អន្តរជាតិ
John Cena លែងខ្លួនទទេលើវេទិកាប្រគល់ពាន Oscars
11, Mar 2024 , 11:29 am        
រូបភាព
កីឡាករ John Cena លែងខ្លួនទទេលើឆាកAcademy Awards លើកទី៩៦ ក្នុងរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក នៅថ្ងៃទី១០ ខែមីនា។ រូបភាព AFP
កីឡាករ John Cena លែងខ្លួនទទេលើឆាកAcademy Awards លើកទី៩៦ ក្នុងរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក នៅថ្ងៃទី១០ ខែមីនា។ រូបភាព AFP
កីឡាករ John Cena នៅថ្ងៃទី១០ ខែមីនា បានលែងខ្លួនទទេ នៅក្នងវេទិកាប្រគល់ពាន Academy Awards លើកទី៩៦ ក្នុងរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក។ ក្នុងដៃកាន់សំបុត្រប្រកាសពាន Best Costume Design ដែលបិទបាំងផ្នែកសម្ងាត់ លោក John Cena បានថ្លែងប្រាប់អ្នកចូលរួមថា សំលៀកបំពាក់គឺសំខាន់ ហើយប្រហែលជាសំខាន់ជាងអ្វីទាំងអស់។

 
ពីកម្មវិធីប្រគល់ពាន Oscars ប្រចាំឆ្នាំ កីឡាករ John Cena ដែលធ្លាប់សម្តែងជាតួអង្គឯក Peacemaker ក្នុងរឿងPeacemaker បានបង្ហាញខ្លួនទទេ នៅចំពោះមុខតារាភាពយន្តជាច្រើននាក់ ដើម្បីប្រកាសពានច្នៃម៉ូតសំលៀកបំពាក់ដ៏ល្អបំផុត (Best Costume Design)។
 
មុនវត្តមានកីឡាកររបស់ស្ថាប័ន WWE លើឆាកនេះ លោក Jimmy Kimmel ដែលរៀបចំកម្មវិធីបានប្រាប់អ្នកចូលរួមថា៖ «តើអ្នកអាចស្រមៃបានទេ បើបុរសម្នាក់គ្មានសំលៀកបំពាក់នៅលើវេទិកា?»។ ប៉ុន្មាននាទីក្រោយ កីឡាករបោកចំបាប់ John Cena បានបង្ហាញវត្តមាននៅផ្នែកម្ខាងនៃវេទិកា ហើយបានប្រាប់លោក Jimmy Kimmel ថា លោកមិនចង់បង្ហាញខ្លួនទទេលើឆាកឡើយ។ 
 
ក្នុងដៃកាន់លិខិតប្រកាសពាន ដោយបិទបាំងផ្នែកសម្ងាត់របស់ខ្លួន តារាសម្តែងតួ Peacemaker រូបនេះ បានអះអាងថា សំលៀកបំពាក់ គឺសំខាន់ ហើយប្រហែលជាសំខាន់ជាងអ្វីទាំងអស់។ សភាពស្រាតបែបនេះ ទំនងជាការផ្តល់តម្លៃលើសំលៀកបំពាក់ ដែលជួយបិទបាំងរាងកាយ។ 
 
បន្តិចក្រោយមក អ្នករៀបចំកម្មវិធី Kimmel បានយកឈុតមកបិទបាំងលោក John Cena វិញ មុនពេលម្ចាស់ពានត្រូវបានប្រកាស។ លោកស្រី Holly Waddington បានទទួលពាន ច្នៃម៉ូតសំលៀកបំពាក់ដ៏ល្អបំផុត តាមរយៈភាពយន្ត «Poor Things»។ 
 
យ៉ាងណាមិញ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន CNN ថា លោក John Cena ក៏បានបិទបាំងកន្លែងសម្ងាត់របស់ខ្លួន និងផ្នែកខាងក្រោយផងដែរ ដោយបន្ថែមពីលើសំបុត្រប្រកាសពាន។ 
 
ការលែងខ្លួនទទេបែបនេះ មិនមែនជាលើកទីមួយទេនៅក្នុងពិធីប្រគល់ពានរង្វាន់ Oscars។ ក្នុងវេទិកាប្រគល់ពាន Academy Awards ឆ្នាំ១៩៧៤ អ្នកថតរូប និងជាអ្នកសិល្បៈ Robert Opel ក៏ធ្លាប់ព្រលែងខ្លួនទទេ នៅចំពោះមុខអ្នកចូលរួមផងដែរ។ 
 
ក្នុងវេទិកាប្រគល់ពាន Academy Awards លើកទី៩៦ ភាពយន្តOppenheimer បានឈ្នះពាន Oscars ច្រើនជាងគេបំផុតរហូតដល់ទៅ៧ ក្នុងនោះមាន ពានBest picture, ពានBest supporting actor, ពានBest film editing, ពានBest cinematography, ពាន Best original score, ពាន Best actor និងពាន Best director៕

Tag:
 John Cena
  Oscars
© រក្សាសិទ្ធិដោយ thmeythmey.com