ជាតិ
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ពង្រីកសាលពិព័រណ៍ថ្មី ដើម្បីបន្ថែមចំណេះលើខ្លឹមសារប្រវត្តិសាស្រ្ត
24, Feb 2024 , 5:29 pm        
រូបភាព
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ពង្រីកសាលពិព័រណ៍ថ្មី ដើម្បីបន្ថែមចំណេះលើខ្លឹមសារប្រវត្តិសាស្រ្ត ក្នុងដំណាក់កាលដែលកម្ពុជាទទួលបានឯករាជ្យ សម័យលន់ នល់ និងសម័យប៉ុលពត។ កម្មវិធីសម្ពោធត្រូវបានធ្វើឡើងក្រោមធិបតីភាព សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ កុម្ភៈ ២០២៤។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ពង្រីកសាលពិព័រណ៍ថ្មី ដើម្បីបន្ថែមចំណេះលើខ្លឹមសារប្រវត្តិសាស្រ្ត ក្នុងដំណាក់កាលដែលកម្ពុជាទទួលបានឯករាជ្យ សម័យលន់ នល់ និងសម័យប៉ុលពត។ កម្មវិធីសម្ពោធត្រូវបានធ្វើឡើងក្រោមធិបតីភាព សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ កុម្ភៈ ២០២៤។
 
ភ្នំពេញ៖ សារមន្ទីរ ព្រះស្រីឦសានវរ័្មនបានពង្រីកសាលពិព័រណ៍ថ្មី ដើម្បីបន្ថែមខ្លឹមសារប្រវត្តិនៃការប្រើប្រាស់រូបិយវត្ថុខ្មែរ និងស្ថានភាពសង្គម នយោបាយ ក្នុងដំណាក់កាលដែលកម្ពុជាទទួលបានឯករាជ្យ សម័យលន់ នល់ និងសម័យប៉ុលពត។ ការពង្រីកសាលពិព័រណ៍នេះ ដើម្បីបន្ថែមចំណេះដឹងទូទៅនៃការទទួលបានឯករាជ្យជាតិ ជាពិសេសការប្រើប្រាស់ប្រាក់រៀល និងដំណើរការធនាគារជាតិ ក្នុងសម័យឯករាជ្យ។

សាលពិព័រណ៍ថ្មីនេះ បានដាក់សម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ កុម្ភៈ បន្ទាប់ពីចំណាយពេលរៀបចំ និងសាងសង់ អស់រយៈពេលបីខែ។ សហនាយកនៃសារមន្ទីរ ព្រះស្រីឦសានវរ័្មន លោក ប្លែស គីលីយ៉ង់ បានលើកឡើងថា សារមន្ទីរ មានបំណងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទៅលើប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ ជាពិសេសផ្ដល់ចំណេះដឹងទូលំទូលាយក្នុងសម័យឯករាជ្យជាតិ។ បន្ថែមពីនេះទៅទៀត លោក ប្លែស មានបំណងពាំយកប្រវត្តិសាស្រ្តក្នុងសម័យដ៏សំខាន់ទាំងនេះ ទៅកាន់ប្រជាពលរដ្ឋ និងអ្នកទស្សនាជាតិ និងអន្តរជាតិ ឱ្យកាន់តែយល់ច្បាស់។
 


«ពួកខ្ញុំបានធ្វើការក្នុងរយៈពេលជាងមួយឆ្នាំនេះ ដើម្បីពង្រីក និងកែលម្អអ្វីដែលយើងមាន ជាពិសេសដោយថែមរូបថត និងភាពយន្តឯកសារជាច្រើន និងរូបិយវត្ថុច្រើនដែរ។ ដូច្នេះ ការរៀបចំថ្មីនេះ ជាការពង្រីក ជាការកែលម្អបន្ថែម»។ នេះជាការបញ្ជាក់របស់លោក សហនាយក មុននឹងបន្ថែមថា សារមន្ទីរចង់ផ្ដល់កន្លែងធំទូលាយជាងមុន សម្រាប់សិស្សនិស្សិតកម្ពុជា និងអ្នកស្រាវជ្រាវសិក្សាស្វែងយល់ពីការរីកចម្រើន និងការធ្លាក់ចុះនៃសម័យឯករាជ្យ។
 


សាលពិព័រណ៍ថ្មីនេះមានរូបភាពចំនួន៥៧សន្លឹក និងរូបិយវត្ថុចំនួន៩៨ រួមមានក្រដាសប្រាក់៨៧សន្លឹក និងកាក់ចំនួន១១ រួមទាំងភាពយន្តឯកសារចំនួន៥ និងរូបសញ្ញានៃធនាគារជាតិ ក្នុងសម័យសង្គមរាស្រ្តនិយមផងដែរ។ ចំណែក​ ឯកសារវិញ​ត្រូវបានផ្ដល់ដោយវិទ្យាស្ថានមួយចំនួនដូចជា វិទ្យាស្ថានសោតទស្សន៍ជាតិបារាំង,  French Defense Communication and Audiovisual Production Establishment និង British Pathe ជាដើម។
 


វិទ្យាស្ថានស្លឹករឹត បានផ្ដល់ឯកសារ និងរូបភាពដ៏កម្រ ក្នុងសម័យខ្មែរក្រហម។ លោក Julio Jeldres  អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់សម្តេចព្រះបាទនរោត្តមសីហនុ បានផ្ដល់ជារូបភាពមួយចំនួនផងដែរ។ សម្ដេចនរោត្តម មុនិនាថ សីហនុ ព្រះរាជប្រទានស្នាដៃភាពយន្តឯកសារជាច្រើន ដែលជាសក្ខីមួយនៃភាពរុងរឿងលើវិស័យភាពយន្ត ក្នុងសម័យឯករាជ្យ។
 
លោក ប្លែស គីលីយ៉ង់ សង្ឃឹមយ៉ាងមុតមាំថា សាលពិព័រណ៍ថ្មីនេះ នឹងដើរតួជាឃ្លាំងចំណេះដឹងដ៏សំខាន់ពីការវិវដ្តនៃសង្គម សេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍជាតិ និងជាមេរៀនសម្រាប់ការវិវដ្ដ នៅថ្ងៃអនាគត។
 


លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ បានបង្ហាញពីសារៈសំខាន់នៃការស្វែងយល់ពីភាពរុងរឿង និងធ្លាក់ចុះនៃសម័យកាលនីមួយៗ។ លោក បញ្ជាក់ថា សាលពិព័រណ៍ថ្មីនេះ ជាគោលដៅស្នូលមួយ សម្រាប់លើកកម្ពស់ការយល់ដឹងដំណាក់កាលនីមួយៗ ក៏ដូចជាជំរុញឱ្យអ្នកជំនាន់ក្រោយខិត ខំសិក្សាពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន និងចៀសវាងការបែកបាក់សាមគ្គី ដែលនាំឱ្យបាត់បង់សន្តិភាព។
 
កម្មវិធីសម្ពោធត្រូវបានធ្វើឡើងក្រោមធិបតីភាព សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា។
 
គួរបញ្ជាក់ថា គម្រោងពង្រីកសាលថ្មីនេះ ត្រូវបានសម្រេចនៅដើមឆ្នាំ ២០២៣ មុននឹងចាប់ផ្ដើមការសាងសង់ និងដំឡើង នៅខែវិច្ឆិកា។ ចំពោះការប្រមូលឯកសារ និងការសិក្សាស្រាវជ្រាវចំណាយពេលអស់ជាច្រើនខែ៕​
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com