កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្ហាញក្តីរីករាយចំពោះអាជីពនៅអារ៉ាប៊ីសាអូឌីត ខណៈកិច្ចសន្យាសល់ ១ឆ្នាំ
12, Mar 2024 , 8:29 am        
រូបភាព
Cristiano Ronaldo បានក្លាយជាកីឡាករល្បីឈ្មោះខ្លាំងដំបូងគេបង្អស់ដែលផ្លាស់ទៅក្លិបក្នុងលីគអារ៉ាប៊ីសាអូឌីត កាលពីដើមឆ្នាំ ២០២៣ ហើយដល់ពេលនេះ តារាសញ្ជាតិព័រទុយហ្កាល់ បាននិយាយដោយបើកចំហពីអារម្មណ៍រីករាយ ចំពោះអាជីពរបស់គេនៅមជ្ឈិមបូព៌ា។



ខ្សែប្រយុទ្ធ វ័យ៣៩ឆ្នាំ បានចូលរួមក្លិប Al Nassr បន្ទាប់ពីរូបគេត្រូវបានក្លិបបិសាចក្រហម Manchester United ផ្តាច់កុងត្រាមុនពេលកំណត់ ព្រោះតែបញ្ហាជម្លោះ នឹងគ្រូបង្វឹកលោក Erik ten Hag ព្រមទាំងការរិះគន់ការដឹកនាំក្លិបមិនល្អ អំឡុងពាក់កណ្តាលរដូវកាល ២០២២-២៣។
 
ជាមួយក្លិប Al Nassr កីឡាករម្ចាស់ពាន​ Ballon d’Or ៥សម័យ ​មានកិច្ចសន្យាប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់ឆ្នាំ ២០២៥។ កុងត្រាមួយឆ្នាំ Ronaldo រកបានប្រាក់ជាង ២០០លានដុល្លារ ជាមួយនឹង Al Nassr។ Ronaldo បានជួបប្រទះការកើនឡើងទម្រង់លេងល្អឡើងវិញ រួមជាមួយការនឹងស៊ុតបាល់បញ្ចូលទីជាញឹកញ៉ាប់ ក្រោយពេលចេញពីក្លិបបិសាចក្រហម។
 
ចំណោម ៥០ប្រកួតគ្រប់ពានរង្វាន់ លេងនៅក្លិបក្នុង Saudi Pro League កីឡាករវ័យ ៣៩ឆ្នាំ អាចរកបានគ្រាប់បាល់ស៊ុតចូលទីចំនួន ៤២គ្រាប់ ក្នុងរដូវកាលនេះ។ ចំណែកជាមួយនឹងក្រុមព័រទុយហ្កាល់វិញ គេរកបាន ២៨គ្រាប់ ពីការបង្ហាញខ្លួន ៣១លើក។ 
 
ឆ្នាំ ២០២៥ Ronaldo នឹងអាចឈានដល់វ័យ ៤០ឆ្នាំ តែស្ថានភាពរាងកាយរបស់គេ ពិតជាមិនបង្ហាញសញ្ញាថាមានការថមថយកម្លាំងនៅឡើយ។ អតីតកីឡាករ Real Madrid នៅតែបន្តលេងឱ្យក្រុមជម្រើសជាតិក្នុងនាមជាប្រធានក្រុមថែមទៀត ហើយបច្ចុប្បន្នគេក៏ជាកីឡាករតែម្នាក់ដែលរកបានគ្រាប់បាល់ស៊ុតច្រើនជាងគេ និងបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវតិ្តសាស្ត្រក្រុមជម្រើសជាតិ។
 
​ក្នុងឆ្នាំ ២០២៥ ដដែល កុងត្រារបស់ Ronaldo នឹងត្រូវផុតកំណត់ ហើយគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនសារជាថ្មី។ ប៉ុន្តែកន្លងមកបានបង្ហាញថាម្ចាស់ Ballon d’Or ៥សម័យ ហាក់រីករាយខ្លាំងក្នុងការលេងនៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា។
 
ខ្សែប្រយុទ្ធវ័យចំណាស់អះអាងបានបន្ថែមថា គេនិងមិត្តរួមក្រុមរីករាយចំពោះពេលវេលាលេង ព្រមទាំងពានរង្វាន់កំពុងប្រជែងនាបច្ចុប្បន្ន។
 
«ខ្ញុំរីករាយក្នុងស្នាក់នៅក្នុងអារ៉ាប៊ីសាអូឌីត ពិតជារីករាយខ្លាំងណាស់។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងក្នុងការលេងឱ្យ Al Nassr ហើយសម្រាប់ខ្ញុំរដូវកាលរបស់យើងកំពុងមានភាពវិជ្ជមាន ព្រោះយើងមានឱកាសក្នុងការប្រជែងដណ្តើម រហូតដល់ពេលនេះរាល់គ្រប់ពានរង្វាន់ទាំងអស់។»។ នេះបើតាមការស្រង់សម្តីរបស់អ្នកកាសែតដ៏ល្បី Fabrizio Romano៕

Tag:
 Cristiano Ronaldo
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com