ជាតិ
ភ្ញៀវទេសចរអាចជិះរទេះក្របីកម្សាន្តតាមភូមិនៅសហគមន៍ភូមិជ្រៃ ទេសចរជិះរទេះក្របីនៅសហគមន៍រទេះក្របីភូមិជ្រៃ។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប អាចជិះរទេះក្របីកម្សាន្តទស្សនាតាមភូមិ និងវាលស្រែចម្ការដ៏ស្រស់ស្អាតនៅក្នុងសហគមន៍ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប។
នៅថ្ងៃទី៣ កុម្ភៈកន្លងទៅ ទេសចរសរុបប្រមាណ១០០នាក់ បានទៅកម្សាន្តនៅសហគមន៍ភូមិជ្រៃ ដោយជិះក្របី ទស្សនាវាលស្រែ និងទិដ្ឋភាពតាមភូមិ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។
ទេសចរជិះរទេះក្របីនៅសហគមន៍រទេះក្របីភូមិជ្រៃ។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របី ភូមិជ្រៃ លោក ឆេង ឆោម បានលើកឡើងថា សហគមន៍រទេះក្របីនេះ បានបើកឱ្យដំណើរការអស់រយ:ពេលជិត ១០ឆ្នាំមកហើយ។
អំឡុងវិបត្តិជំងឺកូវីដ១៩ សេវាទេសចរណ៍នៅទីនេះ ត្រូវបានផ្អាក ហើយបានបើកដំណើរការឡើងវិញនៅក្នុងខែមេសា ឆ្នាំ២០២៣។ លោកបន្តថា ក្នុងសហគមន៍មានរទេះក្របី ចំនួន១៦គ្រឿង និងមានបុគ្គលិកប្រមាណ២០នាក់ ដែលជាពលរដ្ឋនៅក្នុងសហគមន៍។
តាមការបញ្ជាក់ពីលោក ឆេង ឆោម សន្ទុះភ្ញៀវទេសចរចាប់ផ្តើមងើបឡើងវិញខ្លាំងនៅក្នុងឆ្នាំ២០២៤ ដែលក្នុងមួយថ្ងៃមានទេសចរបរទេសជិះរទេះក្របីពី៥០ទៅ១០០នាក់ក្នុងមួយថ្ងៃ។
សម្រាប់តម្លៃវិញ តម្លៃ២០ដុល្លារសម្រាប់ទេសចរបរទេសម្នាក់ និងតម្លៃ៣ដុល្លារសម្រាប់ភ្ញៀវខ្មែរ ដែលរទេះមួយអាចជិះបានគ្នា ៣នាក់។ ចំណែករយៈពេលវិញចាប់ពី២៥នាទៅ ដល់៣០នាទី។
បើតាមពលរដ្ឋមួយរូបដែលព័ត៌មានរដ្ឋបាលខេត្តមិនបានបញ្ជាក់ឈ្មោះ ក្នុងមួយខែគ្រួសារលោកអាច រកចំណូលពីការរបរដឹករទេះក្របីជូនភ្ញៀវកម្សាន្តនេះបានចំនួន២០០ដុល្លារ ដែលជាចំណែកមួយសំខាន់ ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ ថ្ងៃខ្លះដែលសម្បូរភ្ញៀវច្រើន ពលរដ្ឋរូបនេះអាចដឹកបាន២ទៅ៣ជុំផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com