អន្តរជាតិ
ក្រុមអភិរក្សព្រមានថា ពូជត្រី១ភាគ៥ នៅក្នុងទន្លេមេគង្គប្រឈមនឹងការដាច់ពូជ
04, Mar 2024 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទំបន់វារីអគ្គិសនី, ការបាត់បង់ជម្រក, ការបូមយកខ្សាច់មិនប្រកបដោយចីរភាព និងសកម្មភាពភាពហួសហេតុផ្សេងទៀត កំពុងគំរាមកំហែងដល់ការបាត់បង់ពូជត្រីចំនួន ១ភាគ៥ នៅក្នុងទន្លេមេគង្គ។ មូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) និងក្រុមអ្នកអភិរក្សចំនួន ២៥ផ្សេងទៀត បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍មួយ ចេញនៅថ្ងៃទី៤ ខែមីនា។

 
ទន្លេមេគង្គ ជាទន្លេដ៏វែងមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ដីគោក និងមានប្រវែងជិត ៥ពាន់គីឡូម៉ែត្រពីតំបន់ទីបេ ទៅកាន់សមុទ្រចិនខាងត្បូង ដោយហូរកាត់ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា និងវៀតណាម។ មិនត្រឹមតែជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាជននៅក្នុងតំបន់ ប៉ុន្តែទន្លេមេគង្គជាជម្រកពូជត្រីច្រើនជាង១ពាន់ប្រភេទ ដែលជាសន្តិសុខស្បៀងដ៏ចាំបាច់។ 
 
នៅក្នុងរបាយការណ៍ចេញនៅថ្ងៃទី ៤ ខែមីនា មូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) និងក្រុមអ្នកអភិរក្សចំនួន ២៥ផ្សេងទៀតបានព្រមានថា ពូជត្រីចំនួន ១ភាគ៥ នៅក្នុងទន្លេមួយនេះ កំពុងប្រឈមនឹងដាច់ពូជ ដោយសារសកម្មភាពហួសហេតុមួយចំនួន។
 
សកម្មភាពគំរាមកំហែងទាំងនោះ មានដូចជា ការបាត់បង់ជម្រកត្រី, ការយកដីសើមធ្វើជាកន្លែងកសិកម្ម និងចិញ្ចឹមត្រី, ការបូមខ្សាច់មិនប្រកបដោយចីរភាព, បម្រែបម្រួលអាកាសធាតុ និងទំនប់វារីអគ្គិសនីជាដើម។ 
 
ទំនប់វារីអគ្គិសនី ជាការគំរាមកំហែងខ្លាំងដល់ពូជត្រីនៅក្នុងទន្លេមេគង្គ ដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពទឹក និងបិទការធ្វើដំណើររបស់ត្រីជាដើម។
 
«ការគំរាមកំហែងដ៏ធំក្នុងពេលនេះ ហើយជាការគំរាមកំហែងមួយ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺការអភិវឌ្ឍវារីអគ្គិសនី»។ លោក Zeb Hogan អ្នកជំនាញផ្នែកពូជត្រី និងជាប្រធានអង្គការ Wonders of the Mekong បានបញ្ជាក់បែបនេះ។ អង្គការ Wonders of the Mekong ក៏មានវត្តមានក្នុងរបាយការណ៍ចេញនៅថ្ងៃទី៤ ខែមីនា ពាក់ព័ន្ធនឹងការគំរាមកំហែងពូជត្រីនៅក្នុងទន្លេមេគង្គផងដែរ។ 
 
តាមរបាយការណ៍របស់អង្គការអភិរក្ស ពូជត្រីចំនួន១៩ភាគរយ ក្នុងចំណោមពូជត្រី១១៤៨ប្រភេទ ឬច្រើនជាងនេះ ប្រឈមនឹងការផុតពូជ។ ប្រភេទត្រីចំនួន ១៨ប្រភេទ ត្រូវបានសហភាពអភិរក្សធម្មជាតិអន្តរជាតិ ដាក់ក្នុងបញ្ជីប្រភេទត្រីជិតផុតពូជ ក្នុងនោះមានដូចជាត្រីរាជ និងបបែលទឹកសាបជាដើម។ សត្វទាំងពីរប្រភេទនេះ សុទ្ធតែមាននៅកម្ពុជា។ 
 
របាយការណ៍ដដែលបានព្រមានផងដែរថា ការបាត់បង់ចំនួនត្រីក្នុងទន្លេមេគង្គ ដោយសារសកម្មភាពហួសហេតុមួយចំនួន កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខស្បៀងសម្រាប់ប្រជាជន យ៉ាងហោចណាស់ ៤០លាននាក់ នៅតំបន់ទន្លេមេគង្គផ្នែកខាងក្រោម៕

Tag:
 ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com