ជាតិ
បោះឆ្នោត
គ.ជ.ប អំពាវនាវឱ្យភាគីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោតព្រឹទ្ធសភា
23, Feb 2024 , 11:10 am        
រូបភាព
សកម្មភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត បិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលកន្លងមក។ រូបពី គ.ជ.ប
សកម្មភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត បិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលកន្លងមក។ រូបពី គ.ជ.ប
ភ្នំពេញ៖ ចាប់ពីម៉ោង១០យប់ថ្ងៃទី២៣ ដល់១២យប់ថ្ងៃទី២៥កុម្ភៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជន គ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប។

 
គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ 
 
គ.ជ.ប ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវសហការជាមួយ មន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត និងបង្កការរំខានដល់ដំណើរការបោះឆ្នោត។ 
 
ទន្ទឹមនឹងនេះ គ.ជ.ប ព្រមានចាត់វិធានការលើសកម្មភាព ដែលរំលោកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ 
 
ថ្ងៃទី២៣ កុម្ភៈនេះ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១០​ កុម្ភៈមក។ បោះឆ្នោតព្រឹទ្ធសភា មានបក្សចំនួន៤ ចូលរួមប្រកួតប្រជែង មានបក្សប្រជាជនកម្ពុជា បក្សកម្លាំងជាតិ បក្សឆន្ទៈខ្មែរ និងបក្សហហ្វ៊ុនស៊ិនប៉ិច។ ការិយាល័យបោះឆ្នោតទាំងអស់មាន៣៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានអ្នកបោះឆ្នោតសរុប ១១៧៤៧នាក់។ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបោះឆ្នោតព្រឹទ្ធសភា នឹងធ្វើឡើងនៅថ្ងៃទី២៥កុម្ភៈនេះ៕ 
 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com