ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការភ្នំពេញ ផ្តន្ទាទោសឈ្មួញគ្រឿងញៀន២រូប ដោយដាក់ពន្ធគារអស់មួយជីវិត
30, Jan 2024 , 9:51 am        
រូបភាព
ជនជាប់ចោទ២រូប ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣ពាន់គីឡូក្រាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា។



សវនាការជំនុំជម្រះលើករណីពាក់ព័ន្ធនឹងរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទម្ងន់ ២ ៨៩៤,៣៥ ក្រាម បានដំណើរការ កាលពីថ្ងៃទី១២ ខែមករា ដោយក្រុមប្រឹក្សាជំនុំជម្រះ បានពិនិត្យលើភស្តុតាង និងលទ្ធផលកោសល្យវិច័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមអ្នកនាំពាក្យសាលាដំបូង លទ្ធផលបង្ហាញថា សារធាតុញៀនជិត៣ពាន់គីឡូក្រាមនេះ ជាប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២ភាគរយ នៃទម្ងន់សរុប។  តាមសាលក្រមចុះថ្ងៃទី២៤ ខែមករា ជនជាប់ចោទដែលជាបុរសទាំងពីររូប គឺ ឆៃ អារាំរាំ អាយុ៣៣នាក់ និងយឹម យីម៉េង អាយុ៣៥ឆ្នាំ ត្រូវជាប់ពន្ធនាគារ កំណត់ក្នុងម្នាក់ៗអស់មួយជីវិត។

ឈ្មួញគ្រឿងញៀនទាំងពីរ ក៏​ត្រូវពិន័យជាប្រាក់ចំនួន៥០លានរៀលផងដែរ ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕



© រក្សាសិទ្ធិដោយ thmeythmey.com