ជាតិ
បើអចលនទ្រព្យចុះថ្លៃ តើវាជាឱកាសសម្រាប់អ្នកវិនិយោគឬ?
05, Feb 2024 , 8:30 am        
រូបភាព
សុធីរ និងសំណាង លែងជួបគ្នាអស់រយៈពេលជាច្រើនខែមកហើយ ព្រោះម្យ៉ាងម្នាក់ៗ​មាន​កិច្ចការធ្វើរៀងៗខ្លួនដើម្បីចិញ្ចឹមក្រពះ។ ម្យ៉ាងទៀត ក្លើទាំងពីរ មានទស្សន​ៈមិន​សូវត្រូវ​គ្នាសោះ ក្នុងរយៈពេលចុងក្រោយនេះ។ ទើបតែពេលថ្មីៗកន្លងមកនេះទេ ដែល​សម្លាញ់​ទាំងពីរទាក់ទងគ្នាឡើងវិញ ដើម្បីក្រេបកាហ្វេរួម​គ្នា។ មិត្ត​ភក្តិ​ទាំងពីរផឹកកាហ្វេផង និងបន្តនិយាយ​ពីតម្លៃអចលន​ទ្រព្យផង។

 

សុធីរ៖ អា សំណាង យ៉ាងម៉េចហើយតម្លៃដីធ្លីផ្ទះសម្បែង? អ្នកគួកជេដីធ្លី ដូចជា​ឈប់អួតរឿងហ្នឹងទៀត? 
 
សំណាង៖ អ្នកគួកជេដីធ្លី ផ្ទះសម្បែង លែងមាត់ស្ទើរគ្រប់គ្នាហើយ។ ពួកហ្នឹង ដើរបណ្តើរ គ្រវីក្បាលបណ្តើរ។ ពីពេលមុន ក្រុមហ្នឹង មួយថ្ងៃៗនិយាយតែពីរឿង​ប្រាក់ចំណេញពី​ដីធ្លីប៉ុណ្ណោះ។ ឥឡូវចប់ហើយ។ គ្មានអ្នកទិញទៀត​ទេ មានតែអ្នក​លក់។ តម្លៃងាប់ស្តូកតែម្តង។ 
 
សុធីរ៖ អ៊ីចឹង វិស័យអចលនទ្រព្យ ស្ទើដាច់ខ្យល់ហើយ មិនថាអ៊ីចឹង? 
 
សំណាង៖ ឥឡូវនេះ មនុស្សមានតែដីធ្លី និងផ្ទះសម្បែង តែគ្មានលុយក្នុងដៃទេ។ ម្នាក់ៗរអ៊ូណាស់។ រអ៊ូ រឿងអត់លុយ។ អត់លុយចាយ អត់លុយបង់ធនាគារ។ មនុស្សមួយចំនួនវ័ណ្ឌកនឹងបំណុលធនាគារ។ 
 
សុធីរ៖ តើតម្លៃអចលនទ្រព្យអាចងើបវិញទេ? 
 
សំណាង៖ បើពិនិត្យទៅលើស្ថានភាពក្នុង និងក្រៅប្រទេស វិស័យអចលនទ្រព្យ​ប្រហែល​ជាមិនងាយងើបឡើងវិញទេ។ បើងើបឡើងវិញ ក៏ប្រហែលជាត្រូវការច្រើន​ទសវត្សរ៍ទៀត​មើលទៅ។ អា សុធីរ! កន្លងមក អ្នកធ្វើផ្ទះលក់ ពុះដីឡូត៍លក់ ហ្នឹងវាច្រើនពេក។ មួយថ្ងៃៗ ឃើញតែគេបើកគម្រោងលក់ដីធ្លី ផ្ទះសម្បែងនៅទីនេះ ឬទីនោះ។ វាច្រើន រហូតដល់អ្នកជំនាញសេដ្ឋកិច្ចសឹងតែមិនជឿ។ 
 
សុធីរ៖ បើអញស្តាប់អ្ហែងនិយាយ មានន័យថា កុំរំពឹងទៅលើវិស័យអចលនទ្រព្យ​ទៀតអី។ ចុះបើតម្លៃអចលនទ្រព្យចុះថ្លៃជារៀងរហូតដូច្នេះ តើវាអាក្រក់ ឬល្អ? 
 
សំណាង៖ បើនិយាយជាលក្ខណៈបុគ្គលៗ ឬអ្នករកស៊ីដីធ្លី ផ្ទះសម្បែង វាមិនល្អទេ ព្រោះពួកគេបាត់បង់ចំណូល។ ប៉ុន្តែ វាល្អសម្រាប់អ្នកវិនិយោគ និងអ្នកមិនទាន់​មានកន្លែងរស់នៅ។ ប្រសិនបើដីធ្លី ផ្ទះសម្បែងចុះថ្លៃ ពេលនោះ តម្លៃវិនិ​យោគនឹងចុះថ្លៃ​។ ជាលទ្ធផល អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស​ ចង់បង្កើន​ការរកស៊ីនៅក្នុងប្រទេសកម្ពុជា​។ ដូចគ្នាដែរ វាល្អ សម្រាប់អ្នកមិនទាន់មានផ្ទះសម្បែង និងដីធ្លីរស់នៅ។ 
 
សុធីរ៖ អើ! បើស្តាប់អ្ហែងនិយាយ ដូចជាម្យ៉ាងដែរ នៅពេលដែល​អចលនទ្រព្យ​ដាំក្បាលចុះ។ 
 
សំណាង៖ អា សុធីរ រឿងនេះ អញមិនចេះខ្លួនឯងទេ។ អញនិយាយតាមគេតាមឯង​ទេវ៉ើយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com