ជាតិ
សុខភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសអុតស្វា៣ករណីបន្ថែមទៀត
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺអ៊ឹមផក(អុតស្វា) ចំនួន៣ករណី គិតត្រឹមថ្ងៃទី៩-១០ ខែកុម្ភៈ២០២៤នេះ។ ការរកឃើញនេះ ធ្វើឱ្យអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា កើនដល់៩ករណី។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ករណីឆ្លងជំងឺអ៊ឹមផកទាំងបីនេះ នៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជំងឺអ៊ឹមផក(អុតស្វា) មានរោគសញ្ញា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខ ក្នុងនោះក៏មានគ្រុនក្ដៅ ឈឺខ្នង ឈឺសាច់ដុំក្នុងរយៈពេលជាច្រើនសប្ដាហ៍។
ការឆ្លងជំងឺវីរុសអុតស្វានេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះផ្ទាល់ ឬម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល និងឪពុកម្តាយមានជំងឺអ៊ឹមផក។ ជាមួយគ្នានេះ បង្ការការចម្លងនូវជំងឺនេះ អ្នកត្រូវចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ឹមផក ឬចៀសវាងប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រាឬពែង ឬផ្ទៃនៃទីតាំង និងហាមប៉ះដំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវជាដើម។
ក្រសួងសុខាភិបាល រំលឹកដល់ពលរដ្ឋសារជាថ្មីឱ្យបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការចម្លងជំងឺអ៊ឹមផក ជាពិសេសត្រូវអនុវត្តវិធានការបង្ការនានា។ អ្នកឆ្លងជំងឺអ៊ឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា និងក្រមរជ្រុះអស់។ អ្នកដែលផ្តល់ការថែទាំអ្នកជំងឺអ៊ឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប៕
© រក្សាសិទ្ធិដោយ thmeythmey.com