អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៊ី ជិនភីង នៅថ្ងៃទី៨ ខែមករា បានប្តេជ្ញាបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេស នៅក្នុងវិស័យសំខាន់ៗដូចជាហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន Xinhua។ យ៉ាងណាមិញ អ្នកតាមដានសង្គម បានយល់ឃើញថា យុទ្ធនាការមួយនេះ មានបំណងបង្រ្កាបលើអ្នកប្រឆាំងផ្នែកនយោបាយរបស់ខ្លួន។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមត្រួតពិនិត្យរបស់បក្សកុម្មុយនីស្តចិន លោកអគ្គលេខាធិការបក្ស ស៊ី ជិនភីង បានបញ្ជាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងវិស័យហិរញ្ញវត្ថុ, សហគ្រាសរដ្ឋ, ថាមពល, វេជ្ជសាស្រ្ត និងវិស័យដឹកជញ្ជូន។
«ជ័យជម្នះដ៏ធំសម្បើម ត្រូវបានសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយការបង្កើនសមត្ថភាពពេញលេញក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ»។ លោកស៊ី ដែលកាន់តំណែងជាប្រធានាធិបតីផងនោះ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៨ ខែមករា ដោយបន្តថា ប៉ុន្តែស្ថានភាពនៅក្នុងពេលបច្ចុប្បន្ន នៅតែបន្តគ្រោះថ្នាក់ និងស្មុគស្មាញ។
ចាប់តាំងពីឆ្នាំ២០១២មក មន្រ្តីបក្សកុម្មុយនីស្តចិន ៤,៨លាននាក់ ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមទិន្នន័យផ្លូវការរបស់ចិនគិតត្រឹមខែមិថុនាឆ្នាំ២០២២។
ក្នុងចំណោមមន្រ្តីទាំងនោះ មនុស្សច្រើនជាង ១,៥លាននាក់ ត្រូវបានកាត់ទោសតាមរយៈការដាក់ពន្ធនាគារ, ការបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋាភិបាល, ការបញ្ចុះតំណែង និងការបណ្តេញចេញពីសមាជិកបក្សកុម្មុយនីស្តចិនខាងដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើទោះអ្នកគាំទ្រលោកស៊ីអះអាងថា ជាការបោសសម្អាតអំពើពុករលួយនៅក្នុងសង្គមក៏ដោយ ប៉ុន្តែអ្នកតាមដានសង្គមចិន បានចាត់ទុកគោលនយោបាយរបស់លោកស៊ី ជាការបង្រ្កាបលើអ្នកប្រឆាំងនយោបាយរបស់លោក។
ក្នុងរយៈពេលចុងក្រោយនេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ចិន បានផ្តោតលើវិស័យធនាគារ ក្រុមហ៊ុនរដ្ឋ កីឡា និងធានារ៉ាប់រងជាដើម។ នៅក្នុងថ្ងៃទី៨ ខែមករា កាសែតរដ្ឋ បានចុះផ្សាយថា អតីតមន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនរដ្ឋ ពាក់ព័ន្ធនឹងប្រេង និងហ្គាស ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណូក៕