អន្តរជាតិ
ប្រមុខការពារជាតិហ្វីលីពីន ចោទអ្នកនាំពាក្យក្រសួងការបរទេសចិនថាប្រមាថប្រធានាធិបតីខ្លួន
18, Jan 2024 , 10:05 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (ក្នុងរង្វង់)។ រូបភាព ក្រសួងការពារជាតិហ្វីលីពីន និងក្រសួងការបរទេសចិន
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (ក្នុងរង្វង់)។ រូបភាព ក្រសួងការពារជាតិហ្វីលីពីន និងក្រសួងការបរទេសចិន
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃទី១៧ ខែមករា បានសង្កត់ធ្ងន់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រមាថប្រធានាធីបតីហ្វីលីពីន លោក Ferdinand Marcos Jr.  ក្នុងអំឡុងសន្និសីទប្រចាំថ្ងៃមួយ ហើយបានចាត់ទុកសម្ដីដែលមន្រ្តីចិនបាន លើកឡើងជាសម្តីកម្រិតទាបបំផុត។



«វាជារឿងអកុសលដែលអ្នកនាំពាក្យក្រសួងការបរទេស (ចិន) បានឈរលើការនិយាយ សម្ដីកម្រិតទាបបំផុតបែបនេះ ដោយងាកទៅរកការប្រមាថប្រធានាធិបតីរបស់យើង និ​ងប្រជាជាតិហ្វីលីពីន។ បន្ថែមពីនេះ សម្តីមន្រ្តីចិនជាការប្រមាថខ្លួនឯង ក្រសួង និងបក្សដែលលោកស្រីតំណាងឱ្យ»។​ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Teodoro បានថ្លែងក្នុង សេចក្តីថ្លែងការណ៍មួយបែបនេះ ហើយក៏បានចោទ លោកស្រី Mao ពីបទនិយាយបំផ្លើស និងព័ត៌មានមិនពិត។ 
 
លោក Teodoro ប្រតិកម្មទៅនឹងសម្តីរបស់លោកស្រី Mao នៅថ្ងៃទី១៧ ខែមករា ដែលលោកស្រីបានស្នើឱ្យលោក Marcos អានសៀវភៅបន្ថែមទៀត ដើម្បីយល់ជាក់ច្បាស់អំពីបញ្ហាខាងក្នុង និងខាងក្រៅនៃកោះតៃវ៉ាន់ បន្ទាប់ពីលោកបានអបអរសាទរ លោក William Lai ដែលឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី។
 
កន្លងមក ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់រួចហើយថា ខ្លួននៅតែគោរព គោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំង និងសង្កត់ធ្ងន់ថាសាររបស់លោក Marcos មានបំណងទទួលស្គាល់ផលប្រយោជន៍រួមរបស់ហ្វីលីពីន និងតៃវ៉ាន់ រួមទាំងពលរដ្ឋហ្វីលីពីនចំនួន ២០ ម៉ឺននាក់ដែលធ្វើការនៅកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ 
 
សូមបញ្ជាក់ថា ទំនាក់ទំនងក្នុងប៉េកាំង និងក្រុងម៉ានីល នៅរយៈពេលចុងក្រោយនេះ បានភាពរកាំរកូសយ៉ាងខ្លាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដែលភាគីទាំងសងខាង ចាត់ទុកជាដែនដីរបស់ខ្លួន៕ 
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com