កីឡាជាតិ
ជាតិ
៦ទឹកលើសង្វៀនក្រុងអង្គរ ពេញ វ៉ាន់ថង ផ្ដាំ Tony Lafferty ប្រឹងឱ្យអស់សមត្ថភាព
10, Mar 2024 , 8:40 pm        
រូបភាព
កីឡាករ ពេញ វ៉ាន់ថង ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
កីឡាករ ពេញ វ៉ាន់ថង ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
ពេញ វ៉ាន់ថង ម្ចាស់មេដាយសំរិទ្ធប្រដាល់សកលជើងឯកអាស៊ី នឹងប្រកួតជាមួយម្ចាស់ខ្សែក្រវ៉ាត់មកពីអូស្ដ្រាលី កីឡាករ Tony Lafferty លើប្រភេទទម្ងន់៦៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍ Angkor International Fight Night នាថ្ងៃទី១៧ ខែមីនា នៅខេត្តសៀមរាប។ ក្នុងការជួបគ្នាជាលើកដំបូងនេះ វ៉ាន់ថង បោះសម្ដីឲ្យ Lafferty ប្រឹងអស់ពីសមត្ថភាព ស្របពេលខ្លួនជឿជាក់ ៧០ភាគរយ ផ្តួលគូប្រជែងពីអូស្ត្រាលី។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សហការជាមួយក្លិប Dwyer's របស់អូស្ត្រាលី នឹងរៀបចំការប្រកួតបែបអាជីពមួយ នៅទឹកដីខេត្តសៀមរាប។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពកម្ពុជា ឆ្ពោះទៅរកចូលរួមការប្រកួតអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត។ នេះ បើតាមការបញ្ជាក់ពីសហព័ន្ធប្រដាល់សកលកម្ពុជា។
 
ពេញ វ៉ាន់ថង ហាក់ដូចជាមិនញញឺតជាមួយម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់សកលមកពីអូស្ដ្រាលីឡើយ ហើយថែមទាំងមានជំនឿចិត្ត ៧០ភាគរយ ក្នុងការផ្ដួលដៃគូ ផងដែរ។ កីឡាករកម្ពុជា មានជំនឿចិត្តដូច្នេះ ព្រោះរូបគេយល់មានអ្នកគាំទ្រកម្ពុជាច្រើននាក់ ជាកម្លាំងចិត្ត។ ម្យ៉ាងវិញទៀតនោះ វ៉ានថង បានហ្វឹកហាត់ម៉ត់ចត់ត្រៀមសម្រាប់ទទួល Tony ជាពិសេស ផងដែរ។
 
«សម្រាប់រូបខ្ញុំ ធ្លាប់ប្រកួតជាមួយអន្ដរជាតិច្រើនដង។ ខ្ញុំ សង្ឃឹម ៧០ភាគរយ។ ខ្ញុំសង្ឃឹមបែបនេះ ព្រោះការហ្វឹកហាត់។ ខ្ញុំផ្ដាំឲ្យកីឡាករអូស្ដ្រាលី មានសមត្ថភាពប៉ុន្មានបញ្ចេញឲ្យអស់ នៅលើសង្វៀន ៦ទឹកនេះ នឹងកាត់សេចក្ដីដឹងឈ្នះហើយនិងចាញ់។»។ កីឡាករ ពេញ វ៉ាន់ថង បាននិយាយដូច្នេះ។
 
ព្រឹត្តិការណ៍ប្រកួតសកលអាជីពលក្ខណៈអន្ដរជាតិនេះ មាន៦គូ៖

១. ហ៊ិន សៃហេង ប៉ះកីឡាករអូស្ត្រាលី Sam Dwyer
២. តេង ប៊ុនតុង ជួបកីឡាករកូរ៉េខាងត្បូង Hyje Shin
៣. វណ្ណា លីហៀង តទល់កីឡាករកម្ពុជាដូចគ្នា សង ស៊ាត
៤. លីវិបុល សេនា ប៉ះកីឡាករអូស្ត្រាលី Tobi O’Neil
៥. រិទ្ធ ទេវតា ជួបកីឡាករអូស្ត្រាលី Johee Yoyce
៦. ពេញ វ៉ាន់ថង ប្រកួតជាមួយ Tony Lafferty៕
 

Tag:
 (ពេញ វ៉ាន់ថង
  ប្រដាល់សកល)
© រក្សាសិទ្ធិដោយ thmeythmey.com