ជាតិ
បាត់ដី បាត់ព្រៃ តែមិនឱ្យបាត់អត្តសញ្ញាណ ! អ្នកស្រី សង ព្រូ គ្រូរបាំជនជាតិដើមភាគតិចពូនង ប្ដេជ្ញាចិត្ត
04, Feb 2024 , 10:20 pm        
រូបភាព
មណ្ឌលគិរី៖ គ្រូរបាំជនជាតិដើមភាគតិចពូនង (ព្នង) អ្នកស្រី សង ព្រូ បង្ហាញអារម្មណ៍ស្ដាយស្រណោះចំពោះការបាត់បង់ដីព្រៃ និងធនធានធម្មជាតិ ដែលធ្លាប់អាស្រ័យផល នៅក្នុងខេត្តមណ្ឌលគិរី​។ ទោះបីបាត់បង់ព្រៃដូនតា ដីចម្ការវិលជុំ ប៉ុន្តែ ស្រ្តីវ័យ៥៧ឆ្នាំរូបនេះ តាំងចិត្តមិនឱ្យបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចពូនង ជា​ដាច់ខាត។

មានកំណើតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អ្នកស្រី សង ព្រូ ជាគ្រូស្ម័គ្រចិត្តបង្រៀនរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ដល់ក្មេងជំនាន់ក្រោយ តាមស្រុកភូមិមួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ 
 
នៅពេលសួរនាំដល់របាំ គ្រូបង្រៀនម្នាក់នេះ ក៏បានរម្លឹកដល់គ្រាសម្បូរសប្បាយនៃជនជាតិពូនង ដែលធ្លាប់ប្រមូលផ្ដុំគ្នារស់នៅតាមតំបន់ព្រៃភ្នំ និងពឹងអាស្រ័យលើអនុផលព្រៃឈើ។ ប៉ុន្តែ ក្រឡេកមកមើលបច្ចុប្បន្នវិញ ពួកគេកំពុងរងការគំរាមកំហែងបាត់ព្រៃឈើ និងសត្វព្រៃ ខណៈដីចម្ការមួយចំនួន ត្រូវបានគេទន្រ្ទានធ្វើជាកម្មសិទ្ធ។ 
 
ទោះបី ភូមិឋានមានការផ្លាស់ប្ដូរ ប៉ុន្តែយ៉ាងហោចណាស់ សិល្បៈរបាំប្រពៃណី ទំនៀមទម្លាប់ និងភាសា ពុំមានការផ្លាស់ប្ដូរជាអវិជ្ជមានឡើយ ពោលគឺជនជាតិដើមភាគតិចពូនង ប្រកាន់ភ្ជាប់បានច្រើន។ 


អ្នកស្រី សង ព្រូ ជាគ្រូស្ម័គ្រចិត្តបង្រៀនរបាំប្រពៃណីជនជាតិដើមភាគតិចពូនង
 
អ្នកស្រី សង ព្រូ ជាចំណែកដ៏សំខាន់ក្នុងការចូលរួមអភិរក្សប្រពៃណី វប្បធម៌ជនជាតិដើមភាគតិចនៅ​ភាគ​ឦសានមួយនេះ តាមរយៈការបង្ហាត់បង្រៀនរបាំដល់ក្មេងៗស្រករក្រោយ។ ស្រ្តីចំណាស់រូបនេះ សោកស្ដាយចំពោះការបាត់បង់ដីព្រៃ ប៉ុន្តែ តាំងចិត្តមិនឱ្យបាត់បង់អត្តសញ្ញាណជនជាតិពូនង ជាដាច់ខាត។  
 
អ្នកស្រី រអ៊ូថា៖« ចាស់ៗពីមុនគាត់បានរៀបរាប់ពីការស់នៅដែលមានឪពុក ម្ដាយ និងបងប្អូនជួបជុំគ្នា ប៉ុន្តែ ឥឡូវបាត់ដី បាត់ព្រៃឈើតូចធំ ដូច្នេះ ខ្ញុំកម្សត់ ខ្ញុំពិបាកចិត្ត ខ្ញុំស្រណោះ។ តែយ៉ាងហោចណាស់ ក៏យើងនៅសល់សិល្បៈប្រពៃណីដែរ ហើយទោះជាយ៉ាងម៉េចក៏ដោយ ខ្ញុំមិនចោលសិល្បៈនេះជាដាច់ខាត ដោយខ្ញុំនឹងបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ឱ្យរីកចម្រើនតទៅមុខទៀត»។
 
 អ្នកស្រី សង ព្រូ ធ្វើជាគ្រូរបាំរយៈពេល១៦ឆ្នាំហើយ និងបានបង្កើតក្រុមរបាំមួយនៅក្នុងស្រុកពេជ្រាដា។ ជាញឹកញាប់ អ្នកស្រី បានចេញទៅបង្វឹកក្មេងតាមសហគមន៍ នៅស្រុកភូមិមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី និងអង្គការមួយចំនួន ដូចជា World Hope International - Cambodia។ ការងារនេះគ្មានប្រាក់ខែនោះទេ ប៉ុន្តែការខំប្រឹងរបស់ស្រ្តីចំណាស់រូបនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចពូនង កុំឱ្យបាត់បង់។ ម្យ៉ាងទៀត តាមរយៈរបាំ ក៏បាននាំអ្នកស្រីឱ្យស្គាល់មនុស្ស និងកន្លែងជាច្រើន ផងដែរ។
  

ការសម្ដែងរបាំ របស់កុមារជនជាតិដើមភាគតិចពូនង នៅក្នុងយុទ្ធនាការ «យុវជន និងភាពជាម្ចាស់នៃកិច្ចការពារដែនជម្រកសត្វព្រៃកែវសីមា តាមរយៈសិល្បៈវប្បធម៌» រៀបចំដោយអង្គការ World Hope។ 

អ្នកស្រី ប្រាប់ដូច្នេះថា៖« ខ្ញុំចង់ផ្ដល់ការអប់រំផ្នែកសិល្បៈរបាំនេះដល់ក្មេងៗជំនាន់ក្រោយឱ្យពួកគេចេះ ដើម្បីកុំឱ្យភ្លេចអត្តសញ្ញាណជនជាតិដើមភាគតិចពូនង ដូច្នេះហើយ បានជាខ្ញុំព្យាយាមធ្វើ។  និយាយទៅការបង្រៀនរបាំនេះ ធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយបានស្គាល់មនុស្សច្រើន និងដើរគ្រប់ខេត្តក្រុង សូម្បីតែភ្នំពេញ»។ 
 
បច្ចុប្បន្នក្មេងជំនាន់ក្រោយជនជាតិដើមភាគតិចពូនង ចាប់អារម្មណ៍រៀនរបាំច្រើនជាង ៥ទៅ១០ឆ្នាំមុន ដោយសារតែពួកគេមានការយល់ដឹង និងចង់លើកកម្ពស់ប្រពៃណី។ នេះបើតាម អ្នកស្រី សង ព្រូ៕ 

Tag:
 ជនជាតិដើមភាគតិច
  ពូនង
  មណ្ឌលគិរី
  សង ព្រូ
© រក្សាសិទ្ធិដោយ thmeythmey.com