អន្តរជាតិ
ជនជាតិវៀតណាមម្នាក់ច្រឡំចោលលុយ ៤ម៉ឺនដុល្លារ ក្នុងធុងសំរាម
03, Mar 2024 , 7:39 pm        
រូបភាព
រូបភាព Vietnam Express
រូបភាព Vietnam Express
បុរសជនជាតិវៀតណាមម្នាក់រស់នៅក្នុងក្រុងហាណាយ នៅថ្ងៃទី២៨ ខែកុម្ភៈ បានច្រឡំបោះចោលលុយជាង ៤ម៉ឺនដុល្លារទៅក្នុងធុងសំរាម។ ក្រោយកិច្ចខិតខំរបស់អាជ្ញាធរក្នុងតំបន់ ថវិកាទាំងនោះ ត្រូវបានរកឃើញ និងប្រគល់ជូនបុរសជនជាតិវៀតណាមនោះវិញ។

 
បុរសជនជាតិវៀតណាមម្នាក់រស់នៅលើដងវិថីLy Thuong Kiet ក្នុងក្រុងហាណូយ នៅម៉ោង៨យប់ ក្នុងថ្ងៃទី២៨ ខែកុម្ភៈ បានយកថង់សំរាមមួយទៅចោលនៅកន្លែងសម្រាប់ប្រមូលសំរាមក្បែរផ្ទះរបស់ខ្លួន។ ប៉ុន្តែនៅរយៈពេល ១៥នាទីក្រោយ ក្រុមគ្រួសាររបស់បុរសរូបនោះ ដោយមានភរិយាផង បានស្វះស្វែងរកថង់សំរាមវិញ ក្រោយដឹងថា ច្រឡំចោលលុយ ដែលទើបដកថ្មីៗពីធនាគារ ក្នុងទំហំទឹកប្រាក់ប្រមាណ៤០៥៥០ដុល្លារ។ 
 
ដោយរកមិនឃើញថង់ថវិកាដ៏ច្រើនសន្ធឹកនោះ បុរសជនជាតិវៀតណាម បានរាយការណ៍ទៅប៉ូលិស ដើម្បីជួយអន្តរាគមន៍។ 
 
តាមការបញ្ជាក់របស់ប៉ូលិសខណ្ឌHoan Kiem ក្នុងក្រុងហាណូយ នៅថ្ងៃទី១ ខែមីនា ដោយមានកិច្ចសហប្រតិបត្តិការពីប៉ូលិសក្នុងតំបន់, ការពិនិត្យលើកាម៉េរ៉ាសុវត្ថិភាព និងពីមន្រ្តីបរិស្ថាន ថង់ថវិកានោះត្រូវបានរកឃើញនៅរយៈពេល ២ម៉ោងបន្ទាប់ នៅតាមដងផ្លូវ Hang Bai ដែលរៀបដឹកយកទៅចាក់ចោល។ ថវិកាទាំងនោះ ក៏ត្រូវបានប៉ូលិសប្រគល់ជូនគ្រួសារបុរសជនជាតិវៀតណាមនោះដែរ៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com