ជាតិ
កម្រិតបំពុលខ្យល់នៅកម្ពុជា មិនគួរឱ្យបារម្ភឡើយ
04, Feb 2024 , 2:20 pm        
រូបភាព
ដោយ៖ ថោង ប្រណី

សៀមរាប៖ កម្ពុជាពុំមានក្ដីបារម្ភអំពីកម្រិតជាតិពុលក្នុងខ្យល់នោះឡើយ។ ក្រសួងបរិស្ថានប្រកាសយ៉ាងនេះ​នៅក្នុង​សេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៤នេះ។

«នៅកម្ពុជាមានកម្រិតបំពុលខ្យល់ត្រឹម ២០ទៅ៤០ µg/m³ តូចជាងកម្រិតស្តង់ដា ៥០ µg/m³ ដែល​កំណត់​ដោយអង្គការសុខភាពពិភពលោក (WHO)។ ការណ៍នេះមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភ​ដូចការ​ផ្សព្វផ្សាយ​របស់​មតិ និសារព័ត៌មានមួយចំនួននោះទេ។»។ នេះបើតាមខ្លឹមសារសេចក្ដីប្រកាសព័ត៌មាន។
 
ទន្ទឹមគ្នានេះដែរ តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងបរិស្ថានក៏បានរម្លឹកឡើងវិញដែរអំពី​យុទ្ធនាការ​ផ្ទៃមេឃ​ខៀវ​ និងការបង្ការ ទប់ស្កាត់ភ្លើងឆេះព្រៃទៀតផង។ សេចក្ដីប្រកាសព័ត៌មានសរសេរ​យ៉ាង​ដូច្នេះ៖«បច្ចុប្បន្ន កម្ពុជាមានចំនួនភ្លើងឆេះព្រៃថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិត​ការបំពុលខ្យល់ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិត​ស្តង់ដា​ដែរ។»។
 
លើសពីនេះទៀត ក្រសួងបរិស្ថានបានជូនដំណឹងបន្ថែមដល់សាធារណជនដែរថា ដើម្បីលើកកម្ពស់ការ​ថែរក្សា​បរិស្ថានឲ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាព​ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាលបាន​ដាក់ចេញ​នូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើន​នូវការ​សាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
 
ទោះយ៉ាងណាក៏ដោយ ក្រសួងបរិស្ថាននៅតែអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិឱ្យចូលរួមជាមួយ​ក្រសួងដើម្បីបន្តបេសកកម្មទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីប្រជាជនក្នុងតំបន់ និងក្នុងពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com