អន្តរជាតិ
ចិន ទទូចឱ្យកូរ៉េទាំងពីរអនុវត្តការរឹតត្បិត ក្រោយមានការបាញ់កាំភ្លើងធំឌឺដងគ្នានៅតំបន់ព្រំដែន
05, Jan 2024 , 4:11 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី៥ ខែមករា បានបាញ់កាំភ្លើងធំគំរាមគ្នាទៅវិញទៅមក នៅតំបន់ព្រំដែនក្បែរគ្នា ដែលរឹតតែបង្កភាពតានតឹងលើឧបទ្វីបកូរ៉េ។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានទទូចឱ្យភាគីទាំងអស់លើឧបទ្វីបកូរ៉េ អនុវត្តការរឹតត្បិត និងរក្សាភាពស្ងៀមស្ងាត់ដើម្បីកាត់បន្ថយភាពតានតឹងលើឧបទ្វីប



គ្រាប់កាំភ្លើងធំប្រមាណ ២០០គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់ទៅក្នុងដែនទឹកក្បែរឆ្នេរភាគខាងលិច នៅថ្ងៃទី៥ ខែមករា មិនបានធ្វើឱ្យកូរ៉េខាងត្បូងនៅសុខឡើយ។ កងកម្លាំងម៉ារីនកូរ៉េខាងត្បូងនៅលើកោះ Yeonpyeong ដែលស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាំភ្លើងធំ ដើម្បីបង្ហាញសាច់ដុំដាក់ក្រុងព្យុងយ៉ាងវិញ។ 
 
ក្នុងភាពតានតឹងលើកចុងក្រោយនេះ កូរ៉េខាងត្បូង បានបាញ់កាំភ្លើងធំប្រភេទ K9 នៅលើដែនកោះYeonpyeong ដែលជិតនឹងទីតាំងកូរ៉េខាងជើងបាញ់កាំភ្លើងធំដែរ។ 
 
តាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ខ្លួនបានចាប់សញ្ញានៃការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើងចេញពីតំបន់ Jangsan Cape និងតំបន់ Deungsan Cape ដែលស្ថិតនៅភាគខាងជើងកោះ Baengnyeong និងកោះ Yeonpyeong របស់កូរ៉េខាងត្បូង។
 
ទាក់ទិនការឡើងកម្តៅនៅឧបទ្វីបកូរ៉េ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការរឹតត្បិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«ក្រោមស្ថានភាពបច្ចុប្បន្ន យើងសង្ឃឹមភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងៀមស្ងាត់ រឹតត្បិត និងបញ្ចៀសការចាត់វិធានការ ដែលបង្កើនភាពតានតឹង»។ មន្រ្តីក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៥ ខែមករា ដោយលោកបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលតុចរចា។ 
 
មិនតែប៉ុណ្ណោះ ក្នុងនាមជាប្រទេសជិតខាង លោកWang បានអះអាងថា ចិនបានយកចិត្តទុកដាក់បំផុត ចំពោះស្ថានការណ៍វិវដ្ដលើឧបទ្វីបកូរ៉េ។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រការដោះស្រាយតាមរយៈកិច្ចចរចា និងការសន្ទនា។

គួររម្លឹកថា នៅក្នុងឆ្នាំ២០១០ កោះ Yeonpyeong ក៏ត្រូវបានកូរ៉េខាងជើងបាញ់កាំភ្លើងធំដាក់ដែរ។ កាលនោះ កងកម្លាំងម៉ារីនចំនួន ២នាក់ និងប្រជាជនស៊ីវិលចំនួន ២នាក់ បានបាត់បង់ជីវិត។ ចំណែកអ្នករបួសមានចំនួន ១៨នាក់៕

Tag:
 ចិន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com