ជាតិ
ស៊ីម៉ាក់៖ កូនសុនខ ទើបកើត១៧ក្បាល នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន
03, Jan 2024 , 1:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMA) បានបង្កើតកូនសុនខចំនួន១៧ក្បាល ពីមេសុនខ២ក្បាល នាថ្ងៃទី២ មករា។ បើតាមលោក​ ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កូនសត្វសុនខដែលទើបកើតទាំងនេះ នឹងក្លាយជាអ្នកបន្តវេនហិតមីន។ ចំពោះកូនសត្វសុនខ​ដែលទើបកើត១៧ក្បាលនោះ មាន ញី១១ក្បាល ឈ្មោល៦ក្បាល និងសុទ្ធសឹងតែជាកូនពូជសុនខក្នុងស្រុក។



«អបអរសាទរអ្នកបន្តវេនសុនខហិតមីន នៅដើមឆ្នាំ២០២៤!»។ នេះសាររបស់លោក ហេង រតនា ដែលបានបន្ថែមថា មេសុនខចំនួន២ក្បាល​ បានកើតកូនសុនខចំនួន១៧ក្បាល ​ជាមួយសុខភាពល្អ​ ដោយមានការជួយគ្រប់គ្រងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ។ 
 
អគ្គនាយកនៃមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC រូបនេះ បានបញ្ជាក់លើហ្វេសប៊ុក កាលពីថ្ងៃទី២ មករា ថា ៖«កូនសត្វសុនខ ដែលទើបនឹងកើតនេះ នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន។ យើងនឹងជ្រើសរើសសុនខទាំងនោះ ដោយឆ្លងកាត់តាមការហ្វឹកហ្វឺន ប៉ុន្តែមិនដឹងថា សុនខប៉ុន្មានក្បាលនឹងជាប់នោះឡើយ ព្រោះបច្ចុប្បន្នសុនខទាំងនោះនៅតូចៗឡើយ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន រយៈពេល ៦ទៅ៧ខែ យើងនឹងយកវាទៅតេស្តសាកល្បង»។
  
 លោក​ ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា 

បើតាមលោក ហេង រតនា នាប៉ុន្មានសប្តាហ៍ខាងមុខ នឹងមានសុនខ៤ក្បាលទៀត ត្រៀមកើតកូន ដែលអាចក្លាយអ្នកបន្តវេនហិតមីនទៀត។ «នេះជាការប្រែប្រួល ក្នុងការពង្រឹងភាពជាម្ចាស់  នៃការបង្កាត់ ជំនាញវិជ្ជាជីវៈដោយមិនពឹងផ្អែកលើអ្នកជំនាញបរទេសទៀតនោះទេ។ នេះជាមោទកភាពមួយ និងជាផ្នែកមួយក្នុងការកាត់បន្ថែមកការចំណាយដ៏ច្រើន លើការបំពាក់សម្ភារៈបច្ចេកទេស ជំនាញកំចាត់មីន បោសសម្អាតសំណល់ជាតិផ្ទុះនៅក្នុងប្រទេស»។ លោក រតនា បានបន្ថែមដូច្នេះ។
 
ដើម្បីក្លាយជាអ្នកជំនាញហិតមីន សត្វសុនខ ត្រូវហ្វឹកហាត់ថ្នាក់ចំណេះដឹងមូលដ្ឋានរយៈពេល ៦ទៅ៩ខែ។ ក្រោយមក សុនខទាំងនោះ ត្រូវហាត់ជំនាញបច្ចេកទេស ពី៣ ខែទៅ៦ បន្តទៀត។ 
 
ការជ្រើសរើសពូជសត្វសុនខនៅកម្ពុជា ដើម្បីហ្វឹកហ្វឺន គឺមានភាពធន់ល្អ បើប្រៀបធៀបនឹងពូជសុនខ នាំចូលពីបរទេស។​ ដោយឡែក ពូជសត្វសុនខ ដែលនាំចូលមួយចំនួននោះ ក៏វិវត្តខ្លួនបានយ៉ាងល្អប្រសើរដូចគ្នា។ នាពេលបច្ចុប្បន្ន សត្វសុនខ ដែលមានជំនាញហិតមីន​ មានជាង ៣០០ក្បាល។ នេះបើតាមប្រធានស៊ីម៉ាក់៕
 
រូបភាពពីទំព័រហ្វេសប៊ុក លោក​ ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា 

រូបភាពពីទំព័រហ្វេសប៊ុក លោក​ ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា 

Tag:
 ThmeyThmey
 ស៊ីម៉ាក់
 អ្នកជំនាញហិតមីន
 CMA
 សុនខ
© រក្សាសិទ្ធិដោយ thmeythmey.com