ជាតិ
ក្មេងស្រីម្នាក់ទៀតនៅខេត្តកំពត ឆ្លងជំងឺផ្តាសាយបក្សី
× ភ្នំពេញ៖ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្មេងស្រីរូបនេះ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
ក្មេងស្រីដែលឆ្លងនូវជំងឺផ្តាសាយបក្សីនេះ មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នស្ថានភាពរូបគេ បានធូរស្រាល និងកំពុងទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រហែលមុន៥ថ្ងៃ ដែលក្មេងស្រីនេះ ចាប់ផ្តើមឈឺនៅផ្ទះរបស់នាង គឺមានមាន់ងាប់ចំនួន៧ក្បាល។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវលើការកើតឡើងជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ត្រ និងបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ។ ជាពិសេសស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុខាងលើ។
«ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង»។ នេះជាការរំឭករបស់ក្រសួងសុខាភិបាល មុននឹងបន្តអំពាវនាវឱ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ បើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់។
ដើម្បីបង្ការការឆ្លង ក្រសួងសុខាភិបាល បានប្រាប់ពលរដ្ឋឱ្យរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com