ជាតិ
ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរបរទេសជាង ៥.៥លាននាក់ ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
× ភ្នំពេញ៖ កម្ពុជា ទទួលអ្នកដំណើរអន្តរជាតិ ចំនួន ៥ ៥៤៥ ២៣១នាក់ នៅក្នុងឆ្នាំ២០២៣ ដែលចំនួននេះកើនឡើងជិត ១៣៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះបើតាមស្ថិតិទេសចរណ៍ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរបរទេសទាំងនោះ មានពលរដ្ឋថៃច្រើនជាងគេ គឺជាង ១ ៨២០ ៤៦០នាក់ ដែលគ្របដណ្តប់ ៣៣.៤ភាគរយ នៃអ្នកដំណើរបរទេសសរុប។ ចំណែកពលរដ្ឋវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានមកកម្សាន្ត និងធ្វើធុរកិច្ចនៅកម្ពុជា មានចំនួន ១ ០១៩ ៨១២នាក់ ស្មើនឹង ១៨.៧ភាគរយ។ ជនជាតិចិន ឈរនៅលំដាប់លេខរៀងទី៣ មានចំនួន ៥៤៧ ៧៩៨នាក់។
ក្នុងចំណោមអ្នកដំណើរបរទេសទាំងអស់ មាន១.៨លាននាក់ចូលមកកម្ពុជា តាមជើងហោះហើរ និងជិត ៣.៦លាននាក់ ធ្វើដំណើរចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹក។ របាយការណ៍ដដែល បង្ហាញដូច្នេះ។
ក្នុងឆ្នាំ២០២៣ដដែល ក៏មានពលរដ្ឋខ្មែរ ចំនួន ១ ៨១៩ ៥០៤លាននាក់ បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។ ចំនួននេះ កើនឡើងជាង ៨៧.៥ភាគរយ។ នេះបើតាមស្ថិតិទេសចរណ៍ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com