អន្តរជាតិ
លោកបៃឌិន ប្តេជ្ញាមិនឱ្យបច្ចេកវិទ្យាទំនើបអាម៉េរិកប្រើក្នុងអាវុធចិន
08, Mar 2024 , 5:21 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ថ្លែងនៅក្នុងសភា នៅថ្ងៃទី៧ ខែមីនា
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ថ្លែងនៅក្នុងសភា នៅថ្ងៃទី៧ ខែមីនា
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៧ ខែមីនា បានប្តេជ្ញាជាថ្មីមិនឱ្យយោធាចិន អាចទទួលបានបច្ចេកវិទ្យាដ៏ទំនើបរបស់អាម៉េរិក ដើម្បីដាក់ក្នុងអាវុធរបស់ខ្លួន។ ទន្ទឹមនេះ លោកបៃឌិន បានបញ្ជាក់ផងដែរថា អាម៉េរិកចង់ប្រកួតប្រជែងជាមួយចិន ជាជាងការបង្កជម្លោះ។

 
ក្នុងសុន្ទរកថាទៅកាន់សភានៅថ្ងៃទី៧ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងពីប្រធានបទពាក់ព័ន្ធចិនមួយចំនួន ទាំងយោធា អាវុធ សេដ្ឋកិច្ច និងការប្រកួតប្រជែងជាដើម។ លើសពីនេះ មេដឹកនាំអាម៉េរិក បានប្រកាសថា អាម៉េរិកនឹងមិនអនុញ្ញាតឱ្យបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួន អាចប្រើប្រាស់បាននៅក្នុងអាវុធចិនឡើយ។ 
 
«ខ្ញុំបានធានាហើយថា បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់អាម៉េរិក មិនអាចត្រូវបានប្រើប្រាស់នៅក្នុងអាវុធចិនទេ»។ លោកបៃឌិន បានថ្លែងបែបនេះ នៅក្នុងសភា ដោយមិនបានពន្យល់អ្វីបន្ថែមឡើយ។ ទន្ទឹមនេះ លោកប្រធានាធិបតី បានបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់បានការប្រកួតប្រជែងជាមួយក្រុងប៉េកាំង ជាជាងការស្វែងរកជម្លោះជាមួយគ្នា។ 
 
មិនតែប៉ុណ្ណោះ លោកបៃឌិន បានលើកឡើងពីវិស័យសេដ្ឋកិច្ចរបស់អាម៉េរិក ពាក់ព័ន្ធនឹងចិនដែរ។ បើតាមមេដឹកនាំចាស់វស្សារូបនេះ ក្រុងវ៉ាស៊ីនតោន នឹងប្រឆាំងជាមួយក្រុងប៉េកាំង ប្រសិនបើមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលមិនត្រឹមត្រូវ។ 
 
ដោយមនុស្សមួយចំនួនយល់ថាចិន កំពុងតែរះឡើង ហើយអាម៉េរិកកំពុងដាំក្បាលចុះ មេដឹកនាំអាម៉េរិក បានថ្លែងការពារថា អាម៉េរិក កំពុងតែមានឥទ្ធិពលឡើង ខណៈសេដ្ឋកិច្ចអាម៉េរិក មានភាពល្អបំផុតលើពិភពលោក។ ចំណែកផលិតផលក្នុងស្រុកសរុបអាម៉េរិកកំពុងកើនឡើង ហើយអតុល្យភាពផ្នែកសេដ្ឋកិច្ចជាមួយចិន កាន់តែរួមតូចបំផុត ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ។ 
 
ការលើកឡើងរបស់មេដឹកនាំអាម៉េរិកខាងលើ ធ្វើឡើងស្របពេលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងតែប្រជែងឥទ្ធិពលគ្នានៅជុំវិញពិភពលោក ហើយថែមទាំងមានទំនាស់ទាំងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងយោធាជាដើម៕ 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com