ជាតិ
សេដ្ឋកិច្ច
ក្រសួង-ស្ថាប័នអប់រំចំនួន៣៤ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh ដើម្បីបង្កើនប្រសិទ្ធភាពការងារ
08, Feb 2024 , 7:39 pm        
រូបភាព
អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះMOU ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh។ រូបថត៖ ក្រសួងប្រៃសណីយ៍
អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះMOU ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh។ រូបថត៖ ក្រសួងប្រៃសណីយ៍
ក្រសួងកិច្ចការនារី និងក្រសួងសាធារណការ​និងដឹកជញ្ជូន សម្រេចប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh តាមរយៈ QR Code ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ការសម្រេចប្រើប្រាស់នូវថ្នាលនេះ​ គឺជាការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។  គិតមកទល់បច្ចុប្បន្ន​ គឺមានក្រសួង​និងគ្រឹះស្ថានអប់រំចំនួន៣៤ហើយ ដែលប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh នេះ។​

 
ក្រសួងកិច្ចការនារី និងក្រសួងសាធារណការ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៨កុម្ភៈ។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់ក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង។ 
 
ក្នុងដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ នឹងដាក់QR Codeស្តង់ដា លើឯកសាររបស់ក្រសួងទាំងពីរខាងលើ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល Verify.gov.kh​។ លើសពីនេះ ក្រសួងប្រៃសណីយ នឹងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង រួមទាំងការកំណត់តម្រូវការនៃប្រើប្រាស់កុំព្យូទ័រ ឬ ឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរ ដែលមានអាជ្ញាបណ្ណក្នុងការងារ​ប្រចាំថ្ងៃ។
 
បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  Verify.gov.kh​  គឺជាថ្នាលដំណោះស្រាយឌីជីថលដែលជួយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័ននីមួយៗ ​លើការផ្តល់សេវាសាធារណៈបានយ៉ាងរហ័យ មានសុវត្ថិភាពខ្ពស់ រួមទាំងកាត់បន្ថយចំណាយមិនចាំបាច់នានា បានច្រើនថែមទៀត។  លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ៖ «សម្រាប់វិស័យអប់រំមួយ ដែលប្រើថ្នាលឌីជីថលនេះ គឺចំណេញយ៉ាងតិច ២ទៅ៣លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការនានា។ ជាពិសេស គឺការមិនចំណាយលើបោះពុម្ពសញ្ញាបត្របណ្តោះអាសន្នដល់សិស្សប្រឡងជាប់បាក់ឌុប»។

 លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
 
ក្រៅពីដាក់QR Codeស្តង់ដា លើឯកសារតាមថ្នាល Verify.gov.kh​  ហើយនោះ ក្រសួងប្រៃសណីយ៍ ក៏ដាក់កម្មវិធីកំណត់មុខសញ្ញាមន្ត្រីជំនាញដែលត្រូវទទួលបានការបណ្តុះបណ្តាល និងពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងគិតគូរពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃដល់មន្ត្រីរបស់ក្រសួងកិច្ចការនារី និងក្រសួងសាធារណការ ផងដែរ។ 
 
ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺជាថ្នាលរបស់រដ្ឋាភិបាល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ​ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
 
លោក ជា វ៉ាន់ដេត បានអះអាងថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh​ ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ 
 
កាលពីថ្ងៃទី១កុម្ភៈ ថ្នាលផ្ទៀងផ្ទាល់ឯកសារ verify.gov.kh បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤​ នៅប្រទេសសិង្ហបុរី ខណៈ«ប្រព័ន្ធសុខាភិបាលឌីជីថល»របស់ថៃទទួលបានមេដាយប្រាក់ ហើយ «ប្រព័ន្ធសំបុត្រកំណើត និងសំបុត្រមរណភាព» របស់សិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។ 
 
បច្ចុប្បន្នក្រសួង​-ស្ថាប័នសាធារណៈ ​ដែលប្រើថ្នាល Verify.gov.kh រួមមាន ក្រសួងអប់រំ ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី  ក្រសួងសាធារណការ និងក្រសួងអធិការកិច្ច  សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលកវិទ្យាល័យការពារជាតិ​ជាដើម៕ 
 

Tag:
 Verify.gov.kh
© រក្សាសិទ្ធិដោយ thmeythmey.com