កីឡាជាតិ
ជាតិ
បុគ្គលមានឆន្ទៈ​ស្រលាញ់កីឡាបាល់ទះ ទើបអាចកែប្រែការលេងខុសបច្ចេកទេស
23, Feb 2024 , 8:29 am        
រូបភាព
បុគ្គលដែលមានឆន្ទៈចង់កែខ្លួនឯងពិតប្រាកដ ស្រលាញ់កីឡាបាល់ទះពិតប្រាកដ នោះទើបពួកគេអាចកែប្រែការលេងកីឡាបាល់ទះដោយខុសបច្ចេកទេសពិតប្រាកដ ដោយមិនចាំបាច់មានការបង្ខិតបង្ខំអ្វីទាំងអស់។ នេះបើតាមការអះអាងរបស់លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) នៅក្នុងសន្និសីទសារព័ត៌មានកីឡាបាល់ទះ ៤ទល់៤ Special Volleyball Challenge Cup 2024 នាផ្សារទំនើបជីបម៉ុង ២៧១។



ការលេងបាល់ទះដោយរបៀបខុសស្តង់ដាបច្ចេកទេសក្រៅផ្លូវការ ចាប់ស្អិត បោះបោកស្អិត ត្រូវបានគេមើលឃើញជារឿយៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសបុក ឬក៏យូធូបជាដើម។ 
 
លេងបាល់ខុសបច្ចេកទេស បានក្លាយជាកង្វល់ចម្បងមួយរបស់ VFC ដែលតែងតែងអំពាវនាវ ឱ្យកីឡាករ លេងខុសបច្ចេកទេសវិលមករកការលេងបាល់ផ្លូវការឡើងវិញ។ 
  


ចំពោះបញ្ហាដែលតែងកើតមានជារឿយៗបែបនេះ លោក សេរីពិសិដ្ឋ បាននិយាយថាបើសិនមនុស្ស ឬបុគ្គលដែលមានឆន្ទៈចង់កែប្រែពិតប្រាកដ ការស្រលាញ់បាល់ទះពិតប្រាកដ ពួកគេនឹងកែប្រែការលេងបាល់ខុសបច្ចេកទេស ហើយវិលមកលេងឱ្យត្រូវតាមស្តង់ដាឡើងវិញ។
 
«ទីមួយបុគ្គលដែលមានឆន្ទៈចង់កែខ្លួនឯង ទីពីរបុគ្គលគាត់ស្រលាញ់បាល់ទះពិតប្រាកដ នោះគាត់នឹងនាំគ្នាកែពិតប្រាកដហើយ ទីបីវាត្រូវតែមានច្បាប់ បើតាមខ្ញុំដឹងច្បាប់កីឡាគឺទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តីហើយ។ […] ប្រសិនជានិយាយគ្នាជាភាសាមិនស្តាប់ អ៊ីចឹងមានតែធ្វើតាមបែបបទរដ្ឋបាល នោះនឹងអាចនាំគ្នាកែ ប៉ុន្តែយើងអត់ចង់ដល់កម្រិតបែបនឹង អ្វីដែលយើងអាចកែគ្នាយើងបាន យើងនឹងនាំគ្នាកែ ហើយជ្រោងកីឡាជាតិទាំងអស់គ្នា។ យើងចង់បានទឹកចិត្តដែលចង់កែពិតប្រាកដ មិនចង់បានការបង្ខំឱ្យកែ ចង់ឱ្យចូលរួមកែវិញ ត្រង់នេះគឺល្អជាង។»។ លោក អាំង សេរីពិសិដ្ឋ បានលើកឡើងដូច្នេះ។
  


អគ្គលេខាធិការ VFC ដដែលធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពានរង្វាន់បាល់ទះ ៤ទល់៤ រួចមកហើយថា ការបង្កើតពានរង្វាន់បាល់ទះនេះឡើងគឺក្នុងគោលបំណងផ្សព្វផ្សាយ និងលុបបំបាត់ការលេងបាល់ទះខុសបច្ចេកទេសស្តង់ដា លើប្រភេទកីឡាដ៏ពេញនិយមមួយនេះ។
 
គួររំលឹកថា ពានរង្វាន់បាល់ទះ ៤ទល់៤ Special Volleyball Challenge Cup 2024 នឹងចាប់ផ្តើមដំបូងពីភូមិភាគខេត្តបាត់ដំបូង ពីថ្ងៃទី២៤ ខែកុម្ភៈ មុនពេលទៅកាន់ភូមិភាគសៀមរាប, កំពង់ចាម, ព្រៃវែង និងព្រះសីហនុ។ ក្រុមដែលឆ្លងផុតវគ្គជម្រុះតាមភូមិភាគនីមួយៗ នឹងបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ  ដែលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២២ ដល់២៨ ខែមេសា ណ្តើមពានរង្វាន់តែម្តង៕

Tag:
 បាល់ទះ
  អាំង សេរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com