ជាតិ
សម្រស់«កោះទ្រង់» នៅតែទាក់ចិត្តទេសចរគ្រប់រដូវកាល
01, Jan 2024 , 3:19 pm        
រូបភាព
ក្រចេះ៖ កោះទ្រង់ជាសហគមន៍ទេសចរណ៍ធម្មជាតិមួយ ក្នុងចំណោមតំបន់ទេសចរណ៍ពេញនិយមដទៃទៀតនៅ​ខេត្តក្រចេះ។ សម្រស់ធម្មជាតិដ៏ត្រកាល វាលខ្សាច់សក្បុស ទិដ្ឋភាពបន្លែ និងដំណាំផ្សេងៗ របស់ពលរដ្ឋនៅលើកោះទ្រង់ដែលស្ថិតនៅទល់មុខក្រុងក្រចេះនេះ បន្តទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ ពីទីជិតឆ្ងាយ ឱ្យមកកម្សាន្តជាហូរហែ។



កោះទ្រង់ មាន២ភូមិ គឺភូមិក្បាលកោះ និងភូមិចុងកោះ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២២៣ហិកតា។ កោះនេះ មានពលរដ្ឋប្រមាណ ១ ៧០០នាក់ ​ភាគច្រើនជាកសិករធ្វើស្រែចម្ការ។ ពលរដ្ឋមួយចំនួនទៀត ​ផ្តល់សេវា​បដិសណ្ឋារកិច្ច រៀបចំផ្ទះស្នាក់ និងចម្អិនអាហារសម្រាប់ទេសចរ។ របរតូចតាចផ្សេងទៀត ដូចជាការដាំបន្លែក្នុងរោងតូចៗ និងការធ្វើនេសាទ ក៏រួមចំណែកដោះស្រាយជីវភាពប្រជាជនខ្លះទៀតនៅលើកោះនេះដែរ។
 
ដើម្បីទៅកម្សាន្តនៅដែនកោះដែលស្ថិតកណ្តាលទន្លេមេគង្គនេះ  អ្នក​ទេសចរត្រូវជិះទូកដរ​​ ​ដែល​​សំចតអែបច្រាំងរង់ចាំចម្លងមនុស្សម្នាទៅមកជា​រៀងរាល់ថ្ងៃ។​ សេវាកម្មទូកចម្លង ដែលមធ្យោបាយធ្វើដំណើរជាប្រចាំរបស់ពលរដ្ឋរស់នៅលើកោះទ្រង់នេះ មាន​តម្លៃ១ពាន់រៀល​។ 
  
កោះទ្រង់ មាន២ភូមិ គឺភូមិក្បាលកោះ និងភូមិចុងកោះ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២២៣ហិកតា។ កោះនេះ មានពលរដ្ឋប្រមាណ ១ ៧០០នាក់ ​ភាគច្រើនជាកសិករធ្វើស្រែចម្ការ។

អ្នកស្រី សៅ ស៊ី គឺជាម្ចាស់ទូកចម្លងនេះជាង៣០ឆ្នាំ​ហើយ។ បន្ទាប់ពីរៀបចំ​ទីតាំង​ឱ្យអ្នកដំណើរចតយាន​ជំនិះរួច អ្នកស្រី សៅ ស៊ី ឆ្លៀតប្រាប់សារព័ត៌មានThmeyThmey២៥ ថាជារៀងរាល់ថ្ងៃ មានអ្នក​ដំណើរប្រមាណ២០០នាក់ ឆ្លងចេញចូលកោះទ្រង់ និងក្រុងក្រចេះ។ 
 
«ចាប់ផ្តើមជើងទី១ នៅម៉ោង៦កន្លះចេញពីកោះ។ ចំណែកពេលយប់យើងសម្រាកម៉ោង៦កន្លះដូចគ្នា។ បើអ្នកដំណើរមានទាំង ទេសចរបរទេស អ្នកភូមិ អ្នកមកពីឆ្ងាយ។ ពួកគាត់នឹងឆ្លងទូកនេះ ពេលចង់ទៅលេងនៅកោះ។»។ ​
  
អ្នកស្រី សៅ ស៊ី គឺជាម្ចាស់ទូកចម្លងនេះជាង៣០ឆ្នាំ​ហើយ។ 

អ្នកដំណើរត្រូវចំណាយពេលប្រមាណ ១៥នាទី នៅលើទូកចម្លង ឆ្លងពីច្រាំងម្ខាងនៃមាត់ទន្លេក្រុងក្រចេះ ឆ្ពោះទៅ​កោះទ្រង់ដែលផុសសន្ធឹងកណ្តាលទន្លេ។ ​រយៈពេលនៅលើផ្ទៃទឹកទន្លេមេគង្គនេះ ទាំងភ្ញៀវទេសចរ ពលរដ្ឋ​ផ្សេងទៀត អាចគយគន់នាយអាយ ​និងស្រូបខ្យល់បរិសុទ្ធ នារដូវប្រាំង។ 
 
​មកដល់ច្រាំងនៃកោះ អ្នកទេសចរ ត្រូវធ្វើដំណើរឆ្លងកាត់វាលខ្សាច់សក្បុសប្រមាណ២០០ម៉ែត្រ មុននឹងទៅដល់ច្រកចូលកោះទ្រង់ ដែលមានទីស្នាក់ការសហគមន៍ទេសចរណ៍កោះទ្រង់រុងរឿងជាសម្គាល់។ សម្រាប់ភ្ញៀវទេសចរ នៅច្រកចូលនេះហើយ ដែលពួកគេអាចសាកសួរព័ត៌មានអំពីសេវាកម្មទេសចរណ៍នានា  ហើយក៏អាច​ជួល​កង់ ម៉ូតូ រទេះគោ ឬ​រទេះសេះ ជិះកម្សាន្ត និងទស្សនាទេសភាពធម្មជាតិ​ជុំវិញកោះ ឱ្យអស់កង្វល់។   
  
អ្នកដំណើរត្រូវចំណាយពេលប្រមាណ ១៥នាទី នៅលើទូកចម្លង ឆ្លងពីច្រាំងម្ខាងនៃមាត់ទន្លេក្រុងក្រចេះ ឆ្ពោះទៅ​កោះទ្រង់ដែលផុសសន្ធឹងកណ្តាលទន្លេ។

ដែនកោះនេះ ដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ នៅជុំវិញផ្ទះរបស់ពលរដ្ឋ ហ៊ុមព័ទ្ធទៅរុក្ខជាតិតូចធំ និងដំណាំហូបផ្លែចម្រុះ ជាពិសេសគឺក្រូចថ្លុង ដែលមានឱជារសឆ្ងាញ់​និងជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តផងដែរ។ ដំណាំមួយមុខនេះ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជីវភាព​ពលរដ្ឋនៅទីនេះ។ 
 
ស្ទើរតេគ្រប់ផ្ទះ​ អ្នកភូមិបានដាំដើមក្រូចថ្លុងស្ទើរឥតចន្លោះដី ហើយនៅរាល់ពេលប្រមូលផលម្តងៗ​ ពួកគេ​ដាក់តម្រៀបលក់ក្រូចនៅមុខផ្ទះ​រៀងខ្លួន សម្រាប់អ្នកទេសចរ។ ក្រូចមួយចំនួនធំទៀតច្រកដាក់បាវបោះទៅឱ្យឈ្មួញ យកទៅលក់នៅលើទីផ្សារតាមបណ្តាខេត្តនានា​។ អ្នកភូមិ ដាក់លក់ក្រូចថ្លុងក្នុងតម្លៃចាប់ពី៥ពាន់រៀលឡើងទៅ។
 
លោក ប៉ែន យ៉ន់ ជាប្រធានសហគមន៍កសិកម្មកោះទ្រង់រុងរឿង ហើយក៏ជាអ្នកដាំដុះក្រូចថ្លុងម្នាក់ នៅក្នុងចំណោមពលរដ្ឋ ៩៥គ្រួសារ នៅលើកោះនេះ​។ ដើមក្រូចប្រមាណ ៣០ដើម នៅជុំវិញផ្ទះរបស់បុរសវ័យ៧០ឆ្នាំរូបនេះ គឺ​ជាប្រភពចំណូល​ដ៏ចម្បងរបស់គាត់។ ប្រាក់ដែលទទួលបានពីការលក់ផ្លែក្រូចថ្លុង​ធ្វើឱ្យលោក ប៉ែន យ៉ន់​ អាចផ្គត់ផ្គង់កូនប្រុសស្រី៤នាក់ រៀន​​បញ្ចប់បរិញ្ញាបត្របានយ៉ាងស្រួល​។   
  
លោក ប៉ែន យ៉ន់ ជាប្រធានសហគមន៍កសិកម្មកោះទ្រង់រុងរឿង  

​«ក្រូចនេះ បានតពីឪពុកខ្ញុំមក រហូតដល់ពេលសព្វថ្ងៃនេះ។ ប្រាក់ចំណូល ដែលបានពីក្រូចថ្លុង គឺច្រើនជាងការដាំបន្លែ។ ទៅតាមធម្មជាតិរបស់ដី  អត់មានដាក់ជីទេ។ បើសិនជាភ្លៀងចុងរដូវដែលក្រូចកំពុងតែផ្លែ ក្រូចអាចថយគុណភាព វាអត់សូវផ្អែម ទៅជាជូរផ្អែម។»។
 
លោក សំ បួយ ចៅសង្កាត់កោះទ្រង់ បាន​ប្រាប់សារព័ត៌មាន Thmeythmey25 ថា នៅចុងសប្តាហ៍សម្បូរអ្នកដំណើរជាងថ្ងៃធម្មតា។ ​លោកចៅសង្កាត់រូបនេះ ត្រេកអរនៅពេលដែល​ទេសចរ នៅតែនឹកនាំ ហើយវិលត្រឡប់មកកម្សាន្តនៅកោះទ្រង់វិញ ក្រោយវិបត្តិកូវីដ-១៩។ 
  
លោក សំ បួយ ចៅសង្កាត់កោះទ្រង់

«ខ្យល់អាកាសបរិសុទ្ធ អាចទាក់ទាញភ្ញៀវបរទេស ដែលមកលេងហ្នឹង បើទោះម៉ោងប៉ុន្មានក៏ដោយ ពួកគាត់នៅតែស្កាត់ដើម្បីមកលេង។ ទី១យើងមានផ្ទះស្នាក់ ហើយហ្នឹងដើមឈើធំៗ ដែលមានសត្វជ្រឹងរស់នៅ។ ឯភ្ញៀវជាតិយើង មកកម្សាន្តទីនេះ ក៏ដើម្បីញុំាំក្រូចថ្លុង។ ទាំងអស់នេះ គឺជាសក្តានុពលនៃសង្កាត់កោះទ្រង់។»។
 
បើទោះបីជា ចំនួនអ្នកទេសចរ មិនទាន់ច្រើនដូចដើម ប៉ុន្តែវត្តមានភ្ញៀវទេសចរនេះ គឺជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍កោះទ្រង់ ហើយវាក៏សបញ្ជាក់ឱ្យឃើញថា ទិដ្ឋភាពធម្មជាតិដ៏ត្រកាល និងបដិសណ្ឋារកិច្ចល្អរបស់ប្រជាពលរដ្ឋនៅលើដែនកោះ ទល់មុខក្រុងក្រចេះនេះ នៅតែបន្តអន្ទង់ចិត្តទេសចរឱ្យមកកម្សាន្តម្តងហើយ ម្តងទៀត៕

ពលរដ្ឋក្នុងភូមិបាន ដាក់តម្រៀបលក់ក្រូចនៅមុខផ្ទះ​រៀងខ្លួន សម្រាប់អ្នកទេសចរ។

ដំណាំក្រូចថ្លុង ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជីវភាព​ពលរដ្ឋនៅទីនេះ។ 

Tag:
 ThmeyThmey
  កោះទ្រង់
  ខេត្តក្រចេះ
  ក្រូចថ្លុង
© រក្សាសិទ្ធិដោយ thmeythmey.com