ប្រជាជនជប៉ុននៅតែចង់បន្តធ្វើការបន្ទាប់ពីឈានដល់អាយុចូលនិវត្តន៍ ដោយសារប្រាក់សន្សំមិនគ្រប់គ្រាន់។ នេះបើតាមការស្ទង់មតិពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Meiji Yasuda Inc.។
របាយការណ៍ស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ដោយផ្អែកលើការឆ្លើយតបពីមនុស្ស ១៨០០នាក់មានអាយុពីចន្លោះពី ២០-៦០ឆ្នាំជុំវិញតម្រូវការការងារបង្ហាញថាជាង ៣៧ភាគរយត្រូវបង្ខំចិត្តធ្វើការបន្ទាប់ពីអាយុចូលនិវត្តន៍។ មូលហេតុចម្បងដោយសារតែការសន្សំប្រាក់ ហើយប្រាក់សោធននិវត្តន៍មិនគ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅ។
ទន្ទឹមនេះ ជិត ៣៩ភាគរយបានឆ្លើយតបថា ពួកគេចង់បានសេរីភាពហិរញ្ញវត្ថុ។ នេះបង្ហាញថាកម្មករជាច្រើនមានការព្រួយបារម្ភអំពីតម្លៃរស់នៅនាពេលអនាគត។ ក្រៅពីនេះ ជិត ៣៦ភាគរយទៅធ្វើការដោយសារពួកគេស្រឡាញ់ការងារ និងចង់ចូលរួមចំណែកក្នុងការងារ។
នៅក្នុងបរិបទនៃកង្វះកម្លាំងពលកម្ម និងកត្តាជាច្រើនផ្សេងទៀត ក្រុមហ៊ុនជប៉ុនបានទាមទារឲ្យរដ្ឋាភិបាលជួយធានាការងាអាយុកម្មករចូលនិវត្តន៍រហូតដល់អាយុ ៦៥ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២៥តទៅ។
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន សមាមាត្រនៃក្រុមហ៊ុនក្នុងស្រុកដែលមានគោលនយោបាយជួលមនុស្សដែលមានអាយុលើសពី ៧០ឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មកនេះ កើនដល់ ៣៩ភាគរយ។ សមាមាត្រនៃអាជីវកម្មដែលមានបុគ្គលិកគ្រប់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចនៃ ៦៥ឆ្នាំបានកើនឡើងពី១២ភាគរយទៅ ២៥ភាគរយក្នុងរយៈពេលដូចគ្នា។
ស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងប្រទេសនេះបង្ហាញថា ក្នុងចំណោមចំនួនកម្មករសរុប មនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ ៦,៣៩លាននាក់ក្នុងឆ្នាំ២០២២ ប្រមាណ១០,៦ភាគរយនៃប្រជាជនសរុប។ វិស័យសំណង់ និងលក់រាយមានកម្មករនិយោជិតដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅស្មើនឹង ១០ភាគរយនៃកម្លាំងពលកម្ម។
ក្រុមហ៊ុនខ្លះនិយាយថា មានជម្រើសតិចតួចដោយសារប្រាក់យ៉េនធ្លាក់ចុះ ធ្វើឱ្យការជួលកម្មករបរទេសពិបាក។ ស្របពេលត្រូវបង្ខំចិត្តជួលកម្មករវ័យចំណាស់ ជាមួយហានិភ័យនៃគ្រោះថ្នាក់ការងារជាដើម។
លោក Takashi Sakamoto អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ Recruit Works Institute របស់ជប៉ុនបានប្រាប់សារព័ត៌មាន Nikkei ថា ក្រុមហ៊ុនត្រូវតែវិនិយោគលើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមធ្យោបាយផ្សេងទៀតដើម្បីជួយមនុស្សចាស់ឱ្យធ្វើការងារកម្រិតស្រាលជាងមុន។
អ្នកស្រី Emiko Kumagai អាយុ ៨១ឆ្នាំបានធ្វើការឱ្យក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក Nojima នៅទីក្រុង Kawaguchi ភាគខាងជើងទីក្រុងតូក្យូចាប់តាំងពីអាយុ ៦៩ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។
អ្នកស្រីប្រាប់ Nikkei ថា ៖« ខ្ញុំសប្បាយចិត្តដែលឃើញខ្លួនឯងមានប្រយោជន៍ ហើយមិនចង់ត្រូវបានសង្គមទុកចោល»។
ស្ត្រីវ័យ៨១ឆ្នាំរូបនេះ ធ្វើការបួនថ្ងៃក្នុងមួយសប្តាហ៍ ដោយទទួលការងារជាអ្នកមើលការខុសត្រូវទំនិញ បង្ហាញផលិតផល និងជួយអតិថិជន៕