អន្តរជាតិ
ម៉ុលដាវីប្រាប់រុស្ស៊ីដែលដៃប្រលាក់ដោយឈាម កុំបង្រៀនប្រជាធិបតេយ្យដល់ខ្លួន
03, Mar 2024 , 4:59 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ម៉ុលដាវី ដែលជាប្រទេសនៅជាប់នឹងអ៊ុយក្រែន នៅថ្ងៃទី២ ខែមីនា បានប្រាប់លើកឡើងថា រុស្ស៊ី ដែលបង្កតែសង្រ្គាម និងការឈឺចាប់ គ្មានសិទ្ធិបង្រៀនប្រជាធិបតេយ្យដល់ខ្លួនឡើយ។ បើតាមក្រសួងការបរទេសនៃប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយនេះ ម៉ុលដាវី កំពុងកសាងសេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជនខ្លួន។

 
នៅពេលថ្មីៗនេះ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងថា ម៉ុលដាវី កំពុងតែយកគំរូតាមអ៊ុយក្រែន បន្ទាប់ពីតំបន់ Transdniestria ស្វែងរកការគាំទ្រពីរុស្ស៊ី ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនដែលរងសម្ពាធពី ម៉ុលដាវី។ យ៉ាងណាមិញរដ្ឋាភិបាល ម៉ុលដាវី បានច្រានចោលការចោទប្រកាន់បែបនោះ។ 
 
«លោករដ្ឋមន្រ្តី ឡាវរ៉ូវ និងរបបក្រេមឡាំង គ្មានសិទ្ធិសីលធម៌ណាមួយ ក្នុងការបង្រៀនប្រជាធិបតេយ្យ និងសេរីភាពឡើយ»។ ក្រសួងការបរទេសម៉ុលដាវី បានប្រើពាក្យធ្ងន់ៗបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី២ ខែមីនា ដោយបន្តចាត់ទុករុស្ស៊ីជាប្រទេសដាក់ពន្ធនាគារអ្នកប្រឆាំង និងសម្លាប់ពួកគេ។
 
បន្ថែមពីនេះ ក្រសួងការបរទេសម៉ុលដាវី បានឌឺដងដាក់រុស្ស៊ីថា ប្រទេសដែលប្រលាក់ដោយឈាម និងបង្កតែការឈឺចាប់ គ្មានអ្វីត្រូវផ្តល់ឱ្យប្រទេសដទៃឡើយ។ ការលើកឡើងរបស់ម៉ុលដាវីបែបនេះ គឺសំដៅដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងករណីស្លាប់របស់លោក Alexei Navalny អ្នកប្រឆាំងដ៏សំខាន់ចំពោះវិមានក្រេមឡាំងនៅក្នុងពន្ធនាគារ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលក្រសួងការបរទេស ម៉ុលដាវីកំពុងកសាងអនាគតនៅអឺរ៉ុបមួយ ដើម្បីឱ្យប្រជាជនទទួលបានផលប្រយោជន៍សេដ្ឋកិច្ច វិបុលភាព និងសន្តិភាព៕

Tag:
 ម៉ុលដាវី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com