អន្តរជាតិ
ចិនមិនពេញចិត្តចំពោះការចុះផ្សាយរបស់សារព័ត៌មានហូឡង់ពាក់ព័ន្ធនឹងតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
× ចិន នៅថ្ងៃទី៦ ខែមីនា បានបង្ហាញការមិនពេញចិត្តចំពោះការចុះផ្សាយរបស់ទូរទស្សន៍សាធារណៈហូឡង់ NOS ស្តីពីកោះតៃវ៉ាន់។ បើតាមស្ថានទូតចិន សារព័ត៌មានហូឡង់គួរតែគោរពគោលការណ៍ចិនតែមួយ និងមិនគួរផ្តល់ជាវេទិកាសម្រាប់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយហូឡង់NOS នៅថ្ងៃទី២ ខែមីនា បានចាក់ផ្សាយពីឧស្សាហកម្មបន្ទះឈីបនៅតៃវ៉ាន់ ហើយថែមទាំងហៅដែនកោះមួយជាប្រទេសថែមទៀត។ សារព័ត៌មានហូឡង់ ដែលមានកិច្ចសម្ភាសន៍ជាមួយ លោក Roy Chun Lee អតីតអនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ផងនោះ បានបន្តថា បន្ទះឈីប នឹងធានាតៃវ៉ាន់ពីការឈ្លានពានរបស់ចិន។
ការចុះផ្សាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដ្បិតចិនតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនកោះរបស់ខ្លួន។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅហូឡង់ បាននិយាយថា ទូរទស្សន៍ហូឡង់គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ លុបបំបាត់ផលប៉ះពាល់អវិជ្ជមាន និងមិនគួរផ្តល់ជាវេទិកាសម្រាប់កងកម្លាំងឯករាជ្យតៃវ៉ាន់ឡើយ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយ NOS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ។
ថ្មីៗនេះ ទីក្រុងប៉េកាំងបានពង្រឹងជំហររបស់ខ្លួននៅចំពោះមុខកោះតៃវ៉ាន់។ ក្នុងពេលបើកកិច្ចប្រជុំសភាប្រជាជនចិន (NPC) លោកលី ឈាំង នាយករដ្ឋមន្រ្តីចិន បានប្រកាសជាថ្មីជុំវិញការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ និងចិន។ កន្លងមក លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានចាត់ទុកការបង្រួបបង្រួមដែនដីទាំងពីរ ជាបេសកកម្មប្រវត្តិសាស្រ្ត។
គួរបញ្ជាក់ថា ចិនបានទាមទារកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថែមទាំងព្រមានប្រើកម្លាំងទ័ពទៀត បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ យ៉ាងណាមិញតៃវ៉ាន់ បានជំទាស់នឹងការទាមទារអធិបតេយ្យភាពរបស់ចិន ហើយតែងសង្កត់ធ្ងន់ថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ខ្លួនឯងបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com