សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អុីរ៉ង់ និងរុស្ស៊ីប្រកាសប្រើរូបិយប័ណ្ណជាតិជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគី រូបិយប័ណ្ណអ៊ីរ៉ង់ និងរុស្ស៊ី ។ រូបភាព ៖ Tehran Times
× អ៊ីរ៉ង់ និងរុស្ស៊ីដែលរងទណ្ឌកម្មអាម៉េរិករាប់មិនអស់ បានព្រមព្រៀងធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណក្នុងស្រុក ក្នុងគោលបំណងទាត់ចោលការប្រើប្រាស់ប្រាក់ដុល្លារ។
អ៊ីរ៉ង់ និងរុស្ស៊ីបានលុបចោលជាផ្លូវការនូវការទូទាត់ប្រាក់ដុល្លារក្នុងប្រតិបត្តិការរួមគ្នា។ នៅថ្ងៃទី២៥ ខែធ្នូ ភាគីទាំងពីរនេះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រាក់រូប្លិ៍រុស្ស៊ី និងប្រាក់រីអាលអ៊ីរ៉ង់ក្នុងអំឡុងកិច្ចប្រជុំនៅរុស្ស៊ីរវាងប្រមុខធនាគារកណ្តាលប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សេចក្តីប្រកាសរបស់ធនាគារកណ្តាលអ៊ីរ៉ង់ថា ការបង្កើតវេទិកាហិរញ្ញវត្ថុនិងធនាគារថ្មីបានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់និងរុស្ស៊ី។ កិច្ចព្រមព្រៀងអនុញ្ញាតឱ្យធនាគារ និងអាជីវកម្មប្រើប្រាស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុជំនួសដូចជាប្រព័ន្ធផ្ញើប្រាក់ក្រៅពី SWIFT លើសពីនេះនឹងបង្កើតទំនាក់ទំនងឈ្មួញកណ្តាលទ្វេភាគីដោយប្រើរូបិយប័ណ្ណជាតិ។
អ៊ីរ៉ង់ និងរុស្ស៊ី ដែលជាកម្មវត្ថុនៃទណ្ឌកម្មរបស់អាម៉េរិក បានប្រកាសពីកិច្ចព្រមព្រៀងនេះក្នងគោលបំណងប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកក្នុងពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនេះ សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) ដឹកនាំដោយរុស្ស៊ី ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការជាមួយអ៊ីរ៉ង់ផងដែរ។
កាលពីខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានអំពាវនាវឱ្យលុបបំបាត់ប្រាក់ដុល្លារនៅក្នុងពាណិជ្ជកម្មពិភពលោក។ លោកបានចោទរដ្ឋាភិបាលអាម៉េរិកថាបានប្រើប្រាស់ប្រាក់ដុល្លារជាឧបករណ៍ដើម្បីបង្ហាញពីអនុត្តរភាពរបស់លោកខាងលិច។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងក្រុងតេហេរ៉ង់បានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងខ្លាំងនៅចំពោះមុខទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។ យោងតាមទិន្នន័យផ្លូវការ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិតបីដងពី ១,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដល់ ៤,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕
Tag:
អ៊ីរ៉ង់
រុស្ស៊ី
ប្រាក់ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com