ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ​ឱ្យមេធាវីសិក្សាផ្លូវច្បាប់ប្តឹងលោក សឹង សែនករុណា អ្នកនាំពាក្យ​​អាដហុក
04, Feb 2024 , 3:20 pm        
រូបភាព
​សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​​អាដហុក។ នៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅ​រសៀលថ្ងៃទី៤កុម្ភៈនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា លោក សឹង សែនករុណា ដែល បាននិយាយវាយប្រហារ​មកលើ​គណបក្សប្រជាជន តាមរយៈកាសែត ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៤ ជុំវិញ​​ការប្រកាសសាលដីកា​​របស់តុលាការកំពូល​ក្នុង​សំណុំ​រឿងបណ្តឹង​របស់គណបក្ស​ប្រជាជន និង លោក ស៊ុន ឆ័យ។

«ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត (សឹង សែន ករុណា) ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជាមិនផ្តល់ ឱកាសសម្រាប់មនុស្សណាក៏ដោយ ប្រមាថមើល ងាយគណបក្ស តទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ »។  សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ។
 
សូមជម្រាបថា ​តុលាការកំពូល ​បានសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យលោក ស៊ុន ឆ័យ ​សង​សំណង​ជំងឺចិត្តចំនួន ៤​.០០០ លានរៀល ឬប្រមាណ១លានដុល្លារ ទៅគណបក្សប្រជាជន កម្ពុជា​ ចំពោះការប្រព្រឹត្តអំពើ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយ អសុទ្ធចិត្តលើ គណបក្សប្រជាជនកម្ពុជា ក្រោយពីការ ប្រកាសលទ្ធផល បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕​

© រក្សាសិទ្ធិដោយ thmeythmey.com