ជាតិ
សង្គមជាតិ
អង្គជំនុំជម្រះតុលាការកម្ពុជា ចែករំលែកបទពិសោធន៍ពីការបង្រួបបង្រួមជាតិដល់ប្រតិភូទីម័រខាងកើត
24, Feb 2024 , 10:29 am        
រូបភាព
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការបង្រួមបង្រួមជាតិ និងការកសាងសន្តិភាព ដល់គណៈប្រតិភូប្រទេសទីម័រខាងកើត ដែលមកទស្សនកិច្ចមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃទី២១ ខែកុម្ភៈ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ អ.វ.ត.ក. គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីគាំទ្រការផ្សះផ្សាជម្លោះ និងកសាងសន្តិភាពរបស់រដ្ឋាភិបាលទីម័រខាងកើត ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តកម្ពុជា។ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាការចែករំលែកបទពិសោធន៍ ដែលកម្ពុជាធ្លាប់ឆ្លងកាត់ពីអតីតកាល ហើយអាចកសាងសង្គមឡើងវិញ និងសន្ដិភាពមកដល់បច្ចុប្បន្ន។ មួយវិញទៀត ជាផ្នែកមួយជួយលើកកម្ពស់គុណភាពនៃការអប់រំ និងផ្ដល់មេរៀនប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរផងដែរ។
  


លោក Hugo Maria Fernandes នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិ Chega (CNC) នៃប្រទេសទីម័រខាងកើត លើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ជាវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ដែលមានប្រវត្តិសាស្រ្តស្រដៀងគ្នានឹងប្រទេសទីម័រខាងកើត។ លោករំពឹងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាផ្នែកមួយ ដែលគេអាចយកទៅកែតម្រូវ និងបន្ថែមលើបទពិសោធន៍ដែលមានស្រាប់ នៅទីម័រខាងកើត។
  


បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាល គណៈប្រតិភូទីម័តខាងកើតចំនួន២២នាក់ បានទស្សនាបណ្ណាល័យ និងនិហិដ្ឋានបណ្ណាសានៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. និងបានស្វែងយល់បន្ថែមពីដំណើរការកាត់ក្ដីខ្មែរក្រហម ក៏ដូចជាការងារដែល អ.វ.ត.ក. បន្តធ្វើផងដែរ៕
 

Tag:
 អង្គជំនុំជម្រះតុលាការកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com