សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសទាំង ៥ ដែលគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវទេសចរ
01, Jan 2024 , 9:29 am        
រូបភាព
ប្រជាជន​ស៊ូដង់​ខាង​ត្បូង​រង់ចាំ​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ក្នុង​រដ្ឋធានី​ជូបា ។ រូបភាព ៖ UNFPA
ប្រជាជន​ស៊ូដង់​ខាង​ត្បូង​រង់ចាំ​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ក្នុង​រដ្ឋធានី​ជូបា ។ រូបភាព ៖ UNFPA
 
ស៊ូដង់ខាងត្បូង ជាប្រទេសគ្រោះថ្នាក់បំផុតក្នុងពិភពលោកសម្រាប់ភ្ញៀវទេសចរ ដោយសារអស្ថិរភាពនយោបាយ និងសង្គមជាច្រើន ព្រមទាំងមានហានិភ័យនៃអំពើភេរវកម្ម។ នេះបើតាមរបាយការណ៍របស់ International SOS ។

ប្រទេសគ្រោះថ្នាក់បំផុតចំនួន៥ សម្រាប់ភ្ញៀវទេសចរនៅឆ្នាំ២០២៤ រួមមាន ស៊ូដង់ខាងត្បូង អាហ្វហ្កានីស្ថាន ស៊ីរី លីប៊ី និងសូម៉ាលី។ នេះជាការចេញផ្សាយដោយ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ។
 
ចំណាត់ថ្នាក់ខាងលើនេះ​ ផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ចំនួន២ គឺសុខភាព និងសន្តិសុខ ហើយក្នុងនោះក៏មានបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ចំណែកកម្រិតសន្ទស្សន៍នៃការវាយតម្លៃមានចំនួន៥ ពីកម្រិតទាបទៅខ្ពស់។  
 
តួយ៉ាង កម្រិតទាបបំផុតនៃសន្ទស្សន៍សុខភាពបង្ហាញថា ប្រទេសមួយនោះមានសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងហានិភ័យទាបនៃការឆ្លងជំងឺ។ ចំណែកការវាយតម្លៃលើសន្ទស្សន៍សន្តិសុខ កម្រិតខ្ពស់បំផុតបង្ហាញថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសនោះអនុវត្តច្បាប់ទន់ខ្សោយ និងសណ្តាប់ធ្នាប់តិចតួចបំផុត និងមានការ​គំរាម​កំហែង​​​វាយ​ប្រហារពី​​ក្រុម​ប្រដាប់​អាវុធ​ដែល​សំដៅ​លើ​ជន​បរទេស។ 
 
សម្រាប់ស៊ូដង់ខាងត្បូង របាយការណ៍ International SOS បានវាយតម្លៃសន្ទស្សន៍សុខភាពនៅកម្រិត៤ សន្តិសុខនៅកម្រិត៥  សុខភាពផ្លូវចិត្តនៅកម្រិត៣ និងការប្រែប្រួលអាកាសធាតុនៅកម្រិត៥ ដែលទាំងអស់នេះស្ថិតនៅកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ។
 
ក្រៅ​ពី​នេះ ចំណាត់​ថ្នាក់​ខាងលើ​ក៏​បង្ហាញ​ពី​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​ចំនួន៥ នៅលើពិភពលោកមានដូចជា អ៊ីស្លង់ លុចសំបួ ន័រវែស ស្វីស និង​ដាណឺម៉ាក។ អ៊ីស្លង់នាំមុខគេដោយមានអត្រាឧក្រិដ្ឋកម្មទាបបំផុត គ្មានអំពើហិង្សាផ្នែកនយោបាយ អំពើហឹង្សាជាតិសាសន៍តិចតួច ឬសឹងតែគ្មានការវាយប្រហារតាមគោលដៅលើជនបរទេស៕ 
 
 

Tag:
 ស៊ូដង់ខាងត្បូង
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com