កីឡាជាតិ
ជាតិ
Dave Leduc ផ្ដាំ ព្រំ សំណាង កុំឲ្យមោទកភាពខ្លាំងពេក បើទោះជាផ្ដួល Yar Men បានក៏ដោយ
13, Feb 2024 , 3:59 pm        
រូបភាព
កីឡាករ ព្រំ សំណាង បានផ្ដួល Yar Men អ្នកប្រដាល់មីយ៉ាន់ម៉ា ក្នុងទឹកទី២ តាមរយៈការទាត់ ក្នុងសង្វៀន King of The Ring កាលពីថ្ងៃទី៩ ខែកុម្ភៈ នៅស្ថានីយ៍ទូរទស្សន៍ថោន។ ជ័យជម្នះរបស់ ព្រំ សំណាង នេះ បានជំរុញឲ្យ Dave Leduc បង្ហោះសារផ្ដាំថា កុំមោទកភាពខ្លាំងពេក។ Dave Leduc ព្រលយសម្តីថា ប្រសិនមានឱកាសប្រកួតម្ដងទៀត រូបគេនឹងវាយ ព្រំ សំណាង ឲ្យសន្លប់តែម្ដង។

 
ក្រោយយកឈ្នះ Yar Men លើទម្ងន់ ៨០គីឡូក្រាមនេះ ព្រំ សំណាង ចាប់ផ្ដើមមានប្រជាប្រិយភាឡើងវិញ ដោយទទួលបានពាក្យសរសើរពីអ្នកគាំទ្រជាច្រើន។ ព្រំ សំណាង បានប្រើបច្ចេកទេសទាត់ជើងក្រោមរបស់កីឡាករមីយ៉ាន់ម៉ា ឲ្យបោះបង់ការប្រកួតនៅពាក់កណ្ដាលទឹកទី២។ 
 
ជ័យជម្នះរបស់ ព្រំ សំណាង ទំនងជាធ្វើឲ្យ Dave Leduc មិនពេញចិត្តឡើយ។ កីឡាករប្រដាល់មីយ៉ាន់ម៉ារូបនេះ បានបង្ហោះសារមួយ ហាក់ដូចជាមានបំណងចង់ប្រកួតជាមួយ ព្រំ សំណាង ម្ដងទៀត។ តាមរយៈអត្ថន័យសំណេរ ដែលអមជាមួយវីដេអូ បែបឌឺដងនេះ Dave មានជំនឿចិត្តថា ប្រសិនជាមានឱកាសប្រកួតលើកក្រោយមែន រូបគេ នឹងផ្ដួល ព្រំ សំណាង បាន។
 
«កុំមានមោទនភាពពេកចំពោះអ្នកប្រដាល់មីយ៉ាន់ម៉ា ព្រោះខ្ញុំអាចត្រឡប់មកវិញនៅពេលណាក៏បាន ហើយវាយអ្នកម្តងទៀត។ ខ្ញុំ​មានកម្លាំងខ្លាំងពិត​ប្រាកដ​នៃ​រាជវង្ស​ស្ដេច​ភូមា​ទាំង​អស់​គឺ រាជវង្ស​តុងហ្គោ (Toungoo), កូនបោន (Konbaung),  បាកាន (Bagan)។ លើក​ក្រោយ​ខ្ញុំ​នឹង​មិន​ផ្តល់​ឱកាស​ឱ្យ​អ្នក​ឡើយ។»។ Dave Leduc បានបង្ហោះសារផ្ដាំទៅ ព្រំ សំណាង បែបនេះ។
 
ទន្ទឹមនេះ Dave Leduc មិនបានចាត់ទុកជ័យជម្នះរបស់ ព្រំ សំណាង លើ Yar Men ថា ជារឿងអស្ចារ្យឡើយ។ Leduc និយាយបែបផ្លែផ្កាវិញថា បើសិនរូបគេ ប្រកួតជាមួយ Yar Men វិញ រូបគេ ប្រើតែដៃម្ខាងប៉ុណ្ណោះ ក៏អាចយកឈ្នះបានដែរ។ កីឡាករប្រដាល់Lathwei រូបនេះ ថែមទាំងអះអាងថា ខ្លួនជាស្ដេចប្រដាល់អាស៊ីអាគ្នេយ៍ ទៀតផង។ 
 
Dave Leduc បានបង្ហោះសំណេរបែបឌឺដងបែបនេះ៖«យ៉ា ម៉េន ចង់ប្រកួតជាមួយខ្ញុំថ្មីៗនេះ, (សើច ហាហា) ដូចជាកំប្លែងពេកហើយមែនទេ? ខ្ញុំ​គោរព​មហិច្ឆតារបស់គាត់ ប៉ុន្តែ​ខ្ញុំ​អាច​ប្រយុទ្ធ​ជាមួយ​គាត់​ដោយប្រើ​ដៃតែ​ម្ខាង។ សូមក្រឡេកមើលការពិត, ខ្ញុំបានត្រួតត្រា ព្រំ សំណាង ទាំងស្រុង ដែលបានផ្តួល ធឿន ធារ៉ា ,ទុន ទុនមីន និង យ៉ា ម៉េន។ ឥឡូវ​ដឹង​ច្បាស់​ហើយ​ថា​ នរណា​ជា​ស្តេច​ប្រដាល់​អាស៊ីអាគ្នេយ៍។»។
 
គួរបញ្ជាក់ផងដែរថា ព្រំ សំណាង បានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មោះគ្នា ជាមួយ Dave Leduc កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្រោយចប់ការប្រកួតនេះ ព្រំ សំណាង រងការរិះគន់យ៉ាងខ្លាំង ដោយសារគេមើលឃើញថា សមត្ថភាពនៅមានកម្រិតជាង Dave Leduc។ 
 
ដោយឡែក Dave បានលើកខ្លួនឯងថា ជាស្ដេចប្រដាល់នៅអាស៊ីអាគ្នេយ៍ និងជាស្ដេចប្រដាល់គុនខ្មែរ ផងដែរ។ ប៉ុន្តែមិនមានបុគ្គលណា មើលឃើញ និងទទួលស្គាល់ថា Dave Leduc ពិតជាសាកសម ជាចប្រដាល់នៅអាស៊ីអាគ្នេយ៍ និងជាស្ដេចប្រដាល់គុនខ្មែរ ឡើយ៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  ព្រំ សំណាង
  Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com