អន្តរជាតិ
អូស្រ្តាលីថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងរងសកម្មភាពអុងអាត់របស់ចិន
04, Mar 2024 , 10:29 pm        
រូបភាព
លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រូបភាព AFP
លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong នៅថ្ងៃទី៤ ខែមីនា បានលើកឡើងថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ាន កំពុងប្រឈមមុខនឹងសកម្មភាពអុងអាត់ និងការបង្ករឿងពីសំណាក់ប្រទេសមួយចំនួន។ ទោះមិនបញ្ជាក់ពីប្រទេសមួយណា តែប្រមុខការទូតរូបនេះ ទំនងសំដៅដល់ចិន ដែលតែងពង្រឹងសកម្មភាពយោធានៅក្នុងតំបន់។

 
ពីវេទិកាកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅថ្ងៃទី៤ ខែមីនា លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានឡើងថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវការយន្តការច្បាប់ និងការទូតបែបថ្មី ដើម្បីកាត់បន្ថយភាពតានតឹង និងហានិភ័យនៃជម្លោះ ស្របពេលបញ្ហាចម្រូងចម្រាសលើច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងបន្តកើនឡើង។ 
 
«យើងកំពុងប្រឈមនឹងស្ថិរភាព សកម្មភាពអុងអាត់ និងបង្ករឿង រួមទាំងការប្រតិបត្តិលើដែនទឹក និងអាកាសមិនប្រកបដោយសុវត្ថិភាព»។ លោកស្រី Wong បានយល់ឃើញបែបនេះ ដោយមិនសំដៅដល់ប្រទេសណាមួយ។ យ៉ាងណាមិញ ប្រមុខការទូតរូបនេះ ទំនងសំដៅដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលតែងមានទំនាស់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានព្រមានថា សកម្មភាពអុងអាត់ និងការបង្ករឿង មិនថាកើតនៅសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់ទន្លេមេគង្គ នឹងជះឥទ្ធិពលទាំងអស់ដល់ប្រទេសក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកស្រី Wong បានប្រកាសផ្តល់ជំនួយ ១៨៦,៧លានដុល្លារ ក្នុងការគាំទ្រដល់គម្រោងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយក្នុងនោះមានសន្តិសុខដែនសមុទ្រផង។ ជំនួយបែបនេះ ធ្វើឡើងស្របពេលចិន នៅតែបន្តទាមទារយ៉ាងខ្លាំងលើដែនទឹកក្នុងសមុទ្រចិនខាងត្បូង ជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេសហ្វីលីពីន។ 
 
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា អូស្រ្តាលីរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន ដើម្បីអបអរភាពជាដៃគូរយៈពេល ៥០ឆ្នាំ។ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រុយរបស់អាស៊ាន អូស្រ្តាលីកំពុងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់យ៉ាងខ្លាំង ដើម្បីទប់នឹងឥទ្ធិពលចិន៕

Tag:
 អូស្រ្តាលី
  ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com