កីឡាអន្តរជាតិ
អន្តរជាតិ
​​លោក Ray Ng៖ ប្រាក់រង្វាន់MSC 2024 ​កើនដល់៣លានដុល្លារ នឹងធ្វើឱ្យការប្រកួតកាន់​តែ​​អស្ចារ្យ
03, Feb 2024 , 11:00 am        
រូបភាព
លោក Ray Ng Head of Esports Ecosystem Moonton
លោក Ray Ng Head of Esports Ecosystem Moonton
ការបង្កើនតម្លៃប្រាក់រង្វាន់ ៣​លានដុល្លារ​សម្រាប់ការប្រកួតពាន​រង្វាន់ Mid Season Cup 2024 (MSC 2024) នឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែស្វិតស្មាញ និងអស្ចារ្យ។ លោក ​Ray Ng ប្រធាន​ផ្នែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិក Mobile Legends បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ ​លោក Ray ក៏បានសរសើរ​ក្រុមកម្ពុជា ដែល​បានបង្ហាញពីសមត្ថភាពគួរឱ្យ​ភ្ញាក់​ផ្អើល ពេល​ប្រជែ​ងក្នុងពាន MSC 2023 និងពានរង្វាន់ M5 World Championship ហើយថែម​ទាំងចង់នាំយក​ការប្រកួតអន្តរជាតិដទៃទៀតបន្ថែមសម្រាប់ក្រុមកម្ពុជា។

ដើមឆ្នាំ២០២៤ ជាវេលាដ៏ភ្ញាក់ផ្អើល សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ដោយពានរង្វាន់ MSC 2024 ត្រូវបានប្រកាសថា​នឹងធ្វើឡើង ​នៅ​ប្រទេស​អារ៉ា​ប៊ីសាអូឌីត ក្រៅតំបន់អាស៊ីអាគ្នេយ៍លើកដំបូង រួម​នឹងប្រាក់រង្វាន់​ ។ 
 
ចំណែកប្រាបក់រង្វាន់កើនឡើងក្នុងកម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល ដល់ទៅ៣លានដុល្លារ ពោលគឺ​កើន​១០ដង ធៀបឆ្នាំ២០២៣ ដែលមាន​ត្រឹម៣០ម៉ឺន​ដុល្លារ។ លោក Ray Ng ថ្លែង​ថាប្រាក់រង្វាន់នេះ នឹងធ្វើឱ្យ​កម្រិត​ប្រកួតប្រជែងទាំងក្រុមបុរស និងក្រុមស្ត្រី ​កើនឡើង​ ហើយក៏នឹងកាន់តែ​អស្ចារ្យ​។
 
«តម្លៃប្រាក់រង្វាន់កើនឡើង ខ្ញុំគិតថា រឿងនេះនឹងជួយបង្កើនកម្រិតប្រកួតប្រជែងកាន់តែខ្លាំង​ឡើង​បន្ថែមទៀតទាំង MSC 2024 និង MWI 2024 ខុសពីការប្រកួតដែលធ្លាប់កើនឡើងកន្លងទៅ។»។ លោក Ray Ng ​ប្រាប់​សារព័ត៌មានថ្មីៗ តាមរយៈបណ្តាញសង្គម WhatsApp បែបនេះ។


 
ទន្ទឹម​នឹងការប្រកាសទីតាំង​ការប្រកួតពានរង្វាន់ MSC 2024 និងពានរង្វាន់នារី MLBB Women’s Invitational (MWI 2024) កីឡាអេឡិចត្រូនិក Mobile Legends ក៏​ប្រកាសពីការបញ្ជ្រាប ​ខ្លួនចូល​ទៅក្នុងការប្រកួតកីឡាអេឡិចត្រូនិកពិភពលោក (Esports World Cup) ដែលទើបតែបង្កើត​ដោយ​ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងឆ្នាំ២០២៣ដែរ។ ការប្រកួត MWI 2024 កើនឡើងតម្លៃដល់ ៥០​ម៉ឺនដុល្លារ បើធៀប​តម្លៃការប្រកួតចាស់ត្រឹម ៣៥,០០០ដុល្លារ។
 
ជុំវិញកិច្ចសហការជាមួយ​ Esports World Cup លោក Ray Ng អះអាងថានឹងក្លាយជាជំហាននៃ​ការ​ផ្សារភ្ជាប់និងផ្សព្វផ្សាយ​ កីឡាអេឡិចត្រូនិក MLBB ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់​តំបន់មជ្ឈិមបូព៌ា​ ខណៈ​ការប្រកួតលីគ MPL MENA ក្នុងតំបន់មជ្ឈឹមបូព៌ា​បានដំណើរការដល់រដូវកាលទី៥ ហើយ​នោះ។
  

​ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិក MLBB ក៏បាន​សរសើរនូវ​ការវិវឌ្ឍខ្លួន​យ៉ាង​​ល្អ​​របស់​ក្រុម​កម្ពុជា ដែលបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលអំឡុងការប្រកួត MSC 2023 និង M5 World Championship កន្លងទៅ។ «ខ្ញុំគិតថា កម្ពុជាបានបង្ហាញខ្លួនយ៉ាងអស្ចារ្យរួចមកហើយកាលពីឆ្នាំមុន ក្នុង​លេខ ៤ MSC និងលេខ ៦ M5 និងជាមួយនឹងការប្រកួតអន្តរជាតិច្រើន ដូចជាពានរង្វាន់ Snap Dragon Pro Serie និង MPLI ជាដើ​ម។ មិនត្រឹមតែពាន MSC 2024 នេះ​ទេ! ពិតណាស់ ​យើងនឹង​ស្វែងរកការប្រកួតអន្តរជាតិដទៃ​ទៀតសម្រាប់ក្រុមកម្ពុជា។»។ លោក Ray Ng បន្ថែមដូច្នេះ។
 


គួររំលឹកថា ក្រុម BURN X FLASH ទទួលបានចំណាត់ថ្នាក់លេខ៤​ ក្នុង​ពានរង្វាន់ MSC 2023 ដែល​កាលនោះមានឈ្មោះថា Southeast Asia Cup រៀបចំនៅកម្ពុជាលើកដំបូង នា​ពាក់​កណ្តាលឆ្នាំ​២០២៣ ហើយក្រុម See You Soon បញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួត M5 World Championship នៅ​ហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ២០២៣៕





Tag:
 (កីឡាអេឡិចត្រូនិក
  Mobile Legends
  MSC 2024)
© រក្សាសិទ្ធិដោយ thmeythmey.com