សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការផ្គត់ផ្គង់ស្បៀងអាហារសកល អាចមានភាពតានតឹងនៅឆ្នាំ ២០២៤
01, Jan 2024 , 5:29 pm        
រូបភាព
អាជីវករ​កំពុង​រង់ចាំ​ភ្ញៀវទិញអង្ករនៅផ្សារមួយកន្លែងក្នុង​រដ្ឋធានី Sanaa ​យេម៉ែន ។ រូបភាព ៖​ AFP
អាជីវករ​កំពុង​រង់ចាំ​ភ្ញៀវទិញអង្ករនៅផ្សារមួយកន្លែងក្នុង​រដ្ឋធានី Sanaa ​យេម៉ែន ។ រូបភាព ៖​ AFP
តម្លៃអង្ករ និងគ្រាប់ធញ្ញជាតិជាច្រើនទៀតត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់តឹងតែង ការប្រែប្រួលបាតុភូតអាកាសធាតុ និងការហាមឃាត់នាំចេញរបស់ប្រទេសមួយចំនួន។

 
ការកើនឡើងតម្លៃស្បៀងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យកសិករនៅជុំវិញពិភពលោកបង្កើនការដាំដុះគ្រាប់ធញ្ញជាតិ និងពពួកសណ្តែក។ យ៉ាងណាមិញ អ្នកប្រើប្រាស់នឹងនៅតែប្រឈមចំពោះការផ្គត់ផ្គង់ដ៏តឹងតែងនៅឆ្នាំក្រោយ ដោយសារតែបាតុភូតអាកាសធាតុ El ​​Nino និងការរឹតបន្តឹងការនាំចេញ។
 
តម្លៃស្រូវសាលី ពោត និងសណ្តែកសៀងកំពុងធ្លាក់ចុះបន្ថិច ខណៈដែលភាពតានតឹងនៅក្នុងសមុទ្រខ្មៅបានស្ងប់ ។ ប៉ុន្តែសម្រាប់អ្នកវិភាគ និងអ្នកជំនួញយល់ថា នៅឆ្នាំ២០២៤ តម្លៃស្បៀងនៅតែឡើងថ្លៃ ដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់។
 
« រូបភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនៅឆ្នាំ ២០២៣ មានភាពប្រសើរឡើង នៅពេលដែលតំបន់កសិកម្មសំខាន់ៗមានការប្រមូលផលច្រើន។ យ៉ាងណា យើងនៅតែមិនរួចផុតពីការលំបាកនៅឆ្នាំក្រោយ»។ នេះបើតាមលោក Ole Houe នាយកប្រឹក្សានៅក្រុមហ៊ុនឈ្មួញកណ្តាលកសិកម្ម IKON Commodities របស់អូស្ត្រាលី។ 
 
លោក Ole Houe បានប្រាប់ Reuters ថា បាតុភូត El Nino នឹងនៅតែប៉ះពាល់ដល់ដំណាំយ៉ាងហោចណាស់រហូតដល់ខែឧសភា ឆ្នាំក្រោយ​។ ឯប្រេស៊ីលកំពុងដាំពោតតិចជាងមុន ខណៈចិន​នាំ​ចូល​ស្រូវ​សាលី និង​ពោត​ពី​បរទេស​កាន់តែច្រើន​។
 
បាតុភូតអាកាសធាតុ El Nino នឹងបង្កគ្រោះរាំងស្ងួតនៅតំបន់ជាច្រើននៃអាស៊ីនៅឆ្នាំក្រោយ ហើយវាត្រូវបានព្យាករនឹងអូសបន្លាយរហូតដល់ឆមាសទី១ ឆ្នាំក្រោយ ដោយគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករ ស្រូវសាលី ប្រេងដូង និងផលិតផលជាច្រើនទៀត។
 
ការ​ផ្គត់ផ្គង់​អង្ករ​ពិភពលោក​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​រួចមក​ហើយ​ ដោយ​សារបាតុភូត​ El Nino ។ នេះ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ឥណ្ឌា​ហាម​ឃាត់​ការ​នាំ​ចេញ​អង្ករ។ ឥណ្ឌាបច្ចុប្បន្ន​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​ពិភពលោក។
 
ខណៈ​ដែល​ធញ្ញជាតិ​ផ្សេង​ទៀត​បាន​បាត់បង់​តម្លៃ តម្លៃ​អង្ករ​នៅ​ឆ្នាំ​នេះ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១៥​ឆ្នាំ​។ តម្លៃ​អង្ករ​នៅ​មជ្ឈ​មណ្ឌល​នាំ​ចេញ​អាស៊ី​មួយ​ចំនួន​បាន​កើន​ឡើងដល់ចន្លោះពី ៤០ភាគរយ ដល់៤៥ភាគរយ។
 
ដំណាំ​ស្រូវ​សាលីនៅឥណ្ឌាដែលប្រមូលផល​នាពេល​ខាង​មុខ​ ​ក៏​នឹង​ត្រូវ​រង​ការ​គំរាម​កំហែង​ដែរ​ដោយ​សារ​តែ​ការ​ខ្វះ​ទឹក​។ នេះអាចបង្ខំអ្នកប្រើប្រាស់ស្រូវសាលីធំជាងគេទី២ របស់ពិភពលោកឱ្យនាំចូលជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំមកនេះ ដោយសារទុនបម្រុងក្នុងស្រុកបច្ចុប្បន្នមានកម្រិតទាប។
 
នៅអូស្ត្រាលី ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី២របស់ពិភពលោក កសិករនឹងត្រូវដាំដំណាំថ្មីក្នុងអាកាសធាតុស្ងួត។ ជាច្រើនខែកន្លងមកនេះ ដំណាំនៅទីនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយ El Nino។ ​ ការណ៍នេះអាចបណ្តាលឱ្យអ្នកទិញ រួមទាំងចិន និងឥណ្ឌូណេស៊ី សម្លឹងរកមើលទីផ្សារថ្មីបន្ថែមទៀតពីបណ្តាប្រទេសនៅអាម៉េរិកខាងជើង អឺរ៉ុប និងសមុទ្រខ្មៅ។ 
 
ចំណែកផលិតកម្ម​ប្រេងដូង​សកល​ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ​ដែរ ដោយសារ​តែ​ El Nino។ នេះអាចជំរុញឱ្យតម្លៃប្រេងចម្អិនអាហារកើនឡើង។ ការធ្លាក់ចុះនៃទិន្នផលប្រេងដូង កើតឡើងនៅពេលដែលតម្រូវការប្រេងចម្អិនអាហារ និងជីវឥន្ធនៈរំពឹងថានឹងកើនឡើង។
 
យ៉ាងណា គេក៏មានសង្ឃឹមខ្លះពីប្រភពផ្គត់ផ្គង់ពោត ស្រូវសាលី និងសណ្តែកសៀងពីអាម៉េរិកខាងត្បូងដែលត្រូវបានព្យាករថា នឹងប្រសើរឡើងនៅឆ្នាំ ២០២៤។ នៅអាហ្សង់ទីន ភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់ដាំដុះសំខាន់ៗ ដែលអាចនឹងបង្កើនផលិតកម្មសណ្តែកសៀង ពោត និងស្រូវសាលី។ អាហ្សង់ទីន​ជា​ប្រទេស​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ធំ​ជាង​គេ​មួយ​របស់​ពិភពលោក៕ 
 

Tag:
 ​ស្បៀង
  ធញ្ញជាតិ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com