អន្តរជាតិ
ថៃបញ្ចុះតម្លៃជើងហោះហើរ២០ភាគរយ ក្នុងអំឡុងចូលឆ្នាំប្រពៃណី
11, Mar 2024 , 8:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
ក្រុមហ៊ុនអាកាសចរណ៍ថៃ នឹងបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ជើងហោះក្នុងស្រុកនៅពេលព្រឹកព្រលឹម និងពេលយប់អធ្រាត្រ ក្នុងអំឡុងពេលសង្រ្កាន្តខ្លួន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែមីនា។

 
ដើម្បីសម្រួលការធ្វើដំណើរតាមផ្លូវអាកាស និងតាមការអំពាវនាវពីសំណាក់រដ្ឋមន្រ្តីដឹកជញ្ជូន លោក Suriya Juangroongruangkit ឱ្យបញ្ចុះតម្លៃ អគ្គនាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិល លោក Sarun Benjanirat បានបញ្ជាក់ថា ថៃ នឹងបន្ថែមជើងហោះហើរចំនួន ១០៤ជើងបន្ថែម។ ជើងហោះហើរបន្ថែមពីលើកាលវិភាគហោះហើរមានស្រាប់នេះ នឹងបន្ថែមកៅអីអ្នកដំណើរបាន ១៧៨៧៤កន្លែង សម្រាប់ការហោះហើរ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា។ 
 
ក្នុងអំឡុងពេលសង្រ្កាន្តនេះ ថៃនឹងបញ្ចុះតម្លៃចំនួន ២០ភាគរយសម្រាប់ជើងហោះហើរនៅក្នុងស្រុក នាពេលព្រឹកព្រលឹម និងនៅពេលយប់អធ្រាត្រប៉ុណ្ណោះ។ ការហោះហើរនេះ នឹងធ្វើឡើងទៅកាន់ខេត្តភូកេត, ខេត្តឈៀងម៉ៃ, ខេត្ត Samui, ខេត្ត Ubon Ratchathani, ខេត្ត Udon Thani និងខេត្ត Khon Kaen។ 
 
ការបញ្ចុះតម្លៃដែលធ្វើឡើងសម្រាប់កៅអី Economy​  នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក៏ដូចជាជួយសម្រួលថ្លៃធ្វើដំណើរ។ ការកក់កៅអី នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមីនាតទៅ។
 
ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសខ្លួន ថៃបានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះមានដូចជាការលុបចោលទិដ្ឋាការរយៈពេលវែងដល់ជនជាតិចិន, ការរៀបចំពិធីសង្រ្កាន្តពិភពលោករយៈពេលជាច្រើនថ្ងៃ និងកម្មវិធីផ្សេងៗទៀត ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីរបស់ខ្លួន។ 
 
សូមបញ្ជាក់ថា ថៃបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣៦លាននាក់ នៅក្នុងឆ្នាំ២០២៤ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន៕ 

Tag:
 ថៃ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com