RFI
អន្តរជាតិ
អ៊ុយក្រែន ស្រាយបំភ្លឺករណីអំពើពុករលួយគៃបន្លំលុយជិត៤០លានដុល្លារ ក្នុងការទិញគ្រាប់កាំភ្លើង អ៊ុយក្រែន ស្រាយបំភ្លឺករណីអំពើពុករលួយគៃបន្លំលុយជិត៤០លានដុល្លារ ក្នុងការទិញគ្រាប់កាំភ្លើង។ REUTERS - GLEB GARANICH
×
ដោយ៖ហេង ឧត្តម/RFI
ពួកអ្នកទទួលខុសត្រូវខាងយោធាអ៊ុយក្រែន ហើយនិង បណ្តាប្រធានគ្រប់គ្រងក្រុមហ៊ុន ក្នុងស្រុកនិងបរទេស បានឃុបឃិត ប្រព្រឹត្តិអំពើពុករលួយ គៃបន្លំប្រាក់ ប្រមាណជិត ៤០ លានដុល្លារ។ ករណីរឿងអាស្រូវនេះ ពាក់ព័ន្ធនឹងកិច្ចសន្យាទិញអាវុធ កាលពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនផ្ទុះឡើងបាន៦ខែ។ នេះបើតាមទីភ្នាក់ងារចារកិច្ចអ៊ុយក្រែន ហៅកាត់ថា ដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨មករា។
ភ្នាក់ងារចារកិច្ច SBU សហការស៊ើបអង្កេត ជាមួយក្រុមអយ្យការអ៊ុយក្រែន បានផ្សាយបំភ្លឺទៀតថា សកម្មភាពអំពើពុករលួយនេះ បានកើតឡើងនៅខែសីហា ឆ្នាំ២០២២ ខណៈដែល យោធាអ៊ុយក្រែន កំពុងត្រូវការទិញសម្ភារសឹកចម្បាំងជាខ្លាំង ដើម្បីទប់ទល់នឹងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី។ កាលនោះ ក្រសួងការពារជាតិអ៊ុយក្រែន បានចុះកិច្ចសន្យាទិញគ្រាប់កាំភ្លើងត្បាល់ ចំនួន ១០០ ០០០ គ្រាប់។ កិច្ចសន្យាទិញលក់ ក្នុងតម្លៃទឹកប្រាក់ ៣៧ លានដុល្លារ បានចុះហត្ថលេខារួចហើយ រីឯលុយកាក់ក៏ផ្ទេរហើយដែរ ប៉ុន្តែ ទំនិញអាវុធ គ្រាប់កាំភ្លើង បែរជាស្ងាត់បាត់ដំណឹងឈឹងសូន្យ។
ភ្នាក់ងារចារកិច្ចអ៊ុយក្រែន បានលាតត្រដាងថា មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអ៊ុយក្រែន ទាំងអតីតមន្ត្រីនិងមន្ត្រីបច្ចុប្បន្ន ហើយនិងក្រុមហ៊ុនឈ្មោះ Lviv Arsenal ដែលទទួលសិទ្ធិអនុញ្ញាតទិញលក់អាវុធ បានរួមគ្នាផ្សំគំនិត ជាមួយនឹងក្រុមហ៊ុនបរទេស១ផ្សេងទៀត ដើម្បីគៃបន្លំប្រាក់យោធា ហើយនិងបានផ្ទេរលុយតាមរយៈគណនីធានាគារនៅបរទេសទៀតផង។
ក្នុងនីតិវិធីស៊ើបអង្កេតបឋម យ៉ាងហោច បុគ្គលសំខាន់ ៥នាក់ ត្រូវជាប់សង្ស័យរបស់រដ្ឋអាជ្ញាអ៊ុយក្រែន ហើយក្នុងនោះ ម្នាក់ត្រូវចាប់ឃាត់ខ្លួន នៅពេលដែលរូបគេប៉ុនប៉ងលួចរត់ឆ្លងដែនចេញពីប្រទេស។
ចាប់តាំងតែពីពេលផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីទៅលើអ៊ុយក្រែននៅខែកុម្ភៈ២០២២មក ករណីអំពើពុករលួយត្រូវលាតត្រដាងបើកបង្ហាញច្រើនឡើងៗ ជាពិសេសក្នុងជួរកងទ័ពតែម្តង។ ជាក់ស្តែង ខែសីហា ឆ្នាំ២០២៣ អំពើពុករលួយជុំវិញការជ្រើសរើសទាហានអ៊ុយក្រែន ក៏ត្រូវបកអាក្រាតដែរ។ គ្រានោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចេញបញ្ជាផ្ទាល់តែម្តង ដើម្បីបណ្តេញអ្នកទទួលខុសត្រូវថ្នាក់តំបន់ជាច្រើននាក់។
ករណីមួយទៀត ក្នុងឆ្នាំ២០២៣ ចៅហ្វាយខេត្ត៥នាក់ អនុរដ្ឋមន្ត្រី៤នាក់ មន្ត្រីភ្នាក់ងាររដ្ឋាភិបាល ២នាក់ ត្រូវដកចេញពីដំណែង ព្រោះតែពាក់ព័ន្ធនឹងអំពើពុករលួយ។ សូម្បីតែ អគ្គរដ្ឋអាជ្ញារងម្នាក់ និងអនុប្រធានរដ្ឋបាលវិមានប្រធានាធិបតី ក៏ត្រូវជ្រុះពីកៅអីតួនាទីដែរ ក្រោយពីសកម្មភាពពុករលួយរបស់ពួកគេ ត្រូវលាតត្រដាងឡើង នៅដើមឆ្នាំ២០២៣។
ជាការកត់សម្គាល់ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅអ៊ុយក្រែន កាន់តែស្វិតស្វាញខ្លាំងឡើងៗ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះក៏ព្រោះតែវាជាលក្ខខណ្ឌទាមទារដ៏ចម្បង១ ដែល សហភាពអឺរ៉ុប បានកំណត់ដើម្បីពិចារណាអំពីបេក្ខភាពរបស់អ៊ុយក្រែន ដ្បិតថា អ៊ុយក្រែន ចង់ចូលជារដ្ឋសមាជិកសហភាពអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com