កីឡាជាតិ
ជាតិ
អ្នកជំនាញប្រដាល់សកលជប៉ុន សរសើរអត្តពលិកកម្ពុជាមានចរិតជាអ្នកប្រយុទ្ធអាជីព
28, Feb 2024 , 9:29 pm        
រូបភាព
ប្រដាល់សកល រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
ប្រដាល់សកល រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
លោក Tsuyoshi Yasukochi សមាជិកប្រតិបត្តិ នៃគណៈកម្មាធិការប្រដាល់សកលជប៉ុន (Japan Boxing Commission ឬ JBC) មើលឃើញថា កម្ពុជានឹងមានអត្តពលិកប្រដាល់សកលលេចធ្លោ នៅពេលក្លាយជាសមាជិកនៃក្រុមប្រឹក្សាប្រដាល់សកលអាជីពពិភពលោក (World Boxing Council ឬ WBC)។ ការលើកឡើងរបស់អ្នកជំនាញជប៉ុនរូបនេះ ដោយកីឡាករកម្ពុជាមានចរិតជាអ្នកប្រយុទ្ធអាជីព។



សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួតអាជីព នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ២រសៀល តទៅ។ នេះជាលើកទី២ ដែលសហព័ន្ធរៀបចំប្រកួតនេះឡើង ដោយលើកដំបូងធ្វើនៅឆ្នាម២០២០។ អំឡុងពេលរៀបចំដំបូងនោះ លោក Tsuyoshi ក៏បានមកទស្សនា និងវាយតម្លៃទៅលើសមត្ថភាព របស់កីឡាករ-កីឡាការិនីកម្ពុជា ថាមានចំណុចខ្លាំងច្រើនរួចម្តងរួចមកហើយ។ 
 
ក្នុងកិច្ចសម្ភាសមកសារព័ត៌មានថ្មីៗ សមាជិកប្រតិបត្តិរបស់ JBC រូបនេះ បានសរសើរអត្ដពលិកកម្ពុជា ដូច្នេះថា៖«អ្នកប្រដាល់កម្ពុជា គឺអស្ចារ្យ ហើយគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះតែពួកគេមានអត្ដចរិតជាអ្នកប្រយុទ្ធអាជីព។ បច្ចេកទេសរបស់ពួកគេ គឺល្អ។ ខ្ញុំ គិតថាពួកគេ នឹងជោគជ័យនៅលើឆាកប្រកួតបែបអាជីព។»។
 
លោក Tsuyoshi ជឿជាក់ថាគណៈកម្មាការប្រដាល់សកលអាជីពកម្ពុជា (CPBC) នឹងរៀបចំការប្រកួតបានល្អ ដោយមានវិន័យបទបញ្ជា និងគោលការណ៍ នៃការប្រកួតច្បាស់លាស់ ដោយមានកិច្ចសហការជាមួយ JBC។ ហេតុនេះ មន្ដ្រីអន្ដរជាតិរូបនេះ យល់ថាកម្ពុជា នឹងក្លាយជាសមាជិកនៃក្រុមប្រឹក្សាប្រដាល់សកលអាជីពពិភពលោក បានដោយជោគជ័យ។
 
«ខ្ញុំ គិតថាប្រហែលជា CPBC មានវិន័យល្អ ពីបទបញ្ជារនិងគោលការណ៍ នៃការប្រកួត។ ច្បាស់គណៈកម្មាធិការប្រដាល់ជប៉ុន នឹងសហការជាមួយគ្នា។ ដូច្នេះ យើងមិនមានអ្វីបារម្មណ៍ពីរឿងនេះឡើយ។
 
នៅពេលក្លាយជាសមាជិកស្ថាប័នប្រដាល់សកលអន្ដរជាតិរួច លោក​ Tsuyoshi ជឿថាអត្ដពលិកកម្ពុជា នឹងមានទីផ្សារកាន់តែច្រើន ហើយការមានទីផ្សារប្រកួតច្រើន នឹងធ្វើឲ្យអ្នកទាំងនោះ ពោពេញដោយបទពិសោធន៍ និងក្លាយជាអ្នកប្រដាល់អន្ដរជាតិដ៏ខ្លាំង ហើយឈានដល់ការប្រកួតជើងឯកពិភពលោក។
 
«ព្រោះតែកម្ពុជាអ្នកប្រដាល់កម្ពុជា មានសក្ដានុពលល្អ។ ប្រហែលជា ពួកគេ គ្រាន់តែត្រូវការបទពិសោធន៍ នៃការប្រកួតប៉ុណ្ណោះ។ ហើយ យើង នឹងវាយតម្លៃបាននៅថ្ងៃស្អែក ហើយមានការប្រកួតច្រើនឡើងៗ ពួកគេអាចក្លាយជាអ្នកប្រដាល់ខ្លាំង ឬក៏ឈានទៅជើងឯកពិភពលោកផង ក៏មិនដឹង។»។ មន្ដ្រីអន្ដរជាតិរូបនេះ បាននិយាយដូច្នេះ៕
 
លោក Tsuyoshi ក៏បានបង្ហាញពីអារម្មណ៍ ដែលសប្បាយរីករាយ ក្នុងការមកដល់ទឹកដីកម្ពុជាជាលើកទី២ ដោយនៅតែឃើញស្នាមញញឹម ពីប្រជាជន ជាពិសេសបានឃើញពីការរីកចម្រើន នៃវិស័យកីឡានានា ផងដែរ៕

Tag:
 ប្រដាល់សកល់
  Tsuyoshi Yasukochi
© រក្សាសិទ្ធិដោយ thmeythmey.com