តាមការព្យាករ អតិផរណានៅឆ្នាំ២០២៤មានកម្រិត២,៥ភាគរយ ដែលខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយសារការកើនឡើងនៃថ្លៃប្រេង។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនូវហានិភ័យមួយចំនួន ព្រោះតែការបន្តអូសបន្លាយនៃវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតរបស់ប្រទេសមានសេដ្ឋកិច្ចធំៗ។ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន និងបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ដើម្បីរក្សាស្ថិរភាពថ្លៃនិងការពារអំណាចទិញនៃប្រាក់រៀល។
ឯកសារស្តីពីការវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៩មករា បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនក្នុងអត្រា៦,៤ភាគរយនៅឆ្នាំនេះ ព្រោះតែមានការគាំទ្រយ៉ាងចម្បង ពីការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។
ក្រៅពីនេះ វិស័យកសិកម្មក៏នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។
ទោះជាយ៉ាងនេះក្តី ធនាគារជាតិក៏បានព្រមានពីហានិភ័យមួយចំនួន ដែលអាចកើតឡើងសេដ្ឋកិច្ចកម្ពុជា ដោយសារការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេស ដែលមានសេដ្ឋកិច្ចធំៗ ខណៈវិស័យសំណង់និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក អាចបន្តមានកំណើនទាប។
ហានិភ័យដែលអាចកើតឡើងចំពោះសេដ្ឋកិច្ចកម្ពុជានោះមាន កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍, ភាពប្រក្រតីកម្មនៃនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាង ការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា។
ការកើនឡើង នៃភាពតានតឹងនិងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញនិងវិនិយោគ, ការប្រែប្រួលអាកាសធាតុធ្វើឱ្យវិស័យកសិកម្មមានកំណើនទាប និងការកើនឡើងនៃឧក្រិដ្ឋកម្មសាយប័រ អាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងហានិភ័យនានា ដូចជា ការកើនឡើងនៃឥណទានមិនដំណើរការអាចបន្ថយកំណើនឥណទានសម្រាប់ ការប្រើប្រាស់និងការវិនិយោគ ជាដើម។ នេះបើតាមធនាគារជាតិ។
លើសពីនេះ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗទៀត រួមមាន ការពិពិធកម្មសេដ្ឋកិច្ចនិងការនាំចេញនៅមានសន្ទុះយឺត, សមត្ថភាពជំនាញ និងផលិតភាពនៅមានកម្រិត, ថ្លៃដឹកជញ្ជូននិងអគ្គិសនីខ្ពស់ ធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែងសម្រាប់ការនាំចេញ និងដុល្លារូបនីយកម្មនៅមានកម្រិតខ្ពស់។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ៖ « អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករមានកម្រិត ២,៥ភាគរយ ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែល[បញ្ហា]ជាចម្បងគឺដោយសារការរំពឹងថាថ្លៃប្រេងឆៅពិភពលោក អាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់»។
ក្នុងបរិការណ៍ខាងលើនេះ ធនាគារជាតិនឹងបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ព្រមទាំងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃនិងការពារអំណាចទិញនៃប្រាក់រៀល តាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់។ «ក្របខណ្ឌនយោបាយរូបិយវត្ថុ នឹងត្រូវពង្រឹង ជាពិសេសការអភិវឌ្ឍឧបករណ៍ និងទីផ្សាររូបិយវត្ថុស្របពេលគ្នា នឹងការដាក់ចេញឱ្យប្រើប្រាស់សាកល្បងអត្រាការប្រាក់គោលរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីតម្រង់ទិសអត្រាការប្រាក់ជារៀលនៅលើទីផ្សារឱ្យមានកម្រិតសមស្រប»។ នេះជាការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បន្តរៀបរាប់ថា៖ « សំខាន់ដូចគ្នានេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុជាអាទិភាពមួយក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោក បន្តប្រឈមនឹងភាពមិនច្បាស់លាស់ និងមានកំណើនយឺត ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការតាមដាននិងវាយតម្លៃជាប្រចាំលើហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និង ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន។ ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាប្រសិទ្ធភាពនយោបាយរូបិយវត្ថុ។ ជាពិសេស ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នឹងបន្តទាមទារឱ្យមានការរួមចំណែក និងកិច្ចសហការពីភាគីពាក់ព័ន្ធតាមវិស័យនានា និងសាធារណជន»។
សូមជម្រាបថា កាលឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្តូរប្រាក់ ដោយបញ្ចេញប្រាក់ដុល្លារអាម៉េរិកអស់ជិត១៤០លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលក្នុងទីផ្សារ។ ប្រាក់ដុល្លារទាំងនេះ ត្រូវបានធនាគារជាតិបញ្ចេញជាដំណាក់កាលតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់នៅកម្ពុជា។
ការបញ្ចេញសាច់ប្រាក់ទាំងនេះ ជាវិធានការមួយក្នុងចំណោមវិធានការឯទៀត របស់ធនាគារជាតិ ក្នុងការអនុវត្តនូវគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាតុល្យភាពអត្រាប្តូរប្រាក់នៅកម្ពុជា។ គ្រានោះ ធនាគារជាតិសម្រេចអនុវត្តវិធាននេះ ក៏ព្រោះតែប្រាក់រៀលបានធ្លាក់ថ្លៃ ជាបន្តបន្ទាប់ ដោយសារកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ ដូច្នេះហើយ បានជាធនាគារជាតិ សម្រេចធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្រាក់ ដោយធ្វើយ៉ាងណារក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។
ធនាគារជាតិ តែងតែអនុវត្តជាប្រចាំនូវវិធានខាងលើ នៅពេលដែលពិនិត្យឃើញស្ថានភាពទីផ្សារអត្រាប្តូរប្រាក់បញ្ហា(ប្រាក់រៀលធ្លាក់ថ្លៃ ធៀបនឹងរូបិយប័ណ្ណបរទេស ជាពិសេសគឺប្រាក់ដុល្លារអាម៉េរិក)។
តួយ៉ាង កាលឆ្នាំ២០២១ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន ៥៥៤,២លានដុល្លារ ក្នុងការប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ធនាគារជាតិ មិនបានបញ្ចេញប្រាក់ដុល្លារ ឬធ្វើអន្តាគមន៍ក្នុងទីផ្សារប្តូរប្រាក់ឡើយ ព្រោះតែតម្លៃប្រាក់រៀលមានស្ថិរភាព៕