ទស្សនាវដ្តីដ៏ល្បីឈ្មោះរបស់អាមេរិក Forbes បានបង្ហាញបញ្ជីចំណាត់ថ្នាក់ក្លិបកីឡាដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក (The World’s Most Valuable Sports Teams) សម្រាប់ឆ្នាំ២០២៣។ Dallas Cowboys ក្លិបកីឡាបាល់ទាត់បែបអាម៉េរិកនៃក្របខណ្ឌ NFL នៅតែរក្សាតំណែងចំណាត់ថ្នាក់លេខ១ដដែល ស្របពេលក្លិបកីឡាបាល់ទាត់ Real Madrid និង Manchester United លែងស្ថិតនៅ Top 10។
Dallas Cowboys អាចរក្សាតំណែងនេះរយៈពេល៨ឆ្នាំជាប់គ្នាក្នុងបញ្ជី The World Most Valuable Sports Teams ពោលគឺចាប់ពីឆ្នាំ២០១៦មក ដោយសព្វថ្ងៃក្លិបបាល់ទាត់បែបអាម៉េរិកនេះ មានតម្លៃពី ៩ពាន់លានដុល្លារ។ ក្លិបបាល់ទាត់បិសាចក្រហម ដែលធ្លាប់ឈរចំណាត់ថ្នាក់លេខ១ចំនួន៣លើក ស្ថិតនៅចំណាត់ថ្នាក់ទី១៣ បន្ទាប់ពីពួកគេមិនដែលឈ្នះពាន់ធំៗសោះរយៈពេល១០ឆ្នាំចុងក្រោយ។ យ៉ាងណាក៏ដោយ Man Utd កើនតម្លៃដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ។
Real Madrid ស្ថិតនៅចំណាត់ថ្នាក់ទី១១ពិភពលោក ដែលមានតម្លៃ ៦,០៧ពាន់លានដុល្លារ ខណៈ Barcelona ខ្ទាតទៅលេខ១៨ ក្នុងតម្លៃ ៥,៥០៨ ពាន់លានដុល្លារ។
New York Yankees ក្លិបកីឡាបេស្បលដែលមានមូលដ្ឋានក្នុង New York សរដ្ឋអាម៉េរិក ជាប់លេខ២ ដែលមានតម្លៃ ៧,១ ពាន់លានដុល្លារ ស្របពេល Golden State Warriors ក្លិបកីឡាបាល់បោះនៃលីគកំពូល NBA នៅលេខ៣ មានតម្លៃ ៧ ពាន់លានដុល្លារ។
នៅឆ្នាំ ២០២៣ នេះ ក្នុងចំណោមក្លិបកីឡាថ្លៃបំផុតទាំង១០ ដែល Forbes បានចេញផ្សាយនោះ ក្លិបបាល់ទាត់បែបអាម៉េរិក (American Football) នៃក្របខណ្ឌ NFL មានចំនួនច្រើនលើសលុបរហូតដល់ទៅ៧។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្លិបកីឡា ដែលមានថ្លៃជាងលើលោកប្រចាំ ឆ្នាំ២០២៣៖
១. Dallas Cowboys លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៩ ពាន់លានដុល្លារ
២. New York Yankees ក្លិបកីឡាបេស្បល តម្លៃ ៧,១ ពាន់លានដុល្លារ
៣. Golden State Warriors លីគបាល់បោះ NBA តម្លៃ ៧ ពាន់លានដុល្លារ
៣. New England Patriots លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៧ ពាន់លានដុល្លារ
៥. Los Angeles Rams លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៩ ពាន់លានដុល្លារ
៦. New York Giants លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៨ ពាន់លានដុល្លារ
៧. Chicago Bears លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៣ ពាន់លានដុល្លារ
៨. Las Vegas Raiders លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,២ ពាន់លានដុល្លារ
៩. New York Knicks លីគបាល់បោះ NBA តម្លៃ ៦,១ ពាន់លានដុល្លារ
៩. New York Jets លីគបាល់ទាត់បែបអាម៉េរិក ៦,១ ពាន់លានដុល្លារ៕