ប្រាក់ចំណូលរបស់ក្រុមហ៊ុន TSMC នៅឆ្នាំ២០២៣ បានកើនដល់ ៦៩,៣ពាន់លានដុល្លារ ដែលាបាននាំមុខ ក្រុមហ៊ុនអាម៉េរិក Intel និង ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅពិភពលោក។
ក្រុមហ៊ុនតៃវ៉ាន់ TSMC បានកើបប្រាក់ចំណូល ៦៩,៣ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន Intel មាន ៥៤,២៣ពាន់លានដុល្លារ និងក្រុមហ៊ុន Samsung មាន ៥០,៩៩ពាន់លានដុល្លារ។ នេះបើតាមអ្នកវិភាគហិរញ្ញវត្ថុលោក Dan Nystedt ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ។ ស្ថិតិដែលធ្វើឡើងដោយលោក Nystedt ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗសម្រាប់ឆ្នាំកន្លងមក។
នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនផលិតបន្ទះឈីប បានថយចុះចំណូល។ បើតាមលោក Nystedt ក្រុមហ៊ុនទាំងបីខាងលើបានធ្លាក់ចុះចំណូល បើធៀបនឹងឆ្នាំ ២០២២ ។ យ៉ាងណាមិញ ការថយចុះប្រាក់ចំណូលរបស់ Samsung និង Intel មានទំហំធំជាង TSMC ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះបានសន្និដ្ឋានថា នៅឆ្នាំ២០២៣ TSMC បាននាំមុខ Samsung និង Intel ជាលើកដំបូង ដែលបានក្លាយជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក បើផ្អែកលើចំណូល។
ស្ថិតិប្រាក់ចំណូលរបស់ TSMC, Samsung, Intel ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ រូបភាព ៖ Dan Nystedt
យោងតាមក្រុមហ៊ុន Tom's Hardware ប្រាក់ចំណូលរបស់ TSMC បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ ២០២០ បន្ទាប់ពីតម្រូវការសម្រាប់ឧបករណ៍ឌីជីថលរួមទាំងស្មាតហ្វូន កុំព្យូទ័រ និងម៉ាស៊ីនហ្គេមបានកើនឡើងក្នុងអំឡុងកូវីដ-១៩ ។
ក្រុមហ៊ុនដែលផលិតបន្ទះឈីបមួយទៀតដែលមិនត្រូវមើលរំលងនោះគឺ Nvidia ។ ក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនាប្រព័ន្ធដំណើរការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) មួយនេះ មិនទាន់បានប្រកាសទិន្នន័យហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៣ នៅឡើយទេ។ យ៉ាងណាមិញ បើយោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគ ប្រាក់ចំណូលរបស់ Nvidia កាលពីឆ្នាំមុនអាចឈានដល់ ៥៨ពាន់លានដុល្លារ ដែលនៅកម្រិតមួយមិនអាចលើសពី TSMC ទេ។
ភាពខុសប្លែកគ្នារវាងក្រុមហ៊ុនទាំងអស់ខាងលើគឺថា TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបតាមការបញ្ជាទិញរបស់ដៃគូ ចំណែក Nvidia ផ្តោតលើការរចនាបន្ទះឈីប មិនមែនការផលិតដោយផ្ទាល់ទេ។ ទន្ទឹមនេះ Samsung និង Intel ជាក្រុមហ៊ុនក្រុមហ៊ុនផលិតឧបករណ៍រួមបញ្ចូលគ្នា ( IDM) ដែលមានសមត្ថភាពចាប់ពីការរចនា ការផលិត រហូតដល់ការសាកល្បងដើម្បីផលិតចេញផលិតផលពេញលេញ។
ក្រុមហ៊ុន TSMC មានសមត្ថភាពក្នុងការផលិតបន្ទះឈីបលើដំណើរការកម្រិតខ្ពស់ដូចជា ២ណាណូម៉ែត្រ និង៣ណាណូម៉ែត្រ ដែលបានជួយឱ្យក្រុមហ៊ុននេះទទួលបានការបញ្ជាទិញធំៗពីក្រុមហ៊ុន Apple, AMD, Nvidia, Qualcomm។ យោងតាម ក្រុមហ៊ុន Tom's Hardware ផលិតផល Intel ជាច្រើន បច្ចុប្បន្ននេះក៏ត្រូវបានផលិតដោយ TSMC ដែរ។
ចំណែក Intel គឺជាឈ្មោះក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យសឺមីកុងឌុចទ័រអស់ជាច្រើនទសវត្សរ៍ មកហើយ ចាប់តាំងពីដណ្តើមតំណែងបានពីក្រុមហ៊ុន NEC ក្នុងឆ្នាំ ១៩៩២។ នៅឆ្នាំ ២០១៧ តំណែងនេះត្រូវបានជំនួសដោយ Samsung ហើយនៅឆ្នាំ ២០២៣ ត្រូវបានមកលើ TSMC៕