ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ៣,០៨៣លានដុល្លារពីទេសចរណ៍អន្តរជាតិ ​
16, Feb 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ចំនួន៣,០៨៣លានដុល្លារ នៅ​ក្នុង​ឆ្នាំ២០២៣។ ចំនួននេះកើនឡើង ១១៧.៩ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះ​បើ​យោងតាម សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការរបស់​ក្រសួង​ទេស​ចរណ៍។

 
យោងតាមស្ថិតិផ្លូវការ ​ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៤៥៣,២៣១​​នាក់ ​កើនឡើង ​១៣៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ ​ចំណែកឯ​លំហូរ ទេសចរជាតិក្នុង ស្រុក មានចំនួន ១៨,៧៤៣,៣៧៣នាក់ ​នៅក្នុងឆ្នាំ២០២៣ ដែលកើនឡើង ៣៤.៥ ភាគរយ ខណៈទេសចរ​ម្នាក់ចំណាយ ៥០ ដុល្លារជាមធ្យម និងរយៈពេលស្នាក់នៅ មធ្យម៣ថ្ងៃ ២​យប់។
 

​​
ទន្ទឹមនឹងនេះ ក៏មានលំហូរទេសចរជាតិចេញទៅក្រៅប្រទេសវិញដែរ ក្នុងចំនួន ១,៨១៩,៥០៤នាក់ នៅឆ្នាំ២០២៣ កើនឡើង ៨៧.៥ភាគរយ។ នេះបើតាមរបាយការណ៍ ផ្លូវការរបស់ក្រសួងទេសចរណ៍។
 
ក្នុងឆ្នាំ២០២៣ កម្ពុជាមានមូលដ្ឋានអាជីវកម្មទេសចរណ៍ ចំនួន១៣,៩៦៧អាជ្ញាប័ណ្ណ និង សេវាកម្មស្នាក់នៅ ៨០,១៤៨បន្ទប់។ វិស័យនេះ បានផ្តល់ការងារនិងមុខរបរដល់​ពលរដ្ឋ ៤៥ម៉ឺននាក់ និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧.៥ ភាគរយ។ ស្ថិតិផ្លូវការរបស់ក្រសួងទេសចរណ៍ឱ្យដឹងដូច្នេះ៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com