RFI
អន្តរជាតិ
ILO ព្យាករកំណើនអ្នកអត់ការងារធ្វើ នៅលើពិភពលោក ក្នុងឆ្នាំ២០២៤
×
ដោយ៖អៀង សុខម៉ិញ
អត្រាអ្នកអត់ការងារធ្វើ នៅលើពិភពលោក អាចនឹងកើនឡើងបន្តិចនៅឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ របស់អង្គការពលកម្មអន្តរជាតិILO ស្តីពីទស្សនៈវិស័យការងារនិងសង្គមសម្រាប់ឆ្នាំ២០២៤។ អង្គការបានសម្តែងការព្រួយបារម្ភទៀតអំពីសន្ទុះផលិតកម្មមិនស្វាហាប់ អំពីវិសមភាពកាន់តែខ្លាំង និងអំពីវិបត្តិអតិផរណាដ៏រ៉ាំរ៉ៃនៅលើពិភពលោក។
អត្រាអ្នកអត់ការងារធ្វើ ដែលមានកំរិត៥,៣% នៅឆ្នាំ២០២២ បានធ្លាក់មកនៅត្រឹម៥,១%នៅឆ្នាំ២០២៣ ដែលមានកំណើនសេដ្ឋកិច្ចលើសការព្យាករបន្តិច។ ប៉ុន្តែនៅ២០២៤នេះ បើតាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ ពិភពលោកនឹងមានពលរដ្ឋ២លាននាក់ថ្មីបន្ថែមទៀតដើរស្វះស្វែងរកការងារធ្វើ ពោលគឺ ចំនួនអ្នកអត់ការងារធ្វើអាចនឹងកើនឡើងបន្តិចវិញ ក្នុងអត្រា៥,២%។
ភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះសំឡឹងឃើញថា ដោយហេតុតែភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអតិផរណាដ៏រ៉ាំរ៉ៃ កំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ចាប់កំរើកយ៉ាងយឺតៗបំផុត។ បើទោះបីមានការដំឡើងប្រាក់ខែក៏ដោយ ក៏មិនសមមាត្រនឹងកំរិតអតិផរណាដែរ។ ពលរដ្ឋក្នុងប្រទេសលូតលាស់ជាងគេហៅកាត់ថាហ្សេ២០ភាគច្រើនមានចំណូលថយដោយជាក់ស្តែង។ ការធ្លាក់ចុះនៃកំរិតជីវភាពបង្កឡើងវិបត្តិអតិផរណាហាក់មិនងាយបំពេញសងបានវិញទេ។ នេះបើតាមគំនិតរបស់អង្គការពលកម្មអន្តរជាតិដដែល។
នៅក្នុងរបាយការណ៍ដែលវាយតម្លៃអំពីទិន្ននាការចុងក្រោយរបស់ទីផ្សារការងារ ភាពអត់ការធ្វើ ការបង្កើតការងារ និងការចូលរួមចំណែករបស់ប្រជាពលរដ្ឋសកម្ម ភ្ជាប់ទៅនឹងលទ្ធផលសង្គម អគ្គនាយកILOបានប្រកាសថាទិន្នន័យខ្លះបានផ្តល់ក្តីសង្ឃឹម តែបើវិភាគឱ្យបានស៊ីជម្រៅទៅ ទើបមើលឃើញថាទីផ្សារការងារមានវិសមភាពខ្លាំងណាស់។ ទីផ្សារការងារគ្មានលំនឹងមិនមែនដោយហេតុពាក់ព័ន្ធនឹងវិបត្តិកូវីដ១៩ទេ តែបណ្តាលមករចនាសម្ព័ន្ធរបស់ប្រទេសតែម្តង។
របាយការណ៍បានលើកឡើងថា មានតែចិន រុស្ស៊ី និងម៉ិចស៊ិកទេ ដែលមានកំណើនប្រាក់បៀវត្សរ៍ពិតៗនៅឆ្នាំ២០២៣។ រីឯក្រុមប្រទេសហ្សេ២០ផ្សេងទៀត សុទ្ធតែធ្លាក់ចុះ ហើយប្រទេសបាត់បង់ចំណូលដ៏គួរឱ្យកត់សម្គាល់ជាងគេ គឺប្រេស៊ីល (៦,៩%) អ៊ីតាលី៥% និងឥណ្ឌូណេស៊ី៣,៥%។
ថយចំណូល ជីវភាពធ្លាក់ចុះ សកម្មភាពផលិតកម្មខ្យោយបូកផ្សំនឹងវិបត្តិអតិផរណាដ៏រ៉ាំរ៉ៃទៀត វិសមភាពរីកកាន់តែធំ យុត្តិធម៌សង្គមត្រូវតែរួមតូច។ សម្រាប់អគ្គនាយកអង្គការពលកម្មអន្តរជាតិ បើគ្មានយុត្តិធម៌សង្គមធំទូលាយទេ ពិភពលោកមិនអាចមានកំណើនឡើងវិញជានិរន្តរ៍បានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com