អន្តរជាតិ
ចិន លុបចោលសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីក្រោយកិច្ចប្រជុំសភា
04, Mar 2024 , 8:59 pm        
រូបភាព
រូបភាព xinhua
រូបភាព xinhua
បន្ទាប់ពីកិច្ចប្រជុំសភាប្រជាជនចិនបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី១១ ខែមីនា នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នឹងមិនមានសន្និសីទសារព័ត៌មានជាមួយអ្នកកាសែតជាតិ និងអន្តរជាតិឡើយ។ អ្នកនាំពាក្យសភាប្រជាជនចិន លោក Lou Qinjian បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែមីនា។ នេះជារឿងកម្របំផុតដែលប្រមុខរដ្ឋាភិបាលចិនលែងចូលសន្និសីទកាសែតក្រោយកិច្ចប្រជុំប្រចាំឆ្នាំបែបនេះ។

 
កិច្ចប្រជុំសភាប្រជាជនចិនក្នុងឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមីនា។ យ៉ាងណាមិញ នៅពេលកិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបញ្ចប់ លោកលី ឈាំង នាយករដ្ឋមន្រ្តីចិន នឹងមិនធ្វើសន្និសីទសារព័ត៌មានឡើយ។ 
 
សន្និសីទសារព័ត៌មានដោយប្រមុខរដ្ឋាភិបាលចិនបែបនេះ តែងត្រូវបានធ្វើឡើងចាប់តាំងពីអំឡុងឆ្នាំ១៩៩៣ មក ដើម្បីអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីឆ្លើយសំណួរអ្នកសារព័ត៌មានលើបញ្ហាជាច្រើនដូចជា គោលនយោបាយសេដ្ឋកិច្ច សង្គម និងទំនាក់ទំនងជាមួយប្រទេសដទៃជាដើម។ ។ មិនត្រឹមឆ្នាំនេះឡើយ ក្រោយកិច្ចប្រជុំលើកក្រោយៗ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី ក៏លែងមានដែរ។
 
«ប្រសិនបើគ្មានកាលៈទេសៈពិសេសណាមួយទេ សន្និសីទរបស់នាយករដ្ឋមន្រ្តី នឹងមិនត្រូវរៀបចំឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត»។ លោក Lou Qinjian អ្នកនាំពាក្យសភាប្រជាជនចិនក្នុងឆ្នាំ២០២៤ បានបញ្ជាក់បែបនេះ ដោយមិនបានពន្យល់ពីហេតុផលអ្វីឡើយ។
 
បើទោះគ្មានសន្និសីទប្រមុខរដ្ឋាភិបាលនៅពេលបច្ចុប្បន្នកិច្ចប្រជុំសភា អ្នកសារព័ត៌មាននៅតែអាចមានឱកាសក្នុងការសួរព័ត៌មានពីរដ្ឋមន្រ្តី មន្រ្តីរដ្ឋាភិបាល និងសមាជិកសភាប្រមាណជិត ៣០០០នាក់ផ្សេងទៀត។ 
 
យ៉ាងណាមិញ អវត្តមានរបស់លោកលី អាចជាការគេចវេសពីការឆ្លើយសំណួរមួយចំនួនពាក់ព័ន្ធនឹងការថមថយផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះនៃអត្រាកំណើតជាដើម។ លោក Ja Ian Chong សាស្រ្តាចារ្យជំនួយនៅសកលវិទ្យាល័យជាតិសិង្ហបុរី បានយល់ឃើញបែបនេះ។ 
 
ទន្ទឹមនេះ លោកលី នឹងនៅតែបង្ហាញវត្តមានក្នុងពេលបើកកិច្ចប្រជុំសភា នៅក្នុងថ្ងៃទី៥ ខែមីនា ដើម្បីបង្ហាញរបាយការណ៍ឆ្នាំចាស់ និងដាក់គោលដៅនៃកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំ២០២៤ ផង។ 
 
កិច្ចប្រជុំដែលមានរយៈពេលជាច្រើនថ្ងៃនេះ នឹងត្រូវបានតាមដានពីមនុស្សជាច្រើន ដើម្បីយល់ដឹង ថាតើរដ្ឋាភិបាលនឹងដាក់ចេញវិធានការអ្វីក្នុងការជំរុញសេដ្ឋកិច្ច ស្របពេលចិនកំពុងមានបញ្ហាប្រឈមជាច្រើន។ តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ចិនអាចនឹងកំណត់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ ប្រមាណ ៥ភាគរយ។
 
ក្រៅពីសេដ្ឋកិច្ច សភាប្រជាជនចិន អាចជជែកពីផែនការថវិកាជាតិ គោលនយោបាយរបស់រដ្ឋាភិបាល ការចំណាយលើវិស័យការពារជាតិ ការតែងតាំងមន្រ្តី និងកែប្រែច្បាប់ស្តីពីការគ្រប់គ្រងក្រុមប្រឹក្សារដ្ឋផងដែរ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com