អន្តរជាតិ
មេដឹកនាំហ្វីលីពីន អរគុណវៀតណាមចំពោះការផ្គត់ផ្គង់អង្ករដោយស្ថិរភាព
31, Jan 2024 , 8:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ជាមួយសមភាគីវៀតណាម លោក វូ វ៉ាន់ធឿង នៅថ្ងៃទី៣០ ខែមករា។ រូបភាព Vietnam News
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ជាមួយសមភាគីវៀតណាម លោក វូ វ៉ាន់ធឿង នៅថ្ងៃទី៣០ ខែមករា។ រូបភាព Vietnam News
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានថ្លែងអរគុណទៅកាន់សមភាគីវៀតណាម លោក វូ វ៉ាន់ធឿង នៅថ្ងៃទី៣០ ខែមករា សម្រាប់ការផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព និងរយៈពេលវែងដល់ប្រទេសខ្លួន។ បន្ថែមពីនេះ មេដឹកនាំហ្វីលីពីន បានបញ្ជាក់ជាថ្មីថា វៀតណាមជាដៃគូយុទ្ធសាស្រ្តតែមួយគត់របស់ខ្លួន នៅក្នុងតំបន់អាស៊ាន។



ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានបំពេញទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី២៩ និង៣០ ខែមករា តាមសំណើសមភាគីវៀតណាម លោក វូ វ៉ាន់ធឿង។ ក្នុងដំណើរទស្សនកិច្ចទៅវៀតណាមជាលើកដំបូងចាប់តាំងពីកាន់តំណែងនៅឆ្នាំ២០២២ លោក Marcos Jr. បានអរគុណវៀតណាម​ ចំពោះការផ្គត់ផ្គង់អង្ករសម្រាប់ប្រទេសខ្លួន។ 
 
«ប្រធានាធិបតី លោក Marcos Jr. បានអរគុណវៀតណាមក្នុងនាមជាប្រទេសផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព និងរយៈពេលវែង ដល់ហ្វីលីពីន»។ សារព័ត៌មានវៀតណាម បានចុះផ្សាយបែបនេះ នៅថ្ងៃទី៣០ ខែមករា។ ប្រមុខរដ្ឋហ្វីលីពីន ក៏បានលើកសរសេរពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរផងដែរ។ 
 
ជាដៃគូយុទ្ធសាស្រ្តតែមួយគត់របស់ប្រទេសខ្លួនក្នុងតំបន់អាស៊ាន លោក Marcos Jr. បានបង្ហាញពីក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការសំខាន់ៗផ្សេងទៀតជាមួយរដ្ឋាភិបាលក្រុងហាណូយ។ ក្រៅពីប្រធានបទអង្ករ មេដឹកនាំប្រទេសទាំងពីរ ក៏បានជជែកពីបញ្ហានេសាទ បម្រែបម្រួលអាកាសធាតុ ថង់ប្លាស្ទិក សមុទ្រចិនខាងត្បូង និងការពង្រឹងមិត្តភាពទ្វេភាគីផងដែរ។ 
 
នៅចំពោះមុនមេដឹកនាំហ្វីលីពីន លោក វូ វ៉ាន់ធឿង បានស្នើឱ្យពង្រីកកិច្ចព្រមព្រៀងលើប្រព័ន្ធទំនាក់ទំនងរវាងក្រសួងកសិកម្មប្រទេសទាំងពីរ ដើម្បីជួយផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ជុំវិញការនេសាទខុសច្បាប់ ការនេសាទមិនមានការរាយការណ៍ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជម្រះកាតលឿងរបស់គណៈកម្មការអឺរ៉ុបជុំវិញការនេសាទនេះ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំវៀតណាម បានអះអាងថា វៀតណាម និងហ្វីលីពីន មានទំនាក់ទំនងជាមួយគ្នា តាមរយៈតម្លៃរួម ចក្ខុវិស័យរួម និងការប្តេជ្ញារួមគ្នាដើម្បីដោស្រាយបញ្ហាប្រឈមរួមគ្នា។ 
 
ចំណែកបញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងតែក្តៅនោះ ភាគីទាំងពីរ បានប្តេជ្ញាថែរក្សាស្ថិរភាព សន្តិភាព សុវត្ថិភាព និងសេរីភាពនៃការហោះហើរ និងនាវាចរណ៍។ បន្ថែមពីនេះ ប្រទេសទាំងពីរ ក៏ជំរុញឱ្យភាគីពាក់ព័ន្ធសមុទ្រចិនខាងត្បូងទាំងអស់ គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះតាមមធ្យោបាយសន្តិភាព និងដោយផ្អែកតាមច្បាប់សមុទ្រ។ 
 
សូមបញ្ជាក់ថា ហ្វីលីពីន ជាទីផ្សាអង្ករដ៏ធំមួយរបស់វៀតណាម។ នៅក្នុងឆ្នាំ២០២៣ វៀតណាម នាំចេញអង្ករទៅហ្វីលីពីនសម្រេចបាន១,៧៥ពាន់លានដុល្លារ កើនឡើងជិត១៨ភាគរយ បើធៀបនឹងឆ្នាំ២០២២៕ 
 

Tag:
 វៀតណាម
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com