កីឡាជាតិ
ជាតិ
វ័យ៤៣ឆ្នាំ អូត ភូថង​ វិលត្រឡប់មកសង្វៀនគុនខ្មែរវិញ ជាមួយការតាំងចិត្តខ្ពស់
26, Dec 2023 , 2:17 pm        
រូបភាព
អូត ភូថង បង្គោលក្រហម រូបពី លី ហួរ ពិធីករប្រដាល់
អូត ភូថង បង្គោលក្រហម រូបពី លី ហួរ ពិធីករប្រដាល់
លោក អូត ភូថង អ្នកប្រដាល់រហ័ស្សនាម ហនុមានក្រញ៉ាមដែកហែកគិរី បានត្រឡប់សង្វៀនវិញ ក្រោយអវត្តមានលើសង្វៀនគុនខ្មែរ ជាង ១០ឆ្នាំ។ អូត ភូថង បានឆ្លងកាត់ប្រកួត ២លើកហើយ នៅឆ្នាំ២០២៣នេះ។

ការបង្ហាញខ្លួនសាជាថ្មី ក្រោយអវត្តមានជាច្រើនឆ្នាំលើសង្វៀនគុនខ្មែរ ដោយគិតតាំងពីឆ្នាំ២០១០មក កីឡាករ អូត ភូថង បានយកឈ្នះលើ កីឡាករNima Sarchami មកពីអ៊ីរ៉ង លើប្រភេទទម្ងន់ ៦៨គីឡូក្រាម ដោយបានវាយកែងបែកមុខគូប្រកួត កាលពីថ្ងៃទី១៩ សីហាកន្លងទៅ។ គ្រានោះ អាជ្ញាកណ្ដាល សម្រេចបញ្ឈប់ការប្រកួតកីឡាករ Nima Sarchami នៅទឹកទី១ ។

ការប្រកួតលើកទី២ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តព្រះវិហា អូត ភូថង បានចាញ់កីឡាករឡាវ Detsayam Sor Mongkunpet ដោយពិន្ទុ លើប្រភេទទម្ងន់ ៦៧គីឡូក្រាម។
 
លោក អូត ភូថង បាននិយាយថា ការវិលត្រឡប់មកវិញនេះ គឺមានការជំរុញទឹកចិត្តពី លោក វង្ស ណយ ដែលជាកីឡាករប្រដាល់គុនខ្មែរជើងចាស់ដូចគ្នា។ ម្យ៉ាងវិញទៀត អ្នកប្រដាល់រូបនេះ យល់ឃើញថា សមត្ថភាព និងកម្លាំងកាយសម្បទាខ្លួន អាចបន្ដអាជីព ជាកីឡាករបាន២-៣ឆ្នាំទៀត ជាពិសេសការប្រកួតរបស់អ្នកជំនាន់ក្រោយ និងកីឡាករបរទេស ជារូបភាពទាក់ទាញមួយ ដែលជាហេតុធ្វើឲ្យលោក អូត ភូថង វិលត្រឡប់មកសង្វៀនវិញ។ នេះបើយោងលើការផ្សាយរបស់ 25 Sport។ 
 
«អាយុខ្ញុំ ប៉ុណ្ណោះ គឺពាក់កណ្ដាលជីវិតហួសអស់ហើយរឿងដើរលេងសប្បាយ។ ខ្ញុំ តាំងចិត្តប្រកួត ១-២ឆ្នាំទៀត កុំឲ្យពេលដែលខ្ញុំ ទៅបាត់ពីគុនខ្មែរទៅ អ្វីខ្ញុំមាន កប់ទៅ ឬសាបសូន្យជាមួយយើង។»។ លោក អូត ភូថង ថ្លែងបែបនេះ។
 
គួរបញ្ជាក់ថា លោក អូត ភូថង ក្នុងឆ្នាំ២០២៣នេះ មានអាយុ ៤៣ឆ្នាំ ប្រកួត១៩៩ដង ក្នុងនោះឈ្នះ១៨៨ ចាញ់១០​និងស្មើ១។
 

Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
  អូត ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com