡើង​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​កាលពី​សប្ដាហ៍​មុន​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១៤៨ នាក់​ស្លាប់ បាន​បណ្ដាល​ឱ្យ​មាន​ការ​ខាតបង់​សេដ្ឋកិច្ច​ប្រហែល​រាប់​សិប​លាន​ដុល្លារ​នៅ​ក្នុង​ផ្នែក​កសិកម្ម​និង​នេសាទ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍។

ការ​វាយតម្លៃ​បឋម​របស់​មន្ត្រី​នៅ​ក្នុង​ខេត្ត Gansu បាន​បង្ហាញ​ថា វិស័យ​កសិកម្ម​និង​នេសាទ​នៅ​ក្នុង​ខេត្ត​នេះ​បាន​ខាតបង់​អស់​ប្រហែល ៧៤ លាន ៦ សែន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ CCTV របស់​ចិន។ អាជ្ញាធរ​បាន​ពិចារណា​អំពី​ការ​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ថវិកា​ជំនួយ​ដែល​បាន​បង្កើត​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ដើម្បី​ឱ្យ​វិស័យ​កសិកម្ម​អាច​ដំណើរការ​ផលិតកម្ម​ឡើង​វិញ​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ CCTV នេះ។
 
គ្រោះ​រញ្ជួយដី​កម្រិត ៦,២ រ៉ិចទ័រ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​នៅ​ក្នុង​តំបន់​ភ្នំ​មួយ​កន្លែង​នៅ​ចន្លោះ​ខេត្ត Gansu និង​ខេត្ត Qinghai និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១.៣០០ គីឡូម៉ែត្រ​ភាគ​និរតី​រដ្ឋធានី​ប៉េកាំង។
 
ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា មនុស្ស ១១៧ នាក់​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត Gansu និង ៣១ នាក់​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត Qinghai ដោយសារ​គ្រោះ​រញ្ជួយដី​នេះ ហើយ​មនុស្ស ៣ នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ មនុស្ស​ជិត ១.០០០ នាក់​បាន​រង​របួស ហើយ​ផ្ទះ​សម្បែង​ជាង ១៤.០០០ ខ្នង​ត្រូវ​បាន​បំផ្លាញ។
 
ទូរទស្សន៍ CGTN ដែល​ជា​បណ្ដាញ​ទូរទស្សន៍​អន្តរជាតិ​របស់​ចិន បាន​រាយការណ៍​ថា ផ្ទះ​បណ្ដោះអាសន្ន​ដំបូង​ចំនួន ៥០០ ខ្នង​ត្រូវ​បាន​សាងសង់​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ Meipo នៃ​ខេត្ត Gansu កាលពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ។
 
មនុស្ស​ជា​ច្រើន​បាន​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ដែល​បង្កើតឡើង​នៅ​ក្នុង​តំបន់​នៅ​ពេល​ដែល​ធាតុអាកាស​បាន​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សារ​សេ។ ពិធី​បុណ្យ​សព​បាន​ធ្វើ​ឡើង​ដោយ​ពិធី​ខ្លះ​ធ្វើ​តាម​បែប​សាសនា​អ៊ិស្លាម​ដែល​ជា​សាសនា​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រតិបត្តិ​តាម​នៅ​ក្នុង​តំបន់​រងគ្រោះ​នោះ។
 
ភាគ​ច្រើន​នៃ​គ្រោះ​រញ្ជួយដី​នៅ​ប្រទេស​ចិន​កើតឡើង​នៅ​ភាគ​ខាង​លិច​ប្រទេស ដែល​រួម​មាន​ទាំង​ខេត្ត Gansu ខេត្ត Qinghai ខេត្ត Sichuan និង​ខេត្ត Yunnan ក៏​ដូចជា​តំបន់ Xinjiang និង​តំបន់​ទីបេ​ផង​ដែរ។ គ្រោះ​រញ្ជួយដី​លើក​នេះ​គឺ​ជា​គ្រោះ​រញ្ជួយដី​ដ៏​ប្រល័យ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល ៩ ឆ្នាំ​កន្លង​មក​នេះ៕
 
ប្រែសម្រួល​ដោយ​លោក ភី សុភាដា
 

© រក្សាសិទ្ធិដោយ thmeythmey.com